ភ្លាមៗក្រោយពីឡើងតំណែងជាប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បង្ហាញចេតនាចង់ជួបប្អូនធម៌របស់លោកដែលជំនាញខាងធ្វើរដ្ឋប្រហារដណ្តើមអំណាចដូចលោកដែរ។ នោះគឺមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) គឺលោក មីង អ៊ុងឡាំង (Min Aung Hlaing)។ លោក ហ៊ុន សែន បានបង្ហាញចេតនាយ៉ាងដូច្នេះ ក្នុងពេលលោកទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃរបបដឹកនាំរដ្ឋប្រហារយោធាភូមា គឺលោក ខ្យហ៍ ស៊ូមីន (Kyaw Soe Min) កាលពីថ្ងៃទី០៨ ខែមេសា នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនោះ លោក ហ៊ុន សែន បានសំណូមពរចង់ជួបលោក មីង អ៊ុងឡាំង តាមរយៈវីដេអូ Conference ដែលលោកអះអាងថាដើម្បីសួរសុខទុក្ខ និងពិគ្រោះយោបល់ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
កន្លងទៅ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ លោក ហ៊ុន សែន បានធ្វើឱ្យកម្ពុជារងនូវការរិះគន់ និងថ្កោលទោសស្ទើរជុំទិសពីអន្តរជាតិជុំវិញការបង្ហាញជំហរអាស៊ានបែបទន់ភ្លន់ និងចង់ផ្តល់ភាពស្របច្បាប់ឱ្យរបបដឹកនាំយោធាភូមា។ លើសពីនេះទៀត លោក ហ៊ុន សែន តែងចែករំលែកបទពិសោធន៍នៃការដឹកនាំបែបផ្ដាច់ការ និងការបង្ក្រាបលើប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាដល់ក្រុមមេដឹកនាំភូមា។ លោក ហ៊ុន សែន អួតថា កម្ពុជាធ្លាប់មានវិបត្តិស្ទើរធ្ងន់ធ្ងរជាងភូមាទៅទៀត តែដោយសារនយោបាយឈ្នះៗរបស់លោក លោកបានបង្រួបបង្រួមជាតិ និងនាំឱ្យមានសុខសន្តិភាព។ ផ្ទុយពីការអះអាងនេះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា រិះគន់ថា លោក ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិនយោបាយក្នុងស្រុកខ្លួនឯងផង ដូច្នេះលោកគ្មានសមត្ថភាពទៅដោះស្រាយវិបត្តិនយោបាយនៅប្រទេសដទៃនោះទេ។
លោក ហ៊ុន សែន ប្រើឱកាសជាប្រមុខរដ្ឋស្តីទីស្នើជួបមេដឹកនាំរដ្ឋប្រហារយោធានៅភូមានាពេលនេះ ទំនងជាលោកចង់ទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិក្នុងពេលលោកឡើងតំណែងធ្វើជាប្រធានព្រឹទ្ធសភាក្តៅៗ។
បច្ចុប្បន្ន ប្រទេសភូមាកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល ក្រោយលោក មីង អ៊ុងឡាំង ដឹកនាំធ្វើរដ្ឋប្រហារដណ្តើមអំណាចខុសច្បាប់កាលពីដើមឆ្នាំ២០២១ បន្ទាប់ពីចាញ់ឆ្នោត។ យ៉ាងហោចណាស់មានមនុស្សប្រមាណ ៥ម៉ឺននាក់បានស្លាប់ ក្នុងនោះ៨ពាន់នាក់ជាជនស៊ីវិល ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធានេះមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។