លោក ហ៊ុន សែន ជជែក​ជាមួយ​ប្រមុខ​ការទូត​អាមេរិក រឿង​ជំងឺ​កូវីដ-១៩ និង​រឿង​សិទ្ធិ​សេរីភាព

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ មេសា ជុំវិញ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ និង​បញ្ហា​មួយ​ចំនួន​ទៀត​។ អ្នកវិភាគ​ថា នេះ​ជា​សញ្ញាណ​ល្អ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៨ មេសា ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក​ចំពោះ​ជំនួយ និង​កិច្ចសហការ​ពី​អ្នក​ជំនាញ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង (CDC) របស់​អាមេរិក ព្រមទាំង​ទឹកប្រាក់​២ លាន​ដុល្លារ ដែល​រដ្ឋាភិបាល​អាមេរិក​ទើបបាន​ផ្តល់​ឱ្យ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​លោក​ពេញចិត្ត​ចំពោះ​វិភាគទាន និង​សារៈសំខាន់​របស់​អាមេរិក​ក្នុង​ការ​កាត់បន្ថយ​គម្លាត​រវាង​ប្រទេស​នានា​ក្នុង​តំបន់​មេគង្គ​ក្រោម និង​សមាជិក​អាស៊ាន​ផ្សេងទៀត​។ បន្ថែម​ពីលើ​នេះ លោក​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នឹង​ជំងឺ​កូវីដ​-១៩​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផុមភីអូ (Mike Pompeo) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ផង​ដែរ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ឺហ្គ (Emily Zeeberg) ប្រាប់​អាស៊ីសេរី​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ពិត​ជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មែន​។ អ្នកស្រី​ថា លោក ម៉ៃ ផុមភីអូ (Mike Pompeo) បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ អ្នកស្រី​បន្ត​ថា ប្រមុខ​ការទូត​អាមេរិក និង​នាយករដ្ឋមន្ត្រី​កម្ពុជា យល់ឃើញ​ស្របគ្នា​ថា ជំងឺ​កូវីដ-១៩ នេះ គឺជា​វិបត្តិ​សុខភាព​សាកល ហើយ​រដ្ឋាភិបាល​ប្រទេស​នានា​លើ​ពិភពលោក​សុទ្ធសឹងតែ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​រាតត្បាត​ជា​សាកល​ដែល​មិន​ធ្លាប់​កើតឡើង​នេះ។

អ្នកស្រី អេមីលី ហ្ស៊ីប៊ឺហ្គ ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​រឿង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ប្រមុខ​ការទូត​អាមេរិក​ក៏បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​សារៈសំខាន់​នៃ​អធិបតេយ្យ​ជាតិ​កម្ពុជា មធ្យោបាយ​ពង្រឹង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​សេរីភាព​បញ្ចេញមតិ​ផង​ដែរ ព្រោះ​នេះ​ជា​ពេលវេលា​ដែល​រដ្ឋាភិបាល​ត្រូវការ​សំឡេង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជំងឺឆ្លង​រាតត្បាត​កូវីដ-១៩។

នេះ​គឺជា​កិច្ច​សន្ទនា​ដ៏​កម្រ​រវាង លោក ហ៊ុន សែន ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក ហើយ​រឿង​នេះ​កើតឡើង​ស្រប​ពេល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​ជ្រើស​រើស​យក​ប្រទេស​ចិន​នៅ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ ជ្រើស​យក​ចិន​នៅ​ត្រង់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​បិទ​ជើង​យន្តហោះ ឬក៏​ហាម​អ្នកដំណើរ​ពី​ប្រទេស​ចិន​មិន​ឱ្យ​ចូល​កម្ពុជា​នោះ​ទេ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទឹកដី​កម្ពុជា​ឡើយ ដោយ​បារម្ភ​ខ្លាច​មានការ​នាំចូល​ជំងឺ​កូវីដ-១៩​។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​បង្កើន​វោហារសាស្ត្រ​បែប​ឌឺដង​កាន់តែ​ខ្លាំង​ទៅលើ​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ដោយសារ​ជំងឺ​កូវីដ​-១៩ ក៏ប៉ុន្តែ​លោក​បាន​សរសើរ​ប្រទេស​ចិន​ពេញៗ​មាត់​ថា មាន​សមត្ថភាព​គ្រប់គ្រង​ជំងឺ​នេះ និង​បាន​ចេញមុខ​ជួយ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា ការ​សន្ទនា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ប្រមុខ​ការទូត​អាមេរិក​នេះ គឺជា​សញ្ញាណ​ល្អ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ លោក​បន្ត​ថា មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​លើក​រឿង​សេរីភាព និង​ប្រជាធិបតេយ្យ​មក​និយាយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រៅពី​រឿង​ជំងឺ​កូវីដ​-១៩ នោះ គឺ​ដោយសារ​សហរដ្ឋអាមេរិក​ចង់​ឃើញ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ដូច​ការសន្យា​របស់​ខ្លួន៖ «អ្វី​ដែល​កម្ពុជា​ថា ស្តង់ដារ ឬក៏​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា វា​អត់​ទាន់​សមស្រប​ទៅ​នឹង​គោលការណ៍​ដែល​សហរដ្ឋអាមេរិក​មើល​ឃើញ​ទេ អ៊ីចឹង​ហើយ​បាន​គេ​បញ្ជាក់​ស្មារតី​ហ្នឹង​ឱ្យ​កម្ពុជា​សម្ដែង​ឆន្ទៈ សម្ដែង​ឥរិយាបថ​បើក​លំហ​សេរីភាព​ហ្នឹង​។ អ៊ីចឹង បើ​កម្ពុជា​ឆ្លើយតប​ចំណុច​វិជ្ជមាន​ចំពោះ​ការ​លើកឡើង​របស់​សហរដ្ឋអាមេរិក ខ្ញុំ​គិត​ថា ភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ហ្នឹង នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត»។

ឆ្នាំ​២០២០ នេះ គឺជា​គម្រប់​ខួប​៧០ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជាង ២​ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​សុខាភិបាល កសិកម្ម អប់រំ ពាណិជ្ជកម្ម និង​វិស័យ​ដទៃ​ទៀត។

ក្នុង​ស្ថានភាព​ប្រឈម​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ នេះ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​២ លាន​ដុល្លារ​ដល់​កម្ពុជា​។ សហរដ្ឋអាមេរិក​រំពឹង​ថា ថវិកា​នេះ បូក​រួម​ទាំង​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ និង​ស្ថាប័ន​សុខាភិបាល​របស់​អាមេរិក​តាំង​ពី​ដើម​មក​នោះ នឹង​ជួយ​ដល់​កម្ពុជា​អាច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។