លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យអាស៊ាន ខំប្រឹងធ្វើការរួមគ្នា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាប្រឈមជាសកល។ សាររបស់ប្រធានអាស៊ានប្តូរវេនរូបនេះ ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំនៅខេត្តសៀមរាប នៅថ្ងៃទី១៤ កញ្ញា។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ យល់ថា ការចង់បានរបស់កម្ពុជានៅក្នុងវេទិកាតំបន់អាស៊ាននេះ គ្រាន់តែជាសារនយោបាយ ហើយពិបាកនឹងសម្រេចបានបើគ្មានកិច្ចសហការផ្ទៃក្នុងអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ខណៈពិភពលោក កំពុងជួបឧបសគ្គជាច្រើនក្នងការអភិវឌ្ឍនោះ លោក ជំរុញឲ្យអាស៊ាន ត្រូវតែផ្តល់សារសំខាន់បន្ថែមទៀតដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងវិនិយោគ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំ និងចង្វាក់ផ្គត់ផ្គង់ដល់តំបន់ និងសកល កសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចិរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ៖ « ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ អាស៊ានគួរផ្ដោតលើការគិតគូរយុទ្ធសាស្ត្រលើបញ្ហាថ្មីៗ រួមមាន ការវិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល ការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ការពង្រឹងភាពធន់អាស៊ានទៅលើគ្រោះមហន្តរាយ ជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលករជំនាញ ការអភិវឌ្ឍសហគ្រាសធន់តូច និងមធ្យមជាដើម » ។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យអាស៊ាន គួរពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ផងដែរ ដោយសារបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ២០៣០។ មេដឹកនាំដែលរងការរិះគន់ខ្លាំងរឿងបំផ្លិចបំផ្លាញធនធានធម្មជាតិរូបនេះ បង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ានអាចប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចិរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
ក្រោយការថ្លែងសុន្ទរកថារបស់លោក ហ៊ុន សែន នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា លោក ប៉ាន សូរស័ក្តិ ក៏បានបន្តកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីប្រទេសជាសមាជិកអាស៊ាន និងដៃគូដទៃទៀត ដូចជា ចិន (China) ឥណ្ឌា (India) រុស្ស៊ី (Russia) ជប៉ុន (Japan) កូរ៉េខាងត្បូង (S.Korea) លើកលែងតែភូមា ឬមីយ៉ាន់ម៉ា (Myanmar)។
ទាក់ទងរឿងនេះ អ្នកស្រាវជ្រាវវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ថ្លែងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ ព្រោះបញ្ហាសេដ្ឋកិច្ចនេះជាសសរស្ដម្ភមួយរបស់អាស៊ាន ហើយប្រសិនបើអាស៊ាន មិនអាចសម្រេចជោគជ័យលើការពង្រឹងសេដ្ឋកិច្ចទេ នឹងអាចបែកបាក់គ្នា។លោក យល់ថា នេះជាកិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ប៉ុន្តែនឹងមិនបានលទ្ធផលវិជ្ជមានភ្លាមៗ នោះទេ។លោក មើលឃើញថា ថ្វីដ្បិតតែកិច្ចប្រជុំនេះកម្ពុជា អាចទាញយកបានផលប្រយោជន៍សេដ្ឋកិច្ចខ្លះក៏ដោយ ក៏មិនអាចជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាបានខ្លាំងដែរ ប្រសិនបើកម្ពុជា នៅបន្តរងសម្ពាធពី ប្រទេសប្រជាធិបតេយ្យធំៗ ដោយសារបញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ «...។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ថ្លែងថា សហគមន៍សេដ្ឋកិច្ចអាស៊ាននេះ បានសមាហរណកម្មតាំងពីឆ្នាំ២០១៧ ប៉ុន្តែចរន្តការងារ មិនទាន់រលូនទាំងអស់នោះទេ ដោយសារមានការបែងចែករវាងសមាជិកអាស៊ានថ្មី និងសមាជិកអាស៊ានចាស់។ លោកថា ប្រទេសសមាជិកអាស៊ានថ្មី ផ្ដោតលើប្រទេសកម្ពុជា ឡាវ វៀតណាម និងភូមា មានកត្តាផលិតកម្មយឺតជាងប្រទេសសមាជិកអាស៊ានចាស់ ដូច្នេះសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននេះមិនទាន់រលូន ប៉ុន្តែបានជួយខ្លះដែរ ដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការពង្រីកទីផ្សារ។ លោកបន្ថែមថា ជារឿងល្អ ដែលមេដឹកនាំកម្ពុជាចង់ឲ្យអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប៉ុន្តែបញ្ហានេះ ត្រូវបានជួបឧបសគ្គដោយសារតែវិបត្តិនៅប្រទេសភូមា៖...។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញានៅលើទឹកដីអង្គនៃខេត្តសៀមរាប។ កិច្ចប្រជុំទាំងនេះ មានរបៀបវារៈសំខាន់ៗ ជាច្រើនក្នុងនោះផ្ដោតលើវឌ្ឍនភាពនៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ហាខាងក្នុង និងក្រៅអាស៊ាន ព្រមទាំងបញ្ហាជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។