មេដឹកនាំរបបក្រុងភ្នំពេញលើកឡើងថា របបនេះនឹងបន្តផ្ដោតការយកចិត្តទុកដាក់លើបញ្ហាកម្មករជាសំខាន់ដូចការសន្យាមុនព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។ សហជីពយល់ថា ប្រសិនបើលោក ហ៊ុន សែន ចង់ជួយកម្មករពិតនោះ គួរតែស្តាប់និងដោះស្រាយសំណូមពរកម្មករ ហើយដោះស្រាយ រឿងប្រព័ន្ធអនុគ្រោះព័ន្ធដែលសហគមន៍អឺរ៉ុបគ្រោងកាត់ផ្ដាច់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅថ្ងៃពុធទី២៨ ខែវិច្ឆិកា នៅតែ អួតអាងពីស្នាដៃកសាងសន្តិភាព និងសមិទ្ធផលរបស់ខ្លួនជាង៣០ឆ្នាំ។ ទោះយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលកម្មករចំនួន ១៨២ដុល្លារនេះ មិនមែនជាការទាមទាររបស់បក្សប្រឆាំងឡើយ ដូច្នោះកម្មករត្រូវដឹងគុណ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា៖ «ឥឡូវនេះដល់អស់ពួកទមិឡអត់សាសនានេះទៅ អ៊ីចឹងបោះឆ្នោតរួចហើយកម្មករឡើងប្រាក់ខែវាមានរឿងអី ហើយអានេះកាន់តែទៀត ពីដើមគេថា កម្មករឡើងប្រាក់ខែដោយសារគេទាមទារ ឥឡូវអស់អាពួកនេះទៅ ប្រាក់ខែនៅតែឡើង»។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថាការអះអាងរបស់ លោក ហ៊ុន សែន មិន សូវផ្តោតលើបញ្ហាកម្មករនោះទេ ច្រើនតែយកវេទិកានោះ និយាយរឿងផ្សេងៗដូចជា រឿងនយោបាយ រឿងផ្ទាល់ខ្លួន និងនិយាយវាយប្រហារគណបក្សប្រឆាំងជាដើម។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន យកចិត្តទុកដាក់លើបញ្ហាកម្មករមែននោះ គួរតែអង្គុយស្ដាប់កម្មករ និយាយអំពីកង្វល់និងសំណូមពររបស់ពួកគេ ល្អជាជាងអោយកម្មករ អង្គុយស្តាប់លោក ហ៊ុន សែន និយាយតែរឿងដដែលគ្រប់វេទិកា។
លោក រ៉ុង ឈុន មើលឃើញថា បញ្ហាដែលកម្មករកំពុងជួបប្រទះនោះ គឺបញ្ហាសេរីភាពកម្មករ និងសហជីពមានការរឹតបន្តឹង បញ្ហាថ្លៃឈ្នួលបន្ទប់ ឬផ្ទះជួលឡើងថ្លៃតាមប្រាក់ខែ និងបញ្ហាព្រួយបារម្ភអំពីការបាត់បង់ការងារ រឿងប្រព័ន្ធអនុគ្រោះព័ន្ធ (EBA ) របស់សហគមន៍អឺរ៉ុបជាដើម៖ «ត្រូវផ្តោតលើបញ្ហាសំខាន់ដូចជាទី១ លក្ខខណ្ឌការងារល្អ ទី២ ដំឡើងប្រាក់ឈ្នួលអោយបានសមរម្យ ហើយថ្លៃបន្ទប់ថ្លៃផ្ទះជួល កុំអោយដំឡើងទៅតាមការដំឡើងប្រាក់ឈ្នួល។ មួយទៀតសេរីភាពក្នុងការចូលរួមបង្កើតសហជីពនៅតាមបណ្ដារោងចក្រ។ ចំពោះការរក្សាការងារជូនកម្មករវាជារឿងសំខាន់ដែលទាក់ទងទៅ នឹង EBA បើសិនសហភាពអឺរ៉ុប ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ ចេញពីកម្ពុជា វាធ្វើអោយបាត់បង់ការងាររបស់បងប្អូនកម្មករ ដូច្នេះនេះជាបញ្ហាដែលរដ្ឋាភិបាល ត្រូវដោះស្រាយនៅចំពោះមុខ ភ្លាមៗបាទ»។
ទន្ទឹមគ្នានេះ កម្មកររោងចក្រ និងសហជីពឯករាជ្យដទៃទៀត ក៏មើលឃើញថា រហូតមកដល់ពេលនេះ ស្ថានភាពកម្មករក្នុងវិស័យកាត់ដេរ ក៏មិនសូវមានការកែប្រែអោយល្អប្រសើរឡើងជាងមុនប៉ុន្មាននោះទេ បើទោះពីជាមេដឹកនាំរបបក្រុងភ្នំពេញ ខិតខំព្យាយាមធ្វើយុទ្ធនាការចុះជួបកម្មករ ជាច្រើនកន្លែងទាំងនៅភ្នំពេញ និងនៅតាមខេត្តតាំងពីមុនយុទ្ធនាការឃោសនាបោះឆ្នោតក្តី។ បន្ថែមលើនេះ កម្មករក៏កំពុងបារម្ភអំពីការបាត់បង់ការងារធ្វើដែរ ប្រសិនបើសហគមន៍អឺរ៉ុបកាត់ផ្ដាច់ប្រពន្ធប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយសារតែរបបលោកហ៊ុន សែន រៀបចំការបោះឆ្នោតក្លែងក្លាយ ចាប់ខ្លួនមេបក្សប្រឆាំង បំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។