លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ឱ្យ​អស់

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ហើយ ​ក្នុង​ការ​ដាក់​ផែនការ​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ឱ្យ​អស់​ ដែល​លោក​អះអាង​ថា ដើម្បី​ការពារ​សន្តិភាព។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​​​​​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​ការ​ភ័យ​ខ្លាច​ក្រុម​បក្ស​ប្រឆាំង ដោយសារ​ពួកគេ​នៅ​តែ​មាន​កម្លាំង​រឹងមាំ​ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​​​ស្ថិរភាព​អំណាច​របស់​លោក​ ហ៊ុន សែន។

ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ លោក ហ៊ុន សែន​ ក៏​មមាញឹក​​ចុះ​ជួប​កម្មករ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​មុខ​រដូវកាល​ដដែល។ លោក ហ៊ុន សែន តែងតែ​បញ្ចេញ​សារ​នយោបាយ​ក្តៅ​ក្រហល់​ក្រហាយ និង​ប្រកាស​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ឥត​ឈប់​ឈរ ដើម្បី​ការពារ​អំណាច​តពូជ​របស់​លោក ដោយ​គ្រាន់តែ​យក​ពាក្យ​ថា ការពារ​សន្តិភាព​មក​បិទ​បាំង​ប៉ុណ្ណោះ។

លោក ហ៊ុន សែន អះអាង​ថា ក្រុម​កម្មករ​ដែល​មាន​ការងារ​ធ្វើ​រាល់​ថ្ងៃ​នេះ​ដោយសារ​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​​គណបក្ស​ប្រជាជន​ ដោយ​ពុំ​មែន​​ដូច​ក្រុម​បក្ស​ប្រឆាំង​​ដែល​កន្លង​មក​តែង​តែ​សន្យា​​ជា​មួយ​ពលរដ្ឋ​​ចោល ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​​ឡើយ។ មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ​ ក៏​បាន​ចាត់​ទុក​ក្រុម​បក្ស​ទាំង​នោះ​ថា ជា​ក្រុម​ឧទ្ទាម​ជ្រុលនិយម​ ដែល​លោក​ត្រូវ​តែ​ដាក់​ផែនការ​តាម​កម្ទេច​ពួកគេ​ឱ្យ​អស់ ដើម្បី​ការពារ​សន្តិភាព។

លោក ហ៊ុន សែន៖«អីចឹង​ទេ​យើង​កំពុង​រិះ​រក​វិធី​ដើម្បី​កម្ចាត់​ក្រុម​នេះ​ចោល​ និយាម​តាម​មួយ​បែប​កម្ចាត់​នយោបាយ​ជ្រុល​និយម​ពី​កម្ពុជា​។ ដើម្បី​ធានា​ថា កម្ពុជា​​នឹង​មាន​សន្តិភាព​ មាន​ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​តែ​មាន​ការ​កើត​ឡើង»។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជិត ២ម៉ឺន​នាក់ ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមិថុនា។

នេះ​មិនមែន​លើក​ទី១ ទេ ដែល​លោក ហ៊ុន សែន ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង។ កាល​ពី​ឆ្នាំ២០១៨ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​រូប​នេះ ក៏​បាន​ប្រកាស​ផែនការ​កម្ទេច​លោក សម រង្ស៊ី ដូច​លោក​ធ្លាប់​បាន​កម្ទេច ប៉ុល ពត ដែរ។

ទោះ​ជា​យ៉ាង​ណា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​នយោបាយ​​រិះគន់​​ថា ជា​សារ​នយោបាយ​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​​ផ្នែក​នយោបាយ​ និង​គំរាមកំហែង​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ខ្លាច​​​សារ​គំរាម​របស់​លោក ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា ​ការ​ដែល​អតីត​មេ​ដឹកនាំ​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ ​យក​វេទិកា​សាធារណៈ​​អួត​សរសើរ​ខ្លួន​ឯង​ ហើយ​គំរាម​ដល់​ក្រុម​បក្ស​ប្រឆាំង​បែប​នេះ ដោយសារ​លោក ហ៊ុន សែន ព្រួយបារម្ភ​ខ្លាច​ពួក​លោក​​ប្រមូល​ផ្ដុំ​គ្នា​អម​ដំណើរ​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះជាតិ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

លោក ម៉េង សុធារ៉ា៖ «អ្វី​ដែល​គាត់​តែង​ថា កម្ចាត់​ឱ្យ​ខ្ទេច​ឱ្យ​ខ្ទេច​ ប៉ុន្តែ​យើង​ឃើញ​​ស្ដែង​ចេញ​វា​អត់​ចេះ​ខ្ទេច​ទេ។ អ៊ីចឹង​​បាន​ន័យ​ថា ភាសា​របស់​គាត់​ដែល​ថា ខ្ទេច​ឱ្យ​អស់​វា​ស្មើ​នឹង​​​ការ​ប្រឆាំង​ទៅ​លើ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន នេះ​កាន់​តែ​ផុសផុល។ លោក ហ៊ុន សែន គាត់​ធ្វើ​នយោបាយ​អត់​មាន​គេ​ហៅ​ថា ទម្រង់​​ឬ​ក៏​ការ​ស្រាវជ្រាវ​របត់​ថ្មី​​ក្នុង​ការ​ធ្វើ​នយោបាយ​ទេ។ គឺ​គាត់​​អនុវត្ត​នយោបាយ​ចាស់​គំរឹល​ គឺ​ការ​បង្រ្កាប​ដោយ​យក​គំនិត​បែប​កុំមុយនិស ផ្ដាច់​ការ​យក​មក​ប្រើប្រាស់»។

ដោយ​ឡែក​ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ វិញ​ មាន​ប្រសាសន៍​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ពលរដ្ឋ​​​​កាន់​តែ​​ក្រីក្រ​ និង​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ដោយសារ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ លោក គឹម សុខ បន្ត​ថា ប្រការ​នេះ​ហើយ​ដែល​​​ លោក ហ៊ុន សែន ចេះ​តែ​គំរាម​ដល់​សកម្មជន​​បក្ស​ប្រឆាំង​ម្ដង​ហើយ​ម្ដងទៀត ដោយសារ​ពួកគេ​មាន​សាមគ្គីភាព​រឹងមាំ​ដែល​ជា​ឆ្អឹង​ទទឹង​ក​ដល់​​ស្ថិរភាព​អំណាច​របស់​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស និង​ធ្វើ​ឱ្យ​លំបាក​ដល់​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូន​ប្រុង​ច្បង។

លោក គឹម សុខ៖ «កាល​ណា​លោក ហ៊ុន សែន ដោះស្រាយ​បាន​តិចតួច​ពេក​ហើយ​ ធ្វើ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ដុនដាប​លេខ​៩​លេខ​១០​ក្នុង​ក្រុម​ប្រទេស​អាស៊ាន​ កម្មករ​កម្មការិនី​បាត់​ការងារ​ធ្វើ​ ជំពាក់​បំណុល​កាន់​តែ​វ័ណ្ឌក​ទាំង​រដ្ឋ​ទាំង​រាស្ត្រ។ អីចឹង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ហ៊ុន សែន ដែល​ត្រូវ​ទទួល​ស្គាល់​ថា ខ្លួន​គ្មាន​សមត្ថភាព​នោះ​ទេ។ ហើយ​ការ​គំរាម​របស់​គាត់​ទៅ​លើ​គណបក្ស​ប្រឆាំង​មក​ពី​គាត់​ទទួល​ស្គាល់​ថា គាត់​គ្មាន​សមត្ថភាព​ដឹក​នាំ​ប្រទេស។ អ៊ីចឹង​ហើយ​គំរាម​និង​បិទ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ប្រកួតប្រជែង​ បើ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ វា​នឹង​ចាញ់​គណបក្ស​ប្រឆាំង​ជាក់​ស្ដែង​តែម្ដង»។

របាយការណ៍​អង្គការ​លីកាដូ (Licadho) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០ បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ជាង ៣​លាន ៦​សែន​គ្រួសារ (៣.៦00.000) កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក​ក្នុង​ម្នាក់ៗ​មិន​តិច​ជាង​៤​ពាន់​ដុល្លារ (៤.២៨០)។ ចំណែក​​រដ្ឋាភិបាល​ឯក​បក្ស​វិញ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២២​ជំពាក់​បំណុល​បរទេស​សរុប​​ជិត ១​ម៉ឺន​លាន​ដុល្លារ (៩.៩៩០)។

របាយការណ៍​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ត្រឹម​ដំណាច់ឆ្នាំ​២០២២ មាន​ពលករ​កម្ពុជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​​ប្រទេស​ថៃ​ សរុប​ជាង ១​លាន ២​សែន​នាក់។ ក៏ប៉ុន្តែ អង្គការ​សង់ត្រាល់ (Central) ប៉ាន់ប្រមាណ​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​ពីរ​លាន​នាក់។

អ្នក​វិភាគ លោក គឹម សុខ មើល​ឃើញ​ថា ប្រការ​នេះ​ហើយ​ដែល​​ធ្វើ​ឱ្យ​លោក ហ៊ុន សែន​ ព្រួយបារម្ភ​​ខ្លាច​​ពលរដ្ឋ​​មួយ​ចំនួន​មិន​ទៅ​បោះ​ឆ្នោត នៅ​ខែ​កក្កដា​ខាង​មុខ​ ហើយ​​ងាក​ទៅ​គាំទ្រ​​គណបក្ស​ប្រឆាំង។

លោក​រិះគន់​ថា លោក ហ៊ុន សែន អាច​រក្សា​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​រយៈ​ពេល​ជិត ៤០ឆ្នាំ ដោយសារ​លោក​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ជាពិសេស របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​តែម្ដង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្នាដៃ​ដ៏​លេច​ធ្លោ​របស់​លោក ហ៊ុន សែន គឺ​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ស្រាកស្រាន្ត​ដើម្បី​ឱ្យ​លោក​នៅ​បន្ត​គ្រប់គ្រង​អំណាច​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។