អ្នកវិភាគថា លោក ហ៊ុន សែន ល្មមឈប់រំលោភតួនាទីនាយករដ្ឋមន្ត្រី ដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិ និងបញ្ឈប់ការជ្រៀតជ្រែកស្ថាប័នតុលាការ ជុំវិញការថ្លែងសារជាសាធារណៈ អំពីរឿងដែលកំពុងស្ថិតក្នុងដៃតុលាការ។ ការលើកឡើងនេះ ដោយសារតែលោក ហ៊ុន សែន បានយករឿងឯកជនភាពបុគ្គល ដែលតុលាការកាត់ក្តីជាអសាធារណៈនោះ ទៅនិយាយជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិពលរដ្ឋគ្រប់រូប។
រដ្ឋធម្មនុញ្ញមាត្រា ៥១ ចែងថា អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ទោះជារដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ចែងច្បាស់យ៉ាងនេះក្តី អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ថា ការអនុវត្តជាក់ស្ដែង គឺតែងតែផ្ទុយពីខ្លឹមសារនេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថាការរំលោភលើការបែងចែងអំណាចរវាងអង្គទាំងបី គឺអង្គនីតិប្រតិបត្តិ ដែលតំណាងឱ្យខាងរដ្ឋាភិបាល អង្គនីតិបញ្ញត្តិដែលតំណាងឱ្យរដ្ឋសភា និងតុលាការនេះ តែងកើតមានជាប្រចាំ នៅក្នុងរបៀបគ្រប់គ្រងប្រទេសកម្ពុជាសព្វថ្ងៃ។ ករណីរំលោភគោលការណ៍ នៃរដ្ឋធម្មនុញ្ញនេះ បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែធ្វើឡើង តាមរយៈការថ្លែងសារជាសាធារណៈ ដែលយោងទៅលើរឿងក្តីតុលាការ ដែលរឿងទាំងនេះ ត្រូវតែជាសមត្ថកិច្ចតុលាការ ព្រោះតុលាការត្រូវតែជាស្ថាប័នឯករាជ្យ៖ «ករណីហ្នឹងទៅដល់តុលាការ ទុកឱ្យតុលាការជំនុំជម្រះក្តីទៅ។ អ្នកក្រៅឯទៀតៗ កុំលូកដៃចូល ព្រោះបើលូកដៃចូល គឺវាពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ។ រួចយើងហ្នឹងចេះតែធ្វើអ៊ីចឹង ! ជាហូរហែមកហ្នឹង ! រំលោភទៅលើការបែងចែកអំណាចផង ទៅលើឯករាជ្យរបស់អំណាចតុលាការផង»។
ប្រតិកម្មរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងក្រោយលោក ហ៊ុន សែន បានថ្លែងសារជាញឹកញាប់ ជុំវិញករណីសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងថ្មីៗ ចុងក្រោយនេះ គឺករណីអតីតអ្នកយកព័ត៌មានអាស៊ីសេរីមួយរូប។
នៅចំពោះមុខនិស្សិតដែលរង់ចាំទទួលសញ្ញាប័ត្រ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ លោក ហ៊ុន សែន បើកការវាយប្រហារទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរី ដោយសម្អាងលើខ្សែវីដេអូមួយ។ ខ្សែវីដេអូនោះ មិនដែលត្រូវបានតុលាការអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈទេ ហើយត្រូវរក្សាជាឯកសារសម្ងាត់ ក្នុងដៃសមត្ថកិច្ចតុលាការ ដើម្បីឱ្យដំណើរក្តីមួយប្រកបដោយយុត្តិធម៌សម្រាប់គ្រប់ភាគី។ ប៉ុន្តែ លោក ហ៊ុន សែន ថា វីដេអូនោះ មាននៅក្នុងដៃប្រធានអង្គភាពព័ត៌មាន និងប្រតិកកម្មរហ័ស គឺលោក ស្វាយ ស៊ីថា ទៅវិញ។
លោក ស្វាយ ស៊ីថា ធ្លាប់ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាស្វាមីរបស់លោក ស្រី ឃួន សុផល ដែលជាជនដៃដល់ ក្នុងព្រឹត្តិការណ៍ស្រោចទឹកអាស៊ីដលើនាង តាត ម៉ារីណា កាលពី ២០ឆ្នាំមុន។
ទោះបីតុលាការមិនទាន់បើកសវនាការអង្គសេចក្តី ជំនុំជម្រះសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីនេះក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការវាយប្រហារ បកអាក្រាតជីវិតឯកជនរបស់ជនជាប់ចោទ។ លោក ហ៊ុន សែន ដែលពេលនេះ ជាឱពុក និងជាជីតា ដែលមានចៅស្រីជាច្រើនទៅហើយនោះថ្លែងថា លោកចង់ឱ្យគេចាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍ និងចង់ចាក់បង្ហាញតាមទូរស័ព្ទដៃរបស់លោក ឱ្យនិស្សិតដែលរង់ចាំទទួលសញ្ញាប័ត្រ បានមើលថែមទៀតផង។ មន្ត្រីហែហមរបស់លោក ដែលមានឋានៈជារដ្ឋមន្ត្រីផងនោះ សើចសប្បាយពេលឮថាលោក ហ៊ុន សែន ចង់ចាក់វីដេអូអាសអាភាសនោះជាសាធារណៈ៖ «ហើយខ្ញុំមិនចង់និយាយទេ ខ្ញុំចង់ថាថ្ងៃណាមួយ ផ្សាយតាមទូរទស្សន៍ទៅ។ ខ្ញុំមើលដែរតើ នៅក្នុងនេះ នៅក្នុងអានេះ តិចខ្ញុំចាក់ឱ្យមើលឥឡូវ ព្រោះគេត្រូវបញ្ជូនភស្តុតាងមកឱ្យខ្ញុំដែរ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ស្វាយ ស៊ីថា ថាតើលោកបានខ្សែអាត់វីដេអូនោះ ដោយរបៀបណានៅឡើយទេ ស្របពេលដែលភស្តុតាងទាំងអស់ នៅក្នុងនីតិវិធីតុលាការ ត្រូវតែស្ថិតក្នុងដៃតុលាការ និងគ្មានបុគ្គលណាផ្សេងពីសមត្ថកិច្ចតុលាការ អាចបញ្ចេញភស្តុតាង ដែលជាកម្មវត្ថុក្នុងការជជែកដេញដោលក្នុងតុលាការទៅទីសាធារណៈបាននោះឡើយ លើកលែងមានការអនុញ្ញាតពីតុលាការ។
ជាងនេះទៅទៀត ចំពោះសមត្ថកិច្ចតុលាការវិញ ដែលមានទាំងមន្ត្រីប៉ូលិស និងព្រះរាជអាជ្ញាផង ដែលបានរឹបអូសវត្ថុតាង និងរក្សាទុកភស្តុតាង ក្នុងដំណាក់កាលស៊ើបអង្កេត ត្រូវតែទទួលខុសត្រូវ ក្នុងការថែរក្សាការសម្ងាត់របស់ភស្តុតាងទាំងនោះ។ តាមគោលការណ៍ច្បាប់ ក្នុងករណី ដែលឯកសារសម្ងាត់នៃការស៊ើបអង្កេត ដែលក្នុងករណីនេះ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលក្នុងរឿងក្តី និងភាគីពាក់ព័ន្ធដទៃផងនោះ ត្រូវបែកធ្លាយជាសាធារណៈបែបនេះ សមត្ថកិច្ចត្រូវតែទទួលខុសត្រូវ ក្នុងការស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់នេះ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថា ករណីនេះ ពិបាករកប្រភពនៃអ្នកដែលធ្វើឱ្យបែកធ្លាយខ្សែវីដេអូនេះណាស់ ដោយលោកដាក់ការពិបាករកប្រភពធ្វើឱ្យបែកធ្លាយនេះ ថាមកពីសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប៖ «ជាទូទៅ វីដេអូដែលធ្លាយជាសាធារណៈហ្នឹង យើងពិបាកនឹងសន្និដ្ឋានណាស់ ពីព្រោះឥឡូវវាអត់មានអ្វីជាសម្ងាត់ទៀតទេ សារទូរស័ព្ទឆ្លងឆ្លើយ ក៏អាចបែកជាសាធារណៈបានដែរ ផ្អែកលើបច្ចេកវិទ្យា។ អ៊ីចឹងវាពិបាកនឹងរកថា នរណាទទួលខុសត្រូវណាស់»។
រហូតមកដល់ពេលនេះ ទោះជាការបែកធ្លាយប្រភពភស្តុតាងសម្ងាត់ក្នុងរឿងក្តីនេះ ធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពស្ថាប័នសមត្ថកិច្ចប៉ូលិស និងតុលាការ និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសិទ្ធិនៃជីវភាពឯកជនរបស់មនុស្ស ក្នុងនោះមានទាំងក្រុមគ្រួសារជនជាប់ចោទផងក៏ដោយ ក៏គ្មានចំណាត់ការណាមួយពីស្ថាប័នតុលាការ ឬប៉ូលិស ក្នុងការស៊ើបអង្កេតករណីនេះនោះដែរ។
ជាងនេះទៅទៀត រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៣៨ ចែងការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ រដ្ឋធម្មនុញ្ញ ក៏ចែងការពារជនគ្រប់រូប ឱ្យរួចផុតពីការសន្មត ជាមុនថា មានទោស។ រដ្ឋធម្មនុញ្ញត្រង់មាត្រាដដែលនេះ ចែងទៀតថា ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ឆ្លើយទៅនឹងសំណួរអាស៊ីសេរី ដែលសួរថា តើការថ្លែងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសន្មតថា ជនណាម្នាក់មានទោស ដោយតុលាការមិនទាន់សម្រេចសេចក្ដាំបែបនេះ ជាការត្រឹមត្រូវដែរឬទេ ក្នុងនាមជាមេដឹកនាំប្រទេសបែបនេះ? លោក ជិន ម៉ាលីន ឆ្លើយថា ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលជាប្រមុខអំណាចនីតិប្រតិបត្តិ លោក ហ៊ុន សែន អាចធ្វើអត្ថាធិប្បាយជុំវិញរឿងក្តី ដែលកំពុងស្ថិតក្នុងដែនសមត្ថកិច្ចតុលាការបាន៖ «ជាគោលការណ៍ច្បាប់ ក្នុងនាមជាប្រមុខនីតិប្រតិបត្តិ គាត់អាចធ្វើការអត្ថាធិប្បាយទៅលើភស្តុតាងដែលប្រមូលបាន ព្រោះសមត្ថកិច្ចដែលប្រមូលភស្តុតាងហ្នឹង គឺស្ថិតក្រោមការគ្រប់គ្រង់របស់អំណាចនីតិប្រតិបត្តិ។ នោះជារឿងធម្មតា»។
ប៉ុន្តែ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថាការធ្វើអត្ថាធិប្បាយទៅលើជីវភាពឯកជន ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាផ្នែកមួយនៃភស្តុតាងសម្ងាត់របស់តុលាការបែបនេះ សូម្បីតែនៅក្នុងតុលាការ ក៏គេកាត់ក្តីក្នុងសវនាការអសាធារណៈដែរ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ និងចៀសវាងការប៉ះពាល់ដល់ដល់ក្រុមគ្រួសារ កូនចៅរបស់ភាគីពាក់ព័ន្ធ ដែលមិនបានប្រព្រឹត្តកំហុស៖ «គេមាននីតិវិធីគេ ជាសម្ងាត់។ គេដេញចេញអ្នកដែលទៅចូលមើលចូលស្ដាប់ សាធារណៈដែលមានវត្តមាននៅបន្ទប់សវនាការ នេះបើត្រឹមត្រូវតាមនីតិវិធីច្បាប់។ អត់មាននរណាយកមកទម្លាយ ឱ្យគេដឹងជាសាធារណៈដូច្នេះបានទេ»។
នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យត្រឹមត្រូវ រដ្ឋសភាមានតួនាទី កោះហៅនាយករដ្ឋមន្ត្រី មកឱ្យឆ្លើយបំភ្លឺចំពោះការប្រព្រឹត្តមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សុចរិតភាពតុលាការ និងការរំលោភច្បាប់នេះ។ ប៉ុន្តែ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា សភាសព្វថ្ងៃជាសភាឯកបក្ស ដែលមានតែតំណាងរាស្ត្រពីគណបក្សកាន់អំណាច ដែលមិនហ៊ាន ឬគ្មានឆន្ទៈកោះហៅលោក ហ៊ុន សែន មកសួរនាំអ្វីនោះឡើយ ដោយទុកបណ្ដោយឱ្យមន្ត្រីរបបនេះ បន្តប្រព្រឹត្តខុសឆ្គងទាំងច្បាប់ ទាំងក្រមសីលធម៌ ជាបន្តទៅទៀត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា នៅពេលដែលការរំលោភអំណាច កើតមានឡើងជាប្រចាំ និងដោយគ្មានអ្នកទទួលខុសត្រូវបែបនេះ គឺមានតែសាធារណជនប៉ុណ្ណោះ ដែលជាអ្នកសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។