មេ​ដឹក​នាំ​របប​ភ្នំពេញ​ជំរុញ​ឱ្យ​អាស៊ាន​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ស៊ី​ជម្រៅ​ជាមួយ​ប្រទេស​ចិន

0:00 / 0:00

មេដឹកនាំ​របបក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ជំរុញ​​ប្រទេស​សមាជិក​អាស៊ាន​ពង្រឹង​កិច្ច​សហការ​ឱ្យ​បាន​ស៊ីជម្រៅ​ជាមួយ​មហាយក្ស​ចិន ដើម្បី​ផល​ប្រយោជន៍​សន្តិសុខ និង​សេដ្ឋកិច្ច។ អ្នក​វិភាគ​ថា របបក្រុង​ភ្នំពេញនៅ​តែ​រក្សា​ជំហរលម្អៀង​ទៅ​រក​ចិន​ក្នុ​ងបរិបទ​នៃជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​មេ​ដឹក​នាំ​អាស៊ាន និង​ចិន​ថា កម្ពុជា​ឱ្យ​តម្លៃ​ទៅលើ​​ចក្ខុវិស័យ​ភាព​ជា​ដៃគូ​អាស៊ាន​ចិន​ឆ្នាំ២០៣០ ដែល​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​​ការ​ឱ្យ​បាន​ស៊ី​ជម្រៅលើ​វិស័យ​នយោបាយ​ និង​សន្តិសុខ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​សង្គម និង​វប្បធម៌។ លោក​គូស​បញ្ជាក់​ទៀត​ថា អាស៊ាន និង​ចិន​ គួរ​រួម​គ្នា​ប្រែ​ក្លាយ​ចង្ខុ​វិស័យ​នេះ ឱ្យ​ទៅ​ជា​ការ​អនុវត្ត​​ជាក់​ស្តែង ដើម្បី​ប្រសិទ្ធភាព​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​​មាន​អនាគត​រួម​គ្នា។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ក្នុង​ឱកាស​ដែល​​លោក​ចូល​រួម​​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន​លើក​ទី២២ នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ។ កិច្ច​ប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ភាព​ចាំបាច់​នៃ​ការ​រក្សា​បរិយាកាស​អំណោយ​ដល់​ការ​ចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង (COC)។ មេដឹកនាំ​អាស៊ាន-​ចិន បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​មិន​ធ្វើ​សកម្មភាព​យោធា និង​ភាពអត់​ធ្មត់​ក្នុង​ការ​​ធ្វើ​សកម្មភាព​ទាំង​ឡាយ ដែល​អាច​បង្កភាព​​ស្មុគស្មាញ​ និង​បង្កើន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រៅ​ពី​នេះ មេ​ដឹក​នាំ​អាស៊ាន​-ចិន បាន​ផ្តោត​ជា​សំខាន់​​ទៅ​លើ​ការ​កសាង​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​រវាង​ភាគី​ទាំង​ពីរ ដើម្បី​ចៀស​វាង​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​​តែ​ស្មុគស្មាញ​​ និង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ​​ជុំ​វិញ​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ដែល​រិះគន់​លោក ហ៊ុន សែន មិន​សំចៃ​មាត់ និង​បច្ចុប្បន្ន​រស់​នៅ​ក្រៅ​ប្រទេស​នោះ យល់​ថា របប​ភ្នំពេញ​នៅ​តែ​មាន​ជំហរ​គាំទ្រ​ចិន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ផ្ទុយ​ពី​ជំហរ​របស់​ប្រទេស​អាស៊ាន​មួយ​ចំនួន។ លោក​កត់​សម្គាល់​ទៀត​ថា លោក ហ៊ុន សែន តែង​​ឆ្លៀត​ប្រើប្រាស់​វេទិកា​ថ្នាក់​តំបន់​ និង​ពិភព​លោក ដើម្បី​ជួយ​និយាយ​លើក​ជើង​ចិន ដើម្បី​ផល​ប្រយោជន៍​​អំណាច​ផ្ទាល់​ខ្លួន៖ «លោក ហ៊ុន សែន ដឹង​ខ្លួន​ថា ប្រសិន​បើ​អាស៊ាន​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​កាន់​តែ​ល្អ​ប្រសើរ​ឡើង នោះ​ប្រយោជន៍​ធំ​នៃ​ការ​រក្សា​អំណាច​របស់​គាត់ ក៏​កាន់​តែ​មាន​សុវត្ថិភាព ពីព្រោះ​គាត់​ត្រូវ​ការ​ពឹង​ចិន​ ក៏​ប៉ុន្តែ​ចិន​កំពុង​តែ​មាន​បញ្ហា​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន«

ជំហរ​លម្អៀង​ទៅ​រក​ក្រុង​ប៉េកាំង​ពី​សំណាក់​របប​ភ្នំពេញ​ បាន​ស្តែង​ឱ្យ​​ឃើញ​​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​អាស៊ាន​លើក​ទី៤៥ នៅទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១២ កន្លង​ទៅ ដោយ​អាស៊ាន​បាន​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ ព្រោះ​​តែ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ កាល​នោះ របប​លោក ហ៊ុន សែន ក្នុងនាម​​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន បាន​ខ្ទាស់​មិន​ឱ្យ​សេចក្តី​ថ្លែង​ការណ៍​រួម​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​អាច​ចេញ​រួច​ឡើយ។

ម្យ៉ាងវិញ​ទៀត ទំនាក់​ទំនង​ទ្វេភាគី​រវាង​ភ្នំពេញ និង​ប៉េកាំង បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថែម​ទៀត នៅ​ពេល​ដែល​ចិន​បាន​ប្រកាស​គាំទ្រ​ពេញ​ទំហឹង ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​ប្រជាធិបតេយ្យ ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ និង​យោធា​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​របប​លោក ហ៊ុន សែន ដែល​កំពុង​រង​សម្ពាធ​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច។

សហរដ្ឋ​អាមេរិក​ធ្លាប់​បានក្រឿន​រំឭក​កម្ពុជាម្ត​ង​ហើយ​ម្តង​ទៀត អំពី​បញ្ហា​អធិបតេយ្យ និង​អព្យាក្រឹត្យភាព បន្ទាប់​ពី​មហា​អំណាច​មួយ​នេះ​រក​ឃើញ​តម្រុយ​ថា របបលោក ហ៊ុន សែន មាន​ផែន​​ការ​យោធា​សម្ងាត់​ជាមួយ​ចិន​ ទាក់ទង​នឹង​ការ​​សង់​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅលើ​ទឹកដី​ខ្មែរ។ ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​តែង​តែ​បដិសេធ​ចំពោះ​​តម្រុយ ដែល​ថា កម្ពុជា​គ្រោង​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា​នោះ។

អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញស្រប​គ្នា​ថា កម្ពុជា​គួរ​តែ​ព្យាយាម​ធ្វើ​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត្យ​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ក្របខណ្ឌ​អាស៊ាន និង​ក្របខ័ណ្ឌ​អន្តរជាតិ​ដទៃ​ទៀត ជាពិសេស​ដើម្បី​​កុំ​ឱ្យ​ក្លាយ​ខ្លួន​​ជា​ទីលាន​នៃ​សង្គ្រាម​ត្រជាក់​លើក​ទី២ រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។