ថ្នាក់​ដឹក​នាំ​បក្ស​នយោបាយ​ធំ​ទាំង​២​បង្ហាញ​ជំហរ​ទន់ភ្លន់​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ម៉ម មុនីរតន៍
2016.09.30
ហ៊ុន សែន កឹម សុខា ៨៥៥ លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
RFA

នៅ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ ប្រមុខ​ដឹកនាំ​គណបក្ស​នយោបាយ ហាក់​មាន​ទិសដៅ​ស្រប​គ្នា​ក្នុង​ការ​ស្វែង​រក​សន្តិភាព និង​ស្ថិរភាព​សង្គម។ ទន្ទឹម​នឹង​នេះ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ឲ្យ​បាន​ខ្ពស់។

អ្នក​វិភាគ​នយោបាយ និង​សង្គម​យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​នយោបាយ​មាន​ភាព​ចាស់ទុំ​តែ​បន្តិច​ដូច​នៅ​ពេល​នេះ ទំនង​ប្រទេស​កម្ពុជា អាច​នឹង​មាន​ភាព​ជឿនលឿន និង​អភិវឌ្ឍន៍​មិន​ចាញ់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ឡើយ។

លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​នយោបាយ​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា តូច និង​ពោរពេញ​ដោយ​សក្ដានុពល ជា​ពិសេស​ពលរដ្ឋ​សម្បូរ​ដោយ​ធនធាន​ផង​ទាំង​នេះ​គឺ​ជា​ធាតុផ្សំ​ដ៏​ចម្បង និង​ជា​សសរ​ទ្រូង​របស់​ប្រទេស​ដ៏​រឹងមាំ​ដែល​ងាយ​ក្នុង​ការ​អភិវឌ្ឍ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សំខាន់​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ឯកភាព​ជាតិ និង​ស្រុះស្រួល​របស់​អ្នក​នយោបាយ​ជា​មុន​សិន។ លើស​ពី​នេះ​ទៀត អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​គោលនយោបាយ​ត្រូវ​គោរព​ច្បាប់ ជា​ពិសេស​ត្រូវ​មាន​ភក្ដីភាព​ចំពោះ​ជាតិ និង​ពលរដ្ឋ​ដោយ​ស្មោះត្រង់។

លោក គឹម សុខ៖ «រឿង​ដែល​សំខាន់​បំផុត​គឺ​អ្នក​នយោបាយ​ស្រលាញ់​ជាតិ​សិន ចេះ​និយាយ​គ្នា​សិន ចេះ​រួបរួម​គ្នា​សិន។ មាន​បញ្ហា​អី​ត្រូវ​នាំ​គ្នា​សម្លឹង​មើល​ច្បាប់ នាំ​គ្នា​យក​ច្បាប់​មក​អនុវត្ត​យក​ច្បាប់​មក​ជជែក​គ្នា។ កុំ​មាន​បញ្ហា​អី​គិត​គំរាម​កម្ទេច។ អា​ហ្នឹង​ជា​បញ្ហា​ធំ​ណាស់ នាំ​ឲ្យ​ជាតិ​បែកបាក់ ហើយ​មិន​អាច​អភិវឌ្ឍន៍​ជាតិ​ទៅ​មុខ​បាន​ទេ មាន​តែ​ថយ​ក្រោយ»

នៅ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ ប្រមុខ​ដឹកនាំ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ បង្ហាញ​ជំហរ​ទន់ភ្លន់​ដែល​ពី​មុន​ធ្លាប់​តែ​វាយ​ប្រហារ​គ្នា​ដោយ​សម្ដី​មិន​សំចៃ​មាត់។ ទាំង​លោក ហ៊ុន សែន និង​លោក កឹម សុខា បាន​ងាក​មក​រក​ធម៌អាថ៌​វិញ​ម្ដង​នៅ​ពេល​នេះ។

លោក​នាយករដ្ឋមន្ត្រី​បាន​បង្ហាញ​សារ​នយោបាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ផ្ទាល់ នៅ​ថ្ងៃ​ទី​៣០ កញ្ញា មើល​ទៅ​ហាក់​បង្ហាញ​ភាព​ស្ងប់​ចិត្ត​ទៅ​នឹង​អំពើ​ល្អ​ដែល​បាន​សាង​នៅ​ក្នុង​ថ្ងៃ​វេន​បិណ្ឌ​ទី​១៤ នេះ។ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់ ជា​ពិសេស​ក្នុង​ពេល​បើកបរ។ បន្ថែម​ពី​លើ​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​ផ្សាយ​បុណ្យ​កុសល​ដែល​លោក​បាន​បំពេញ​ជូន​ដល់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​យោធា​ឈរ​ជើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​កងកម្លាំង​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្រៅ​ប្រទេស​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។

ដោយ​ឡែក លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង ថ្វី​បើ​ពេល​នេះ​លោក​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស តែ​លោក​ឆ្លៀត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ មិន​ខុស​ពី​លោក ហ៊ុន សែន ឡើយ លោក កឹម សុខា ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង និង​សាលក្រម​របស់​តុលាការ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ផង បាន​ផ្សាយ​សេចក្ដី​ល្អ​កើត​ពី​បុណ្យ​កុសល​នេះ​បាន​ដល់​ពលរដ្ឋ​គ្រប់​គ្នា៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាទ កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ សូម​ប្រគេន​ពរ និង​ជូន​ចំពោះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សូម​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខ និង​ពល។សូម​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព។ សូម​បាន​ជួបជុំ​ក្រុម​គ្រួសារ​ញាតិ​សន្តាន​ដោយ​ក្តី​រីករាយ»

ភាព​ស្ងប់ស្ងាត់​ផ្នែក​នយោបាយ​នៅ​ពេល​នេះ ស្រប​ពេល​ដែល​លោក ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ប្រកាស​បទ​ឈប់​បាញ់​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ពាក្យ​សម្ដី​នៅ​ក្នុង​រដូវ​កាល​ភ្ជុំបិណ្ឌ​នេះ។ ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ភ្លាម​គេ​សង្កេត​ឃើញ​បក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ទាំង​ពីរ ហាក់​បន្ទន់​ឥរិយាបថ​បន្តិច។ បន្ទាប់​មក​ទៀត សមាជិក​គណៈកម្មការ​ទាំង​ពីរ​ដែល​មក​ពី​បក្ស​ផ្សេង​គ្នា​នេះ សម្រេច​កាន់​ដៃ​គ្នា​ចូល​សភា។

លោក គឹម សុខ អ្នក​វិភាគ​សង្គម និង​នយោបាយ​មើល​ឃើញ​ថា ដើម្បី​អាច​ស្តារ​ប្រទេស​ឲ្យ​មាន​ភាព​ចម្រើន​ទៅ​ជំហាន​ដំបូង​គឺ​ត្រូវ​បំបាត់​អំពើ​ពុករលួយ មុន​នឹង​ត្រូវ​ចាប់​ពង្រឹង​វិស័យ​កសិកម្ម​ជា​អាទិភាព ហើយ​ធ្វើ​កំណែទម្រង់​ទៅ​លើ​វិស័យ​ដទៃ​ទៀត​ដែល​ចាំបាច់​មាន​ដូចជា​ទេសចរណ៍ និង​បង្កើន​ការ​កែច្នៃ​កសិផល​ឲ្យ​ទៅ​ជា​ផលិតផល​កសិឧស្សាហកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។