អ្នកវិភាគ ពុំមានសុទិដ្ឋិនិយមថា កម្ពុជានឹងបោះបង់មាយាទជួយចិន ហើយអាចចូលរួមដោះស្រាយវិបត្តិក្នុងតំបន់បានទេ នៅពេលធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំក្រោយ។ ការលើកឡើងនេះ កើតមានឡើងស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្តេជ្ញាចិត្តលើកកម្ពស់យន្តការអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
នៅមិនដល់ ៥ ខែស្រួលបួលផង គឺនៅឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រការទូតរបស់ខ្លួន។ ក្តីកង្វល់ដែលថា កម្ពុជាអាចនឹងធ្វើតាមការបង្គាប់បញ្ជារបស់ចិន បានលេចចេញឡើងជាថ្មីម្តងទៀត ខណៈកម្ពុជាកំពុងតែមានទំនាក់ទំនងជាមួយប្រទេសនេះកាន់តែល្អូកល្អឺនជាងពេលណាៗទាំងអស់។
ទំនងជាចង់កែប្រែមុខមាត់ពីមាយាទជួយចិន និងការយកយន្តការអាស៊ានធ្វើជាចំណាប់ខ្មាំងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននេះ លោក ហ៊ុន សែន ប្រកាសប្តេជ្ញាចិត្តថា កម្ពុជានឹងឈរលើមូលដ្ឋាននៃភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលតំបន់ទាំងមូលកំពុងជួបប្រទះ។ លោកប្រកាសដូច្នេះនៅក្នុងសារលិខិតរបស់លោកមួយច្បាប់ក្នុងឱកាសអបអរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ខួបលើកទី៥៤ នៃការបង្កើតសមាគមនេះ។ លោក ហ៊ុន សែន មិនភ្លេចរំឮកឡើងវិញពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសសមាជិកអាស៊ានទាំងអស់បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ មក និងគោលការណ៍កុងសង់ស៊ីស ដែលលោកអះអាងថា នឹង «នៅតែបន្តជាគោលការណ៍មាគ៌ាជាមូលដ្ឋាន» សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាននេះទៅមុខទៀត។
គឺគោលការណ៍ទាំងពីរនេះហើយ ដែលធ្វើឱ្យអាស៊ានទាំងមូល មិនអាចដោះស្រាយវិបត្តិនានាក្នុងតំបន់បានរហូតមកទល់សព្វថ្ងៃនេះ ក្នុងនោះរាប់ចាប់តាំងពីវិបត្តិរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា វិបត្តិរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាខ្លួនឯងផង រួមទាំងវិបត្តិជម្លោះដណ្តើមអធិបតេយ្យលើប្រជុំកោះនៅតំបន់សមុទ្រចិនខាងត្បូងផង។ ទន្ទឹមគ្នានេះ គឺគោលការណ៍សម្រេចចិត្តផ្អែកលើមតិជាឯកច្ឆន្ទឬ កុងសុងស៊ីសនេះហើយ ដែលកម្ពុជាធ្លាប់យកមកប្រើធ្វើជាចំណុចខ្ទាស់យកអាស៊ានធ្វើជាចំណាប់ខ្មាំងមិនឱ្យចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសចិនបានកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៦កន្លងទៅ។ ការការពារផលប្រយោជន៍ចិននៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន បានធ្វើឱ្យស្ថាប័នអាស៊ានទាំងមូលរងនូវការបរាជ័យដ៏អាម៉ាស់មួយមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកន្លះសតវត្សរ៍របស់អាស៊ាន។ មន្ត្រីការទូតកម្ពុជាក៏រងការរិះគន់ថា បានលួចផ្តល់សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍រួមឱ្យចិនដែលជាចៅហ្វាយនាយរបស់ខ្លួនត្រួតពិនិត្យមើលជាមុនសិន មុននឹងខ្លួនដាក់ឱ្យប្រទេសសមាជិកអាស៊ានអនុម័ត។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី មិនសង្ឃឹមថា កម្ពុជានឹងបោះបង់ចោលមាយាទចាំជួយចិននេះ នៅពេលដែលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយនេះទេ។ លោកគិតថា ស្ថានភាពកម្ពុជាយកអាស៊ានធ្វើជាចំណាប់ខ្មាំងឱ្យចិននេះនឹងរឹតតែអាក្រក់ជាងលើកមុនៗទៅទៀត៖ « យើងសង្កេតឃើញថា ទៅចាប់ចិនហ្នុងដោយសារតែផលប្រយោជន៍បុគ្គល ដោយសារផលប្រយោជន៍ក្រុមបក្ខពួកខ្លួន។ ដូច្នេះ ប្រហែលជាលើកនេះ ឆ្នាំ២០២២នេះនៅពេលដែលកម្ពុជាក្លាយជាប្រធានប្តូរវេន ខ្ញុំគិតថា ស្ថានភាពកម្ពុជាជាប្រធាននេះ កាន់តែអាក្រក់ជាងមុនដោយសារតែយើងឃើញថា ជំហររដ្ឋាភិបាលឆ្នាំ២០២០ ឆ្នាំ២០២១នេះ គឺប្រកាសក្តែងៗថា បើមិនឱ្យពឹងចិន តើទៅពឹងអ្នកណា ? អ៊ីចឹង ស្ថានភាពប្រាកដជាកម្ពុជាយកឱកាសហ្នុងនៅក្នុងការបង្ហាញជំហរមួយដែលធ្វើឱ្យសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក មិនសប្បាយចិត្ត »។
បណ្ឌិត សេង សារី ក៏មិនរំពឹងដែរថា កម្ពុជាអាចចូលរួមដោះស្រាយបញ្ហាក្នុងតំបន់បានទេ ក្នុងពេលដែលបញ្ហាវិបត្តិនយោបាយក្នុងប្រទេសខ្លួនឯង កម្ពុជានៅមិនទាន់អាចដោះស្រាយបានផងនោះ៖ « វិធីសាស្ត្ររបស់រដ្ឋាភិបាលមួយនេះ ខ្ញុំគិតថានៅពេលដែលខ្លួនក្លាយទៅជាប្រធានប្តូរវេនអាស៊ាន គឺគ្មានអីក្រៅពីការដោះសារ ការបកស្រាយទេ។ ការយកលេសនេះ លេសនោះ គ្មានចេតនាដោះស្រាយបញ្ហាអីទេ ពីព្រោះយើងវាស់វែងបានហើយពីសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួនឯងនោះ ទម្រាំនៅក្នុងតំបន់អាស៊ានទៀត ..! អ៊ីចឹងការសន្យាណាមួយ វាគ្រាន់តែជាការសន្យាដែលប្រើលេសរបៀបជាអ្នកដោះសារ ជាអ្នកបកស្រាយទេ មិនមែនជាអ្នកដោះស្រាយនិយមទេ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ដោយសារលោកពុំលើកទូរស័ព្ទកាលពីល្ងាចថ្ងៃទី៨ ខែសីហា។ ទោះយ៉ាងណា លោក ហ៊ុន សែន ថ្លែងក្នុងសារលិខិតរបស់លោកទទួលស្គាល់ពីឧបសគ្គដែលអាស៊ានកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ឧបសគ្គទាំងនោះមានដូចជា វិបត្តិផ្ទុះជំងឺរាតត្បាតកូវីដ១៩ កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ក្រៅពីនេះ តំបន់អាស៊ាន ក៏ប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ លោក ហ៊ុន សែន ថា ដើម្បីជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយអវិជ្ជមាន កម្ពុជាប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាពក្នុងតំបន់។
អាស៊ាន ត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅក្រុងបាងកក(Bangkok)ប្រទេសថៃ(Thailand) ដោយមានប្រទេស ៥ ជាសមាជិកក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី(Indonesia) ម៉ាឡេស៊ី(Malaysia) ហ្វីលីពីន(Philippines) សិង្ហបុរី(Singapore) និងថៃក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឥទ្ធិពលនៃលទ្ធិកុម្មុយនិស្តមិនឱ្យរាលដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្នុងសម័យសង្គ្រាមត្រជាក់។ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយក្រោយមកមានឱកាសដឹកនាំធ្វើជាប្រធានប្តូរវេនអាស៊ានដំបូងនៅឆ្នាំ២០០២ លើកទីពីរនៅឆ្នាំ២០១២ និងលើកទីបីនៅឆ្នាំ២០២២ខាងមុខនេះ។
ចំទិវាអាស៊ាននេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សហរដ្ឋអាមេរិក គឺជាដៃគូសកម្ម និងគួរឱ្យទុកចិត្តនៅក្នុងការដោះស្រាយបញ្ហាបន្ទាន់ៗបំផុតនៅក្នុងតំបន់។ ស្ថានទូតថា សហរដ្ឋអាមេរិក រីករាយនឹងធ្វើការសហការថែមទៀតរវាងតំបន់នេះ នៅមុនការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជា នាពេលខាងមុខនេះ។ ជារឿយៗ ទន្ទឹមនឹងមានកង្វល់ពីរឿងវត្តមានកងទ័ពចិននៅកម្ពុជា សហរដ្ឋអាមេរិក តែងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាឱ្យបាននូវការរក្សាតុល្យភាពនៃនយោបាយការបរទេសរបស់ខ្លួន ដោយងាកមកគោរពសិទ្ធិមនុស្ស និងស្តាប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។