លោក ហ៊ុន សែន នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ដោយ​មិន​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​នៅ​វូហាន

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​កូរ៉េ​ខាង​ត្បូង ដោយ​លោក​នឹង​មិន​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ ដែល​កំពុង​ជាប់​ផុង​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន​នោះ​ទេ។ លោក​អះអាង​ថា ខាង​ភាគី​ចិន​មិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​តំបន់ ដែល​និស្សិត​ខ្មែរ​កំពុង​ស្នាក់​នៅ​នោះ ដោយ​សារ​តំបន់​នោះ កំពុង​រីក​រាលដាល​មេរោគ​កូរ៉ូណា។

លោក ហ៊ុន សែន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក កាល​ពី​រាត្រី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​ថា ការ​មិន​អាច​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​នៅ​ចិន​បាន​នេះ គឺ​ដោយ​សារ​ភាគី​ចិន មិន​អាច​រៀបចំ​ដំណើរ​ទៅ​កាន់​ទីក្រុង វូហាន (Wuhan) បាន។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ក្នុង​ពិធី​ជួប​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​អះអាង ដោយ​ន័យ​ឌឺដង​ឡក​សម្ដី​ដល់​អ្នក​រិះគន់​លោក ជុំវិញ​ការ​មិន​ព្រម​ជម្លៀស​និស្សិត​ខ្មែរ ២៣នាក់ ដែល​កំពុង​ជាប់​គាំង​នៅ​ក្រុង​វូហាន​នោះ​ថា លោក​សឿង​ហ៊ាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទាំង​នោះ ដោយ​ផ្ទាល់ មិន​ចាំបាច់​ឲ្យ​អ្នក​ទាំង​នោះ​មក​ខ្មែរ​វិញ​ទេ៖ «ឥឡូវ​ឆ្លើយ​ត្រឡប់​ទៅ​វិញ អញ​នឹង​ទៅ ! ឲ្យ​ខាង​រដ្ឋាភិបាល​ចិន​ផ្តល់​ឱកាស។ ត្រឡប់​ពី​ហ្នឹង​ទៅ​វិញ មិន​ទាន់​ទៅ​ប្រទេស​ក៏​បាន​ដែរ ចុះ​ទៅ​វូហាន​តែ​ម្ដង។ មើល៍ ! សាក​ល្បង​ទាក់ទង​ល​មើល ! ព្រោះ​ទៅ​ពី​នេះ​ទៅ គង់​តែ​ហោះ​កាត់​ប្រទេស​ចិន​ដដែល

សារ​របស់​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​ដែល​ប្រទេស​ចិន កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​ខ្លួន​មិន​ឈ្នះ រហូត​ដល់​បិទ​ទីក្រុង​វូហាន​ទាំង​ស្រុង ដោយ​លែង​ឲ្យ​មនុស្សម្នា​ធ្វើដំណើរ ហើយ​ពិភព​លោក​ជ្រួល​ច្របល់​រក​វិធី​ដោះ​ស្រាយ រឿង​មេរោគ​កូរ៉ណា ដ៏​កាច​សាហាវ និង​កំពុង​រីក​រាលដាល​ពេញបន្ទុក​នេះ រង​ការ​រិះគន់​ថា ជា​សារ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន សែន ដឹង​ច្បាស់​ហើយ​ថា លោក​មិន​អាច​ទៅ​ទីនោះ​បាន​ទេ ក្នុង​ស្ថានភាព​បែប​នេះ ហើយ​បើ​លោក​ពិត​ជា​មាន​បំណង​ស្មោះ​ស ចង់​ទៅ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​វូហាន​នោះ​ពិតប្រាកដ​មែន ម្ល៉េះ​សម​របប​ក្រុង​ភ្នំពេញ រៀបចំ​សរសេរ​សំណើ​ជា​ផ្លូវការ ដាក់​ស្នើ​ទៅ​ភាគី​ចិន យ៉ាង​ហោច​ណាស់​រាប់​សប្ដាហ៍ មុន​ថ្ងៃ​ដែល​ចង់​ទៅ​នោះ មិន​មែន​នឹក​ឃើញ​ចង់​ទៅ​ភ្លាមៗ ស្រេច​តែ​នឹង​ចិត្ត​ទេ។

អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​ចិន ទាំង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​ការ​បរទេស​ចិន​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​មិន​ទាន់​បាន​ការ​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ដែរ ដោយ​ទូរស័ព្ទ​ទូត​ចិន ដែល​ថា បើក ២៤ ម៉ោង​នោះ ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ ចំណែក​អ្នក​លើក​ទូរស័ព្ទ នៅ​ឯ​ក្រសួង​ការ​បរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង លើក​ទូរស័ព្ទ​ដែរ តែ​ផ្តាច់​ទៅ​វិញ​ភ្លាមៗ ពេល​ប្រាប់​ថា អ្នក​សារ​ព័ត៌មាន​ហៅ​ទៅ។

របប​ក្រុង​ភ្នំពេញ រង​ការ​រិះគន់​ជុំ​ទិស ជុំវិញ​សារ​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​ដាច់​ខាត​មិន​ជម្លៀស​និស្សិត​ខ្មែរ​ពី​ទីក្រុង​វូហាន ដែល​កំពុង​រាតត្បាត​ដោយ​មេរោគ​កូរ៉ូណា​ទេ ដោយ​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ជន​ជាតិ​ចិន ដែល​កំពុង​ស្ថិត​ក្នុង​គ្រា​អាសន្ន​ទាំង​នោះ។

លោក ហ៊ុន សែន ថែម​ទាំង​គំរាម​និស្សិត​ទាំង​នោះ​ទៀត​ថា ការ​ដង្ហោយ​រក​ការ​ជម្លៀស​ចេញ​ពី​ទី​នោះ គឺ​នឹង​បាត់​បង់​អាហារូបករណ៍៖ «អត់​មាន​តម្រូវ​ការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ មក​កាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទី​នោះ ដែល​ជា​ការ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ ក្នុង​ការ​ដោះ​ស្រាយ​​​​បញ្ហា​នេះ​។ បើ​ជម្លៀស​និស្សិត មិន​ចាំបាច់​សុំ​អាហារូបករណ៍​ចិន​ទៅ​ទៀត​ទេ ច្បាស់​ជា​ចិន​នឹង​មិន​ឲ្យ​ទេ។ បើ​ស្រួល​អ្នក​ឯង​មក​រក​ខ្ញុំ ពេល​លំបាក​​​អ្នក​ឯង​រត់​ចោល​ខ្ញុំ»។

ជំហរ​នេះ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ ដែល​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន រិះគន់​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយ​ផ្ដេកផ្ដួល​ខ្លាំង​ពេក ទៅ​លើ​ប្រទេស​ចិន​កុម្មុយនិស្ត ទើប​សុខ​ចិត្ត​ផ្គាប់ផ្គុន​ចិន ជា​ជាង​គិតគូរ​សុខ​ទុក្ខ​ពលរដ្ឋ​ខ្លួន​ឯង។

រហូត​មក​ដល់​ម៉ោង ១១ យប់ ថ្ងៃ​ទី៤ ខែ​កុម្ភៈ​ អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើន​ដល់ ៤២៦នាក់ និង​ឆ្លង​រោគ​ជាង ២ម៉ឺន​នាក់ (២០,៦២២)។ ការ​រាតត្បាត​នេះ បាន​ឆ្លង​ដល់​ប្រទេស​ជិត ៣០ ហើយ។

រដ្ឋាភិបាល​ជា​ច្រើន នៅ​លើ​ពិភព​លោក រួម​ទាំង​អ្នក​ជិត​ខាង​កម្ពុជា ដូច​ជា ថៃ ភូមា និង​ឥណ្ឌូនេស៊ី​ផង បាន​ចាត់​វិធានការ​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​បញ្ជូន​ជើង​យន្តហោះ ទៅ​ដឹក​ប្រជា​ពលរដ្ឋ​ខ្លួន​ដែល​នៅ​ជាប់​គាំង​នៅ​ទីក្រុង​វូហាន (Wuhan) ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​អស់​ហើយ។ ប្រទេស​ជា​ច្រើន​ទៀត បាន​ផ្អាក​ជើង​យន្តហោះ​ពី​ចិន និង​បិទ​ព្រំដែន​មួយ​រយៈ ដើម្បី​បង្ការ​ការ​ឆ្លង​នេះ។ សូម្បី​តែ​រដ្ឋបាល​ក្រុង​ហុងកុង ក៏​បិទ​ព្រំដែន​ហុងកុង និង​ចិន​ដែរ ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ។

អាស៊ី​សេរី ក៏​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ដែរ ប៉ុន្តែ ទូរស័ព្ទ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ផៃ ស៊ីផាន បាន​សរសេរ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ ពោល​គឺ ប៉ុន្មាន​ម៉ោង​ក្រោយ​សារ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន អំពី​ការ​មិន​អាច​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ចិន​បាន​នេះ ដោយ​លោក ផៃ ស៊ីផាន សរសេរ​អួត​សរសើរ​ថា សារ​របស់​លោក ហ៊ុន សែន ដែល​ថា ចង់​ទៅ​វូហាន​នោះ គឺ​ជា​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ។ លោក ផៃ ស៊ីផាន ថា ការ​តាំង​ចិត្ត​នេះ គឺ​ជា​ការ​បង្ហាញ​វីរភាព​យ៉ាង​ក្លៀវក្លា​របស់​លោក ហ៊ុន សែន ដែល​លោក ផៃ ស៊ីផាន លើក​ជ្រោង​ថា ជា​វីរបុរស​ពិត។

សារ​នេះ ក៏​រង​ការ​រិះគន់​ដែរ ព្រោះ​គ្រាន់តែ​ជា​ការ​តាំង​ចិត្ត ជា​សារ​នយោបាយ ដែល​មិន​មែន​ទៅ​សួរ​សុខ​ទុក្ខ​មែនទែន​នោះ​ទេ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ សរសេរ​សារ​បែប​ចំអក ដោយ​ដក​ស្រង់​ខ្លឹមសារ​ចម្រៀង​លោក ស៊ីន ស៊ីសាមុត ត្រង់​ឃ្លា​ថា ក្រពើ​ក្នុង​ទឹក​បង​មិន​សូវ​ហ៊ាន​ចាប់ បើ​ក្រពើ​ងាប់​ស្រាប់ បង​ហ៊ាន​ចាប់​ឲ្យ​ស្រី​មើល

សារ​នេះ​ទំនង​ជា​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​នោះ យល់​ថា​រឿង​នេះ​ច្បាស់​ណាស់ គឺ​ពិត​ជា​មិន​អាច​កើត​ទៅ​រួច​ទេ ដោយ​លោក ហ៊ុន សែន និយាយ​ឲ្យ​ពីរោះ​ស្ដាប់​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។