លោក ហ៊ុន សែន បន្តយកសន្តិភាព ដើម្បីឃោសនារកសំឡេងឆ្នោតមុនរដូវកាល
2022.12.01

ស្របពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតជិនចូលមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កាន់តែមមាញឹកប្រើពាក្យសន្តិភាពជាគន្លឹះ ដើម្បីអូសទាញទឹកចិត្តការគាំទ្រពីប្រជាពលរដ្ឋដែរ។ អ្នកឃ្លាំមើលនិងមន្ត្រីសង្គមស៊ីវិល យល់ថា ការប្រើពាក្យសន្តិភាពនេះ ជាការឃោសនារកសំឡេងឆ្នោតនៅមុនរដូវកាលដោយខុសច្បាប់។
លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខកម្មករ ប្រជាពលរដ្ឋ និងមន្ត្រីរាជការជិតមួយម៉ឺននាក់ក្នុងពេលចូលរួមអបអរខូប ១១ឆ្នាំក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតអំពូលភ្លើងរបស់ជប៉ុននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែធ្នូ ថា ការដែលក្រុមហ៊ុនមួយនេះមកបើកដំណើរកម្ពុជាដែលធ្វើឱ្យកម្មកររាប់ពាន់នាក់មានការងារធ្វើអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ។ លោកហ៊ុន សែន បញ្ជាក់ថា បើគ្មានសន្តិភាពទេនោះក្រុមហ៊ុនរបស់ជប៉ុនមួយនេះនឹងមិនអាចឈរនៅកម្ពុជាបានយូរឡើយ ដូច្នេះ លោកត្រូវតែរក្សាសន្តិភាពឱ្យទាល់តែបាន ដើម្បីទាក់ទាញឱ្យក្រុមហ៊ុនថ្មីៗ មកវិនិយោគទុននៅកម្ពុជាបន្ថែមទៀត៖
«បើគ្មានសន្តិភាពទេគ្មានការអភិវឌ្ឍដាច់ខាតសន្តិភាពវាបង្កើតឱ្យមានអ្វីនៅពីខាងក្រោយវា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងនយោបាយបានសិទ្ធិនេះសិទ្ធិនោះ រហូតដល់ដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។ គេមិនអាចធ្វើនៅក្រោមគ្រាប់កាំភ្លើងនោះទេ ហើយក៏មិនអាចធ្វើនៅក្រោម ស្ថានភាពអស្ថិរភាពបានដែរ ដូច្នេះហើយបានជាខ្ញុំនិយាយដដែលៗ ថា ត្រូវតែរក្សាសន្តិភាពឱ្យបាន។ ក្នុងបទពិសោធកុំចាំបាច់បាត់អស់សន្តិភាពហើយទើបស្រែករកសន្តិភាព»។
ជារឿយៗ នៅមុនពេលបោះឆ្នោតខិតជិតចូលមកដល់ម្ដងៗ លោក ហ៊ុន សែន តែងតែឃោសនារកសំឡេងឆ្នោតនៅមុនរដូវកាលជាប្រចាំ ហើយលោកតែងសម្លុតគំរាមកំហែងប្រជាពលរដ្ឋ ដោយប្រើពាក្យថា ប្រទេសនឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។ ប៉ុន្តែការលើកឡើងរបស់លោកហ៊ុន សែន នេះ ត្រូវបានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា និងមន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា គ្រាន់តែជាសារនយោបាយ ដើម្បីឃោសនាអូសទាញទឹកចិត្តប្រជាពលរដ្ឋដើម្បីឱ្យបោះឆ្នោតជូនគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា កម្ពុជាគ្មានសន្តិភាពពេញលេញនោះទេ ពីព្រោះមានប្រជាពលរដ្ឋរាប់លាននាក់បានធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅប្រទេសដោយសារពួកគេអត់ការងារធ្វើនៅក្នុងស្រុក និងមួយចំនួនទៀត ត្រូវបង្ខំចិត្តតវ៉ាទាំងទឹកភ្នែកដោយសារអ្នកមានលុយមានអំណាចរំលោភយកដីធ្លីរបស់ពួកគេ ។បន្ថែមពីនេះអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើក្រុមកូដករណាហ្គាវើលដ៍ ដែលបានតវ៉ាដោយសន្តិវិធីទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទការងាររបស់ពួកគេ និងការចាប់សកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារដោយគ្មានកំហុសជាដើម។ លោក រ៉ុង ឈុន ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែននេះថា ជាសារនយោបាយប្រជាភិថុតិ ដើម្បីឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅមុខរដូវកាលបោះឆ្នោតដោយខុសច្បាប់តែប៉ុណ្ណោះ៖ «សុំផ្ញើសារត្រឡប់ទៅវិញជូនដល់ជនរួមជាតិ បើបោះឆ្នោតឱ្យតែយើងមើលឃើញថា បក្សណាដែលយើងគិតថា ទុកចិត្តយើងបោះឱ្យអ្នកនឹងទៅវាមិនមានសង្គ្រាមអីកើតឡើងទេ ពីព្រោះបក្សផ្សេងៗ មានអាវុធ មានកម្លាំងប្រដាប់អាវុធណា វាអត់មានទេ។ អីចឹងវាគ្មានសង្គ្រាមអ្វីកើតឡើងទេ ទោះបីគណបក្សប្រជាជនបាត់បង់អំណាចទៅនឹងយើងក៏គ្មានសង្គ្រាមអីកើតឡើងដែរបាទ»។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង អ្នករិះគន់រដ្ឋាភិបាល និងសហជីព ចំនួន ៥១នាក់ កំពុងជាប់ឃុំនៅពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន សម្ដែងមតិរិះគន់រដ្ឋាភិបាល និងការតវ៉ាទាមទារឱ្យក្រុមហ៊ុន ដោះស្រាយវិវាទការងាររបស់ពួកគេ។
តំណាងកូដករក្រុមហ៊ុន បនល្បែងកាស៊ីណូណាហ្គាវើលដ៍ លោកស្រី សុខ រតនា ថ្លែងថា សន្តិភាពសព្វថ្ងៃនេះមានតែក្រុមអ្នកមានលុយមានអំណាចនិងបក្សពួករបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ចំណែកពួកលោកស្រី ដែលជាប្រជាពលរដ្ឋក្រីក្រវិញ គ្មានសន្តិភាពឡើយ ពោលគឺរស់ដោយទឹកភ្នែក ដោយសារតែអាជ្ញាធរវាយធ្វើបាបពួកគេនៅពេលចេញតវ៉ារកដំណោះស្រាយវិវាទការងាររបស់ខ្លួន។ លោកស្រីបញ្ជាក់ថា អ្វីដែលលោកស្រីឈឺមិនអាចបំភ្លេចបាននោះ គឺកងសន្តិសុខនៅរាជធានីភ្នំពេញបានវាយទាត់ធាក់មកមើលលោកស្រីបណ្ដាលឱ្យរំលូតកូន កាលពីពេលថ្មីៗ នេះ៖ «គ្រាន់តែចេញទាមទារសិទ្ធិ ត្រូវបានគេវាយដំច្រំធាក់ ហើយខ្ញុំអត់ដឹងថា សន្តិភាពនឹងមានសម្រាប់កូដករណាហ្គាវើលដ៍កន្លែងណាទេបង ព្រោះបើសិនជានិយាយត្រង់ចំណុចនេះខ្ញុំតែងតែអួលដើមក សុំទោសដោយសារតែខ្ញុំមានអារម្មណ៍រន្ធត់ ព្រោះយើងជាកម្មករខ្មែរយើងចេញទាមទារត្រូវបានអាជ្ញាធរខ្មែរ ដែលស៊ីប្រាក់ពីរដ្ឋដែលប្រជាពលរដ្ឋបង់ពន្ធអោយនេះ ត្រូវបានគាត់វាយខ្ញុំដល់ថ្នាក់រលូតកូន ខ្ញុំមានអារម្មណ៍ថា ខ្ញុំសោកស្ដាយខ្លាំងណាស់»។
ជុំវិញរឿងប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ប្រទេសមានសន្តិភាពទៅបានលុះត្រាតែប្រជាពលរដ្ឋរស់នៅសុខទាំងផ្លូវការ និងផ្លូវចិត្ត និងមានយុត្តិធម៌សង្គម ក៏ប៉ុន្តែសព្វថ្ងៃប្រជាពលរដ្ឋមួយចំនួនរងភាពអយុត្តិធម៌ក្នុងសង្គម និងរស់នៅទាំងទឹកភ្នែក។ លោកមើលឃើញថា ការដែលលោកហ៊ុន សែន ប្រើប្រាស់ពាក្យរក្សាសន្តិភាពនៅចំពោះមុខប្រជាពលរដ្ឋម្ដងហើយម្ដងទៀតនេះ គឺជាការសារនយោបាយ ដើម្បីអូសទាញប្រជាពលរដ្ឋ ដើម្បីកេងចំណេញផ្នែកនយោបាយនៅមុខបោះឆ្នោតតែប៉ុណ្ណោះ៖ «អាហ្នឹងវាមិនសន្តិភាពក្នុងផ្លូវចិត្តរបស់គាត់ទេ ពីព្រោះថា ការរំលោភបំពារបំពាននៅតែរងភាពអយុត្តិធម៌។អីចឹងហើយបានយើងទទូចហើយទទូចទៀតថាទន្ទឹមនឹងរដ្ឋាភិបាល ដែលគេហៅថាប្រទេសកម្ពុជាយើង មិនមានចម្បាំងរាំងជន មិនមានសង្គ្រាមច្បាំងបាញ់បោះតទៅទៀតនេះគឺ ថាជាឱកាសមួយដើម្បីរដ្ឋាភិបាលធ្វើការស្ដារនូវសន្តិភាពឱ្យបានពេញលេញជូនប្រជាពលរដ្ឋ ជាពិសេសសន្តិភាពទាំងផ្លូវកាយសន្តិភាពទាំងផ្លូវចិត្ត»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា កម្ពុជាអាចនឹងមានសន្តិភាពពិតប្រាកដ ប្រសិនបើរដ្ឋាភិបាលបើកលំហឱ្យប្រទេសមានប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ ប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌៕