អ្នកវិភាគនយោបាយ ចាត់ទុកការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបិទផ្លូវចរចាជាមួយគណបក្សប្រឆាំង គឺជាការខាតបង់ផលប្រយោជន៍ជាតិ និងពលរដ្ឋទាំងមូល។ អតីតមេបក្សប្រឆាំង ធ្លាប់ព្រមានថា បើលោក ហ៊ុន សែន មិនព្រមចរចាស្ដារលទ្ធិប្រជាធិបតេយ្យ អាចនឹងត្រូវទម្លាក់ពីតំណែង។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ ហៅការសម្រេចចិត្តបិទផ្លូវចរចាជាការសម្រេចចិត្តខុសរបស់ លោក ហ៊ុន សែន។ លោក វិភាគថា មន្ត្រីក្នុងជួរគណបក្សកាន់អំណាច និងមន្ត្រីបក្សប្រឆាំង សុទ្ធតែខកចិត្តចំពោះការបិទផ្លូវចរចារបែបនេះ ព្រោះវាធ្វើឲ្យខាតបង់ប្រយោជន៍ពលរដ្ឋទាំងមូល៖ «ជាសរុបខ្ញុំយល់ឃើញថា ការបិទផ្លូវចរចានេះ ជាការសម្រេចចិត្តមួយដែលខុសឆ្គងហើយ ប្រសិនបើគ្មានការកែប្រែក្នុងកម្រិតណាមួយ ដែលអាចទទួលយកបានទេ នឹងធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែធ្លាក់ដុនដាបទៅៗ ជាពិសេស នៅមុនថ្ងៃបោះឆ្នោត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញដែលបានក្រាញអំណាចជាង ៣០ឆ្នាំមកនេះ បានប្រកាសជំហរជាថ្មី នៅព្រឹកថ្ងៃទី ២១ មីនា ថាមិនចរចា និងមិនត្រូវការលើកលែងឲ្យអ្នកនយោបាយបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារដាច់ខាត។ លោក ហ៊ុន សែន ប្រាប់មូលហេតុថា ការប្រកាសជំហរបិទច្រកចរចារ ដោយសារលោកខឹងសម្បារ នឹងអ្នកដុតទីមោងរូបលោក នៅប្រទេសអូស្ត្រាលី។ ដំបូង លោក ហ៊ុន សែន ព្រមានតាមវាយអ្នកដុតទីមោងរូបលោក ដល់ផ្ទះ ប៉ុន្ដែក្រោយពេលពលរដ្ឋនាំគ្នាដុតទីមោង មេដឹកនាំរបបក្រុងភ្នំពេញ ហៅសកម្មភាពនោះ ថាជាការយកដែកគោលវាយលើក្ដារមឈ្ឈូសរបស់គណបក្សប្រឆាំងនៅកម្ពុជា៖ «ហ៊ុន សែន អត់ត្រូវការចរចាជាមួយនរណាទេ។ ចរចាជាមួយអាអ្នកជាប់គុក មិនចរចាទេជាមួយអាក្រុមជាប់គុក ដែលត្រូវគេរំលាយហើយ គឺគ្មានការចរចា អ្នកណាចង់ធ្វើអីធ្វើទៅ។ ដឹងថា គន្លឹះនៅលើដៃ ហ៊ុន សែន ហើយទៅដុតរូប ហ៊ុន សែន វាមិនចប់។ មិនមែន ហ៊ុន សែន ដាក់អន្ទាក់ទេ ក៏ប៉ុន្ដែអ្នកឯងទៅផុតគំនូសក្រហមទៅហើយ។ អ៊ីចឹងបានសេចក្តីថា អ្នកឯងស្ទើរភ្លើងណាស់ ខាងនយោបាយ។ អ្នកឯងគួរមានការអត់ធ្មត់ ហើយអ្នកឯងសុំទទូចចរចាល្អជាង។ ប៉ុន្ដែដល់អ្នកឯងវាយតាមរបៀបដុតរូប ហ៊ុន សែន អ៊ីចឹង ហ៊ុន សែន ថែមទៀតថា ដួងកែវ ហ៊ុន សែន នៅហ្នឹងរូបនាគ អ៊ីចឹងទាល់តែវាយរូបនាគនៅវិហារលោកទាំងអស់ អាហ្នឹងបានសម្លាប់ ហ៊ុន សែន បាន។ ទៅវាយមើល បើមិនលោកដាក់រំបល់យ៎»។
ពលរដ្ឋនៅប្រទេសអូស្រ្តាល និងអាមេរិក បាននាំគ្នាដុតរូបទីងមោងលោក ហ៊ុន សែន ដើម្បីទាមទារឲ្យលោកគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយ។
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ធ្លាប់ប្រកាសទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង ទើបយកព្រមរកដំណោះស្រាយនយោបាយ។ លោក សម រង្ស៊ី ប្រកាសទុកផ្លូវពីរ ឲ្យលោក ហ៊ុន សែន គឺចុះចេញពីតំណែង ដោយសារស្ម័គ្រចិត្ត ឬដោយសារចាប់បង្ខំ៖ «ជៀសមិនផុតទេ ទាន់ឥឡូវស្ថានការណ៍អាចអំណោយផល ឲ្យមានការចរចាឲ្យ ហ៊ុន សែន ចុះចេញពីតំណែង ដោយស្ម័គ្រចិត្ត។ តែបើគាត់មិនព្រម គាត់នៅតែអូសបន្លាយ ស្ថានការណ៍នឹងប្រែប្រួល ហើយនឹងបង្ខំឲ្យគាត់ចុះចេញពីតំណែង ទោះជាគាត់មិនចង់ គាត់ចង់ក្រាញទៀត តែមិនអាចធ្វើទៅបានទេ»។
នេះមិនមែនជាលើកទី១ ទេ ដែលលោក ហ៊ុន សែន ប្រកាសប្ដេជ្ញាបិទផ្លូវចរចាជាមួយគណបក្សប្រឆាំង។ អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ជឿជាក់ថា នៅមុនការបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើទណ្ឌកម្ម ឬស្ថានការណ៍ណាមួយតម្រូវ មេដឹកនាំរបបក្រុងភ្នំពេញ នឹងប្រកាសបើកផ្លូវចរចារជាមិនខាន ព្រោះលោកធ្លាប់ឮលោក ហ៊ុន សែន គំរាមបែបនេះច្រើនដងហើយ ខណៈដែលលោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសថា នយោបាយបត់បែនលឿនណាស់។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសប្ដេជ្ញាការពារព្រៃឈើមិនបានកាត់កខ្លួនឯងចោលដែរ តែធ្វើមិនកើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។