ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ប្រកាសកម្ចាត់គណបក្សនយោបាយ និងអង្គការចាត់តាំង ដែលលោកចោទថា មានទំនាក់ទំនងជាមួយក្រុមដែលត្រៀមបង្កើតរដ្ឋាភិបាលក្រៅប្រទេស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រានចោលការលើកឡើងរបស់លោក ហ៊ុន សែន ។
ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន ថ្លែងថា លោកមិនអាចឱ្យមានក្បាលម៉ាស៊ីននៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានឡើយ។
ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានណែនាំឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ករណីមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយនោះ។
អតីតកម្មាភិបាលខ្មែរក្រហមលោក ហ៊ុន សែន ក៏ព្រមានកម្ចាត់គណបក្ស នយោបាយនៅកម្ពុជា ប្រសិនមានការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសមែន ដើម្បី ទប់ស្កាត់ចលនានយោបាយ ដែលលោកចោទប្រកាន់ថា ជាក្រុមជ្រុលនិយម។
លោក ហ៊ុន សែន៖ «អ៊ីចឹង ក៏សូមបញ្ជាក់ទុកជាមុនថា ការផ្ដួចផ្ដើមគំនិត ដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្ដើមហើយ។ ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកក្នុងប្រទេសឱ្យបានជ្រាបថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅឯបរទេស ប្រសិនបើកើតឡើងនៅពេលខាងមុខ តាមការគ្រោងទុករបស់គេ។ យើងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស»។
អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាមនុស្សសិន្ទនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមិថុនា ថា លោកមិនដឹងថា លោក ហ៊ុន សែន និយាយសំដៅទៅអ្នកណា ឬក្រុមណានោះទេ។ លោកអះអាងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ សម្ដែងការបារម្ភថា នេះអាចជាល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ដែលបង្កើតជាលេសឡើង ដើម្បីប៉ងកម្ចាត់គណបក្សនយោបាយ ណាមួយនៅក្នុងប្រទេស ឬក៏ជាការបង្កើតព្រឹត្តិការណ៍ ដើម្បីបិទបាំងវិបត្តិធំៗ នៅកម្ពុជា ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាអយុត្តិធម៌សង្គម និងបញ្ហានយោបាយជាដើម។
ចំពោះជំហររបស់គណបក្សសង្គ្រោះជាតិវិញ លោក ម៉ែន សុថាវរិន្ទ្រ អះអាងថា នៅតែឈរលើគោលការណ៍អហិង្សា និងការផ្សះផ្សាបង្រួបបង្រួមជាតិ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត គាត់តែប្រកាសឱ្យបង្រួបបង្រួមជាតិ បង្រួបបង្រួមគ្នា យើងស្វាគមន៍បង្រួបបង្រួម សូមឱ្យគាត់ធ្វើជំហានមួយ គឺសំខាន់គឺគាត់ដោះលែងអ្នកទោសមនសិការទាំងអស់ អ្នកនយោបាយទាំងអស់ សង្គមស៊ីវិលឱ្យសង្គមស៊ីវិល ឱ្យសារព័ត៌មានឯករាជ្យ ហើយកុំធ្វើបាបប្រជាពលរដ្ឋ យើងអាចធ្វើបាន។ យើងមានតែប៉ុណ្ណឹង ខ្ញុំមានកុំឱ្យទឹកឡើងត្រីស៊ីស្រមោច ទឹកខើចស្រមោចស៊ីត្រី ហើយកុំឱ្យខ្លាចរអាគ្នាទៅវិញទៅមក។ អ៊ីចឹង ធ្វើម៉េចក៏ដោយ យើងរួបរួមគ្នាជាធ្លុងមួយ ដើម្បីបង្កើតឱ្យមានការបោះឆ្នោតដោយសេរីមួយ យុត្តិធម៌ ដែលពួកគាត់ចង់បាន ហើយនឹងអន្តរជាតិចង់បាន ហើយប្រជាពលរដ្ឋខ្មែរចង់បាន»។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន់ ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៨ ខែមិថុនា ថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការព្រួយបារម្ភជ្រុល ពីព្រោះជាក់ស្ដែង កម្ពុជាមិនមានក្រុមជ្រុលនិយមនោះទេ។
លោក វ៉ន់ ចាន់ឡូត៖ «វាមាននូវគណបក្សប្រឆាំង មាននូវអ្នកដែលរិះគន់រដ្ឋាភិបាល មានក្រុមសង្គមស៊ីវិល អាហ្នឹងមាន ដូចជាមិនចម្លែក ក្រុមទាំងអស់ហ្នឹង គឺជាអ្នកដែលជួយបំពេញបន្ថែម ឬក៏រួមចំណែកនៅក្នុងការបំពេញនូវភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ហើយវាត្រឹមត្រូវថែមទៅទៀត ដែលកម្ពុជាអនុវត្តនូវរបបនយោបាយ ប្រជាធិបតេយ្យ»។
អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សនិងសង្គមលោក ស៊ឹង សែនករុណា ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃទី២៨ ខែមិថុនា ថា លោក ហ៊ុន សែន មិនព្រមរកដំណោះស្រាយបញ្ហា ដែលកើតឡើងនៅក្នុងផ្ទៃក្នុងជាតិ តែបែរជាបង្កើតយុទ្ធសាស្ត្រនិង ព្រឹត្តិការណ៍នានា ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនសង្គម សកម្មជននយោបាយ និងសហជីពនៅក្នុងប្រទេស។ លោកបានហៅសេចក្ដីថ្លែងការណ៍របស់លោក ហ៊ុន សែន ថា ជាយុទ្ធសាស្ត្រដដែលៗ ដែលមានគោលដៅធ្វើបាបខ្មែរគ្នាឯង។
លោក ស៊ឹង សែនករុណា៖«បើសិនជាការលើកឡើង ដោយមានអង្គការចាត់តាំងផ្ដួលរំលំរដ្ឋាភិបាលណា យើងឃើញថា យើងមិនដែលឃើញមានអ្វី ដែលជាការលើកឡើងគ្មានច្បាស់លាស់អីសោះ។ ប៉ុន្តែ យើងឃើញតែរូបភាពអំពីការចោទប្រកាន់ការគំរាមកំហែង ការចាប់ខ្លួនដាក់ពន្ធនាគារ ការភ័យខ្លាចភៀសខ្លួនរត់ចោលស្រុក ចោលប្រទេសព្រាត់ប្រាសគ្រួសារ ដែលយើងតែងតែឃើញកើតមានឡើង»។
ការប្រកាសរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន តែប៉ុន្មានថ្ងៃ ក្រោយពីលោកបានផ្ញើសារសំឡេងទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រាជធានីខេត្ត ឱ្យសហការជាមួយក្រុមការងារថ្មីមួយ ជាសមាសភាពនៃក្រុមអ្នកចុះចូលគណបក្ស ប្រជាជន ដែលមានជំនាញបំផ្លាញកម្លាំងគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ដើម្បីបំផ្លាញគណបក្សប្រឆាំង កុំឱ្យមានលទ្ធភាពកសាងកម្លាំងនយោបាយ។
អ្នកឃ្លាំមើលយល់ថា អ្វីដែលលោក ហ៊ុន សែន ធ្វើនេះ គឺជាការរំលោភទៅលើគោលការណ៍ច្បាប់ គោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។