លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​ថ្មី​បន្សាប​ឥទ្ធិពល​លោក សម រង្ស៊ី និង​ទប់ទល់​ការ​ដកEBA

0:00 / 0:00

នៅ​ក្នុង​សារ​បែក​ធ្លាយ​ផ្ទៃក្នុង​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​អ្នកនាំពាក្យ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល​របស់​លោក លោក ហ៊ុន សែន ប្រកាស​ផ្លាស់ប្ដូរ​របៀប​​ប្រតិកម្ម​តបត​នឹង​សកម្មភាព ឬ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ពី​សំណាក់​មន្ត្រី​របស់​លោក។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​ដាក់ ចេញ​នូវ​ផែនការ​ពីរ​ចំណុច ដើម្បី​ទប់ទល់​នឹង​គម្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។

​តើ​ការ​ផ្លាស់ប្តូ​របៀប​ទប់ទល់​នឹង​លោក សម រង្ស៊ី និង​ផែនការ​ថ្មី​របស់​លោក ហ៊ុន សែន តាមរយៈ​សារ​បែក​ធ្លាយ​នោះ​មាន​អ្វីខ្លះ?

មន្ត្រី​របស់​លោក ហ៊ុន សែន ទាំង​យោធា នគរបាល និង​គ្រប់​ក្រសួង​មន្ទីរ ដែល​តែងតែ​នាំគ្នា​ចេញ​លិខិត​ថ្កោលទោស លោក សម រង្ស៊ី ព្រោងព្រាត ក្រោយ​ពេល​ដែល លោក សម រង្ស៊ី ចេញ​សារ​នយោបាយ ឬ​បង្ហើប​ចេញ​នូវ​ផែនការ​នានា​របស់​លោក​ម្តងៗ​នោះ ឥឡូវនេះ ពួកគេ​ទើបបាន​ទទួល​បញ្ជា​ថ្មី​ពី​លោក ហ៊ុន សែន មិន​ឱ្យ​មាន​ប្រតិកម្ម​អ្វី​ទាំងអស់​។ មូលហេតុ​សំខាន់ តាម​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ដែល​អាស៊ីសេរី ទើប​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​កុម្ភៈ គឺ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើ​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី ទៅ វា​ហាក់​ដូចជា​ឱ្យ​តម្លៃ​ទៅ​លោក សម រង្ស៊ី ពេក៖ «ចាប់​ពេលនេះ​តទៅ​មិនបាច់​ចាប់អារម្មណ៍​ទៅ​នឹង សម រង្ស៊ី​ទេ ហើយ​សមត្ថកិច្ច​នគរបាល អភិបាលខែត្រ អ្នកនាំពាក្យ​របស់​យើង​មិនបាច់​តប​ទៅ​លោក សម រង្ស៊ី ទេ កុំ​ឱ្យ​វា​បានចិត្ត​ឬក៏​អាច​ឱ្យ​វា​មានតម្លៃ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការចរចា​ណាមួយ បើសិនជា​អាច​កើតឡើង»។

អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សារ​បែក​ធ្លាយ​នេះ​ថា ជា​សំឡេង​ពិត​របស់​លោក ហ៊ុន សែន ឬ​មិន​ពិត​នោះ​ទេ។

ទន្ទឹម​នឹង​នេះ លោក​ក៏បាន​ដាក់​ចេញ​នូវ​ផែនការ​ពីរ សម្រាប់​ទប់ទល់​នឹង​គម្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។ ផែនការ​ទីមួយ គឺ​ការ​កែ​ទម្រង់​ស៊ីជម្រៅ ដែល​លោក ហ៊ុន សែន ថា អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច និង​អាច​ដំណើរការ​បានជា​ប្រក្រតី ទោះបី​ជា​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏ដោយ​៖ «ACT2 អីចឹង​នីតិវិធី​ព្យួរ​ EBA គេ​ប្រើ​រយៈពេល​១៨​ខែ អ៊ីចឹង​យើង​ក៏​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង អីចឹង​យើង​ចាប់​យក​ឱកាស​នេះ ជា​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​យើង​ដែរ»។

ទាក់ទង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​នេះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​នេះ ហើយក៏​ត្រៀមខ្លួន​តាំងពី​យូរ​មក​ហើយ​ដែរ ចំពោះ​សហភាព​អឺរ៉ុប​លើ​គម្រោង​ឈប់​បន្ត​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​នេះ។ តែ​លោក ផៃ ស៊ីផាន អះអាង​ថា បើសិនជា​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចំរើន​ទៅវិញ៖ «អីចឹង​យើង​បាន​ត្រៀម​មួយ​ឆ្នាំ​មកនេះ ហើយ​​បើ​​គេ​​បញ្ចប់​ គឺ​​ដោយសារ​តែ​​សេដ្ឋកិច្ច​​របស់​​យើង​​រីក​ចម្រើន ដូច្នេះ​​បើ​​គេ​​បញ្ចប់​​ដោយសារ​តែ​​បញ្ហា​​នយោបាយ ឬ​ប​ញ្ហា​​បច្ចេកទេស»។

ទោះបីជា​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ថយ​ចុះ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​ពុំ​មែន​មានន័យថា អ្នក​ទទួល​បាន​ផល​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ដោយ​ស្មើភាព​គ្នា​ឡើយ អ្នក​ទទួល​ផល​ពី​ការលូតលាស់​សេដ្ឋកិច្ច​នេះ​គឺ​បានតែ​ក្រុម​ឈ្មួញ និង​បក្ខ​ពួក​លោក ហ៊ុន សែន ប៉ុណ្ណោះ​។

អ្នក​ជំនាញ​សេដ្ឋកិច្ច​រក​ឃើញ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អ្នកក្រ និង​អ្នក​ជិត​ក្រ ជាង ៨​លាន​នាក់។

អ្នកវិភាគ​លើក​ឡើង​ថា ស្ថានភាព​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ កំពុងតែ​នៅ​ក្បែរ​ជ្រោះ ឬ​ហៀបនឹង​ធ្លាក់​ជ្រោះ​ទៅ​ហើយ។ រីឯ​ការប្រកាស​របស់​លោក ហ៊ុន សែន ពី​ផែនការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ដើម្បី​ទប់ទល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិន​អាច​ទៅ​រួច​ឡើយ ពី​ព្រោះ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន ប្រកាស​ពី​ការ​ធ្វើ​កំណែ​ទម្រង់​នេះ​។ របប​ឯក​បក្ស បាន​ដាក់​ធ្វើ​កំណែទម្រង់​ដឹកនាំ​ប្រទេស​នេះ តាំងពី​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​មក​ម្ល៉េះ ប៉ុន្តែ​កំណែទម្រង់​នេះ ពុំ​បាន​​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​នោះ​ឡើយ។

លោក បណ្ឌិត កែម ឡី ក៏​ធ្លាប់​រិះគន់​ផែនការ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់​លោក ហ៊ុន សែន ដែរ​ថា​ជា ការ​កែ​ទម្រង់ ពី​ការ​ស៊ី​រាក់ៗ​លើ​ដី មក​ស៊ី​ជម្រៅ​ក្រោម​ដី​តែប៉ុណ្ណោះ។

ផែនការ​ទីពីរ​របស់​លោក តាមរយៈ​សារ​សំឡេង​បែក​ធ្លាយ​នោះ គឺ​លោក​យក​ឱកាស​ដែល​សហភាព​អឺរ៉ុប គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទៅ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ឱ្យ​ខ្ទេចខ្ទី តាំង​ពីលើ​ដល់​ក្រោម​តែម្ដង​។ លោក​ថា​លោក​នឹង​មិន​ដោះលែង​លោក កឹម សុខា និង​មិន​អត់​អោន​ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ គឺ​ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​លោក​ហៅ​អាៗ ពេញ​ៗ​មាត់​នោះ​ផង៖ «ទី​២​កម្ចាត់​ចោល​កម្លាំង​ប្រឆាំង​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ឱ្យ​ពួក​នេះ​ងើប​ក្បាល​រួច ហើយក៏​មិន​អាច​មានការ​បោះឆ្នោត​ឆ្នាំ​២០២២ ឬ​ឆ្នាំ​២០២៣ ហើយ​ខ្ញុំ​មិន​អាច​មាន​ចលនា ខ្ញុំ​ឱ្យ​លើកលែងទោស អា សម រង្ស៊ី និង​លើកលែងទោស​ឱ្យ​អា កឹម សុខា​ដែរ»។

​បន្ថែម​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មន្ត្រី​របស់​លោក​ឱ្យ​សម្លឹង​មើល​ក្រុម​មនុស្ស​ផ្សេង ដែល​ចង់​បង្កើត​បក្ស​ថ្មី​ដែរ ខណៈ​លោក​បង្គាប់បញ្ជា​ឱ្យ កម្ទេច​បណ្ដាញ​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដែល​ជួប​ប្រជុំគ្នា ក្រៅពី​កម្ចាត់​មេដឹកនាំ​កំពូល​របស់​គណបក្សប្រឆាំង៖ «គឺ​រឹត​ពួក​អា​បក្ស​ប្រឆាំង​នៅ​សេសសល់​ឱ្យ​វា​រលំរលាយ​កាន់តែ​ឆាប់ ព្រោះ​គ្មាន​អ្នកណា​មក​ប្រដៅ​យើង​បានទេ ព្រោះ​អ្នកឯង​ធ្វើ​ចំពោះ​ខ្ញុំ​ដូច្នេះ ហើយ​យើង​មិន​អាច​ក្រុម​នេះ​រស់​ទេ គឺ​យើង​ត្រូវ​រឹត​ពួក​អា​នៅ​ផ្ទៃក្នុង​ទាំងអស់ ខ្ញុំ​នឹង​ណែនាំ​ឱ្យ​អភិបាលខែត្រ អ្នកនាំពាក្យ យើង​មិន​អាច​លើកលែង​ឱ្យ​បានទេ តែ​បើ​លើកលែង​បម្រាម​នយោបាយ តែ​ចំពោះ​អ្នកណា​ដែល​ចង់​ទៅ​បង្កើត​បក្ស​នយោបាយ​តែប៉ុណ្ណោះ»។

លោក ហ៊ុន សែន ហាក់​ដូចជា​ទទួលស្គាល់​ថា មេ​បក្ស​ប្រឆាំង សម រង្ស៊ី នៅ​មាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ​។ តាមរយៈ​សារ​បែក​ធ្លាយ​នោះ លោក ហ៊ុន សែន ខិតខំ​រក​វិធី​បន្សាប​ឥទ្ធិពល​លោក សម រង្ស៊ី និង​កម្ទេច​បណ្ដាញ​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​នោះ​។ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​លោក សម រង្ស៊ី នេះ លោក ហ៊ុន សែន បង្គាប់បញ្ជា​ទៅ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក រួម​ទាំង​អ្នកនាំពាក្យ​អភិបាលខែត្រ​គ្រប់​ខែត្រ​ទាំងអស់ កុំ​ឱ្យ​តបត និង​ធ្វើ​សកម្មភាព​ដូច​មុន​។ ផែនការ​ថ្មី​ចុងក្រោយ​នេះ​គឺ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បម្រើ​នយោបាយ​របស់​លោក គឺ​អង្គភាព​ព័ត៌មាន Fresh New ផ្សព្វផ្សាយ ចេញ​សេចក្ដីថ្លែងការណ៍ និង​ប្រើប្រាស់​អ្នកវិភាគ​ឆ្លើយតប​ជំនួស៖ «អ្នកនាំពាក្យ​ទាំងអស់​ចាប់​ពេលនេះ​ទៅ គឺ​ប្រមូលផ្ដុំ​ធ្វើការ កុំ​ឆ្លើយតប​អ្វី​ទាំងអស់​ជាមួយ​អា សម រង្ស៊ី ហើយ​ខាង​សារព័ត៌មាន​ត្រូវតែ​ផ្សព្វផ្សាយ​ដូចជា Fresh New ដូចជា​អ្នក​អត្ថាធិប្បាយ​មក​ឆ្លើយ​ជំនួស​វិញ ដូចជា ជេម សុខ ជាដើម​មក​ធ្វើ​អត្ថាធិប្បាយ​វិញ កុំ​ឱ្យ​អា សម រង្ស៊ី ក្លាយ​ទៅ​ជា​តួឯក​ឬ​តួអង្គ​មួយ​ជា​ជម្រើស​នយោបាយ​ណាមួយ​នៅ​ពេល​អនាគត»។

រីឯ​ផែនការ​កម្ទេច​អ្នក​ងើប​តវ៉ា ឬ​ក្រុម​បក្ស​ប្រឆាំង​វិញ អាច​នឹង​កាន់តែ​រុញច្រាន​ឱ្យ​របប​ឯក​បក្ស​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ ដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស ដែល​ខុសច្បាប់​ជាតិ អន្តរជាតិ ហើយ​នឹង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ថែមទៀត ដូចដែល​សហភាព​អឺរ៉ុប​កំពុងតែ​បន្ត​នីតិវិធី​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAនេះ​ស្រាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។