លោក ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ដក​ខ្លួន​ចេញ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ឲ្យ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់ ហើយ​លោក​មិន​លើកលែង​ទោស​ឡើយ​ចំពោះ​មន្ត្រី ឬ​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្ត​អំពើ​នេះ។ ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ដែល​ធ្វើការ​ទាក់ទង​បញ្ហា​នេះ​ថា មាន​មន្ត្រី​ខ្លះ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​មន្ត្រី​ខ្លះ​ជាប់​ពាក់ព័ន្ធ​ដោយ​មិន​ដឹង​ខ្លួន។

លោក ហ៊ុន សែន ថា នឹង​មិន​លើកលែង​ទោស​ចំពោះ​មន្ត្រី​ណា​ប្រព្រឹត្ត​ការ​ជួញដូរ​មនុស្ស ហើយ​ប្រសិន​លោក​រក​ឃើញ​ថា មាន​មន្ត្រី​ណា​ជាប់​ពាក់ព័ន្ធ ឬ​ប្រព្រឹត្ត មន្ត្រី​ទាំង​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ សារ​របស់​លោក ហ៊ុន សែន បែប​នេះ សំដៅ​ទៅ​ក្រុម​មន្ត្រី​ដែល​កំពុង​ឃុបឃិត និង​សហការ​ទាញ​យក​ផលប្រយោជន៍​ជាមួយ​ជនល្មើស និង​អំពើ​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស៖ «ខ្ញុំ​សូម​ព្រមាន​មន្ត្រី​ទាំង​ឡាយ​ដែល​បាន​និង​កំពុង​ឃុបឃិត​នឹង​អំពើ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស ត្រូវ​ដក​ខ្លួន​ជា​បន្ទាន់ មន្ត្រី​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​មិន​លើកលែង​ឡើយ»

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ឲ្យ​មាន​ប្រសិទ្ធភាព កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដោយ​មាន​ក្រសួង​ស្ថាប័ន ២២ និង​ស្ថាប័ន​ជំនាញ ៥ ចូល​រួម។ នៅ​ចុង​ឆ្នាំ​២០១៥ ឬ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ រដ្ឋាភិបាល​នឹង​ចេញ​របាយការណ៍​ទាក់ទង​បទល្មើស​ជួញដូរ​មនុស្ស។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា កន្លង​មក​ពិត​ជា​មន្ត្រី​ដែល​ធ្វើការ​ទាក់ទង​ប្រឆាំង​ជួញដូរ​មនុស្ស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​មាន​មន្ត្រី​ខ្លះ​ជាប់​ពាក់ព័ន្ធ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​អនុវត្ត​ការងារ​ធូរ​រលុង​ដែល​ធ្វើ​ឲ្យ​ជនល្មើស​មាន​ឱកាស៖ «ទាក់ទង​នឹង​មន្ត្រី​ពាក់ព័ន្ធ​មាន​ពេល​ខ្លះ​គាត់​ជាប់​ពាក់ព័ន្ធ​ដោយ​មិន​ ដឹង​ខ្លួន ព្រោះ​ពេល​ខ្លះ​ជា​ការ​អនុវត្ត​ភារកិច្ច​ធូរ​ពេក ឬ​មួយ​តឹង​ពេក ដែល​ធ្វើ​ឲ្យ​ជនល្មើស​មាន​ឱកាស អ៊ីចឹង​គ្រាន់​តែ​គិត​ថា បើ​សិន​ជា​អាច​ឈាន​ដល់​ដំណាក់កាល​ហ្នឹង​ឲ្យ​គាត់​ដក​ខ្លួន​ទៅ កុំ​ឲ្យ​មាន​បញ្ហា»

មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ពលករ​ចំណាក​ស្រុក អ្នកស្រី លឹម មុន្នី យល់​ថា ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ​ជា​ដំណឹង​ល្អ ដោយ​អ្នកស្រី​បញ្ជាក់​ថា កន្លង​មក​មេខ្លោង​ជួញដូរ​មនុស្ស​ភាគ​ច្រើន​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​អនុវត្ត​ច្បាប់។ ប៉ុន្តែ​អ្នកស្រី​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា បទបញ្ជា​ផ្ទាល់​មាត់​របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព ព្រោះ​មន្ត្រី​ទាំង​នោះ​កំពុង​ទទួល​បាន​លាភសក្ការៈ៖ «ខ្ញុំ​សែន​មហា​អបអរសាទរ​ចំពោះ​ការ​ព្រមាន​នេះ ព្រោះ​កន្លង​មក​ឃើញ​មាន​ច្រើន មេខ្លោង​ជួញដូរ​អាច​ប្រឈម​មុខ​របរ​នេះ​បាន​អាស្រ័យ​គេ​មាន​ខ្នង​បង្អែក​ជា​ មន្ត្រី​អនុវត្ត​ច្បាប់»

​ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សង្គម​ស៊ីវិល​ដដែល​ថា នឹង​តាម​ដាន​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ អ្នកស្រី​នឹង​ស៊ើប​អង្កេត ឬ​ផ្ដល់​ព័ត៌មាន​ជូន​ទៅ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។