មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលរិះគន់ថា របបក្រុងភ្នំពេញអនុវត្តកែប្រែរដ្ឋធម្មនុញ្ញ ២ ភាគ ៣ មក ៥១ បូក ១ ខុសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ មន្ត្រីសង្គមស៊ីវិលនិងសកម្មជនបក្សប្រឆាំង បានប្រតិកម្មនឹងការលើកឡើងនេះថា ជាការគំរាមកំហែងប៉ះពាល់ដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចាត់ទុកក្រុមអ្នកដែលរិះគន់ថា ការកែប្រែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ ទៅជា ៥១ បូក ១ ខុសពីកិច្ចព្រមព្រៀង២៣ តុលា ឆ្នាំ១៩៩១ ជាការមើលងាយធ្ងន់ធ្ងរដល់របបដឹកនាំរបស់លោក។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះអះអាងថា លោកនឹងចាត់វិធានការច្បាប់លើអ្នកទាំងនោះឱ្យខាងតែបាន បើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ មេដឹកនាំរបបឯកបក្សរូបនេះបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសរលត់ផុតអស់ហើយ គឺមិនអាចយកមកអនុវត្តឡើងវិញបាននោះទេ៖ «អីក៏វាល្ងង់ហួស ជាការប្រមាថ អានេះមិនមែនល្ងង់ទេជាការប្រមាថ។ សុំជូនសារទៅថ្ងៃនេះ ហើយសុំអ្នកឯងកុំតាំងខ្លួនជាក្ដារអុក ជាត្រីបកលើក្ដារអុករបស់អាស៊ាន។ មានអ្នកដែលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រត្រីបកលើក្ដារអុកអាស៊ាន។ ខ្ញុំសូមបញ្ជាក់ ទោះបីខ្ញុំចំណាយសេះមួយនិងទូកមួយ ក៏ខ្ញុំស៊ីត្រីបកហ្នឹងចោលដែរ។ អាឯងសាកមើលបើមិនត្រពាំងផ្លុង កំពុងតែប្រជុំអាស៊ានក៏ដោយ ព្រោះអត់មានទាក់ទងអីគ្នាទេ កិច្ចការរបស់កម្ពុជា គឺកម្ពុជាធ្វើអត់មានអាស៊ានមកលូកលាន់កិច្ចការកម្ពុជាទេ អាហ្នឹងនិយាយគ្នាឱ្យច្បាស់»។
លោកហ៊ុន សែន ព្រមានបែបនេះនៅក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។ ប៉ុន្តែការលើកឡើងរបស់មេដឹកនាំរបបឯកបក្សនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលនិងសកម្មជនបក្សប្រឆាំងរិះគន់ថា ជាការដើរចាកកាន់តែឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ផុង សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា ការណ៍ដែលលោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នកហ៊ានរិះគន់របបលោកនៅពេលនេះ ពីព្រោះលោកចង់បំបាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចោល ដោយសារខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ ប្រសិនបើមានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែង។ លោកបញ្ជាក់ថា លោកហ៊ុន សែន ដឹងច្បាស់ថា បើអនុវត្តតាមកិច្ចព្រមព្រៀងនេះ ប្រទេសនឹងមានប្រជាធិបតេយ្យពេញលេញ ហើយមានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ ដែលនឹងធ្វើឱ្យលោកអស់អំណាចដោយសារចាញ់ការបោះឆ្នោតជាមួយគណបក្សប្រឆាំង៖ «ដូច្នេះខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺបានចងបញ្ជាក់យ៉ាងច្បាស់ណាស់អំពីតួនាទីកម្ពុជា គឺថាគោរពលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ កន្លែងហ្នឹងហើយដែលធ្វើឱ្យលោកហ៊ុន សែន ហ្នឹងគាត់ហ្នឹងអស់អំណាចបើសិនជាមិនមានដូចអ្វីដែលកិច្ចព្រមព្រៀងហ្នឹង។ ដូច្នេះខ្ញុំសុំផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋ សូមឱ្យរួមគ្នាជាកម្លាំង ដើម្បីបញ្ចប់របបផ្ដាច់ការរបស់លោកហ៊ុន សែន នេះឱ្យបានទាន់ពេលវេលា យើងមិនឱ្យរបបនេះបន្តពូជដល់កូនជំនាន់ក្រោយបានទេ។ ពីព្រោះអ្វីដែលលោកហ៊ុន សែន ដឹកនាំបច្ចុប្បន្ន គឺថាបំផ្លិចបំផ្លាញគ្រប់យ៉ាងទាំងអស់»។
ដោយឡែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា នៅតែមានសារៈសំខាន់ដល់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលរដ្ឋាភិបាលមិនគួរបំភ្លេចស្មារតីនៃកិច្ចព្រមព្រៀងនេះចោលឡើយ។ លោកបន្តថា ការណ៍ដែលប្រជាពលរដ្ឋរិះគន់ ការកែប្រែរដ្ឋធម្មនុញ្ញនិងភាពអសកម្មរបស់រដ្ឋាភិបាល ពុំមែនជាអំពើខុសច្បាប់នោះទេ ពីព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះចាត់ទុក ការព្រមានរបស់លោកហ៊ុន សែនថា ជាការបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជាការដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «ប្រសាសន៍របស់ថ្នាក់ដឹកនាំឬក៏នាយករដ្ឋមន្ត្រីជាទូទៅយើងដឹកហើយថា បើកាលណាលោកលើកឡើងវាតែងតែធ្វើឱ្យមហាជនឬក៏អ្នកផ្សេងទៀត ពិសេសអ្នកដែលនិយាយក្នុងការបញ្ចេញមតិមានកង្វល់ មានការព្រួយបារម្ភ។ អីចឹងខ្ញុំគិតថា ជាធម្មតាទេនៅពេលដែលមានការលើកឡើងពីនាយករដ្ឋមន្ត្រីក្នុងមួយដែលធ្វើឱ្យមានការព្រួយបារម្ភ អាហ្នឹងវាតែងធ្វើឱ្យអ្នកបញ្ចេញមតិមានការខ្លាចរអាដែរ»។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មាត្រា ១៥ ចំណុច «ក» ចែងថា កម្ពុជាត្រូវធានាការគោរសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ រួមទាំងគាំទ្រ «ពលរដ្ឋកម្ពុជា ធ្វើសកម្មភាពការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន» ដើម្បីធានាថា នយោបាយ និងអំពើប្រព្រឹត្តក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញជាដាច់ខាត។ រីឯឯកសារទី២ ស្តីទីបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ត្រង់មាត្រា ១ ចំណុច «ឃ» ចែងថា សន្ធិសញ្ញាទាំងឡាយ ប៉ះពាល់បូរណភាពទឹកដីកម្ពុជា ត្រូវលុបចោល ឬអស់សុពលភាពនាពេលនោះ។
ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រុមសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រទេសហត្ថលេខីមួយចំនួន បានធ្វើសកម្មភាពផ្សេងៗគ្នាដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យរបបលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ជាពិសេសប្រទេសហត្ថលេខីមួយចំនួន ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី និងជប៉ុន ជាដើម បានលើកឡើងជាចំហថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឱ្យបានពេញលេញនៅឡើយទេ ហើយចំណុចខ្វះខាតទាំងនោះគួរតែត្រូវបានពិនិត្យពិចារណាឡើងវិញ។
ក្រុមប្រទេសប្រជាធិបតេយ្យទាំងនោះ បញ្ជាក់ច្បាស់ៗទៀតថា ពួកគេនៅឈរជាមួយពលរដ្ឋខ្មែរដែលចង់បានការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។