លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ហុងគ្រី​នឹង​ជួយ​និយាយ​ជាមួយ​អឺរ៉ុប​រឿង EBA របស់​កម្ពុជា

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ហុងគ្រី​នឹង​ជួយ​និយាយ​ជាមួយ​សហភាព​អឺរ៉ុប​ឱ្យ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៅ​ទៀត​។ ក៏ប៉ុន្តែ​សកម្មជន​សិទ្ធិ​ការងារ​មើល​ឃើញ​ថា កូន​សោ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របប​លោក ហ៊ុន សែន មិនមែន​រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្នាក់ឯង​ថា ថ្នាក់ដឹកនាំ​ប្រទេស​ហុងគ្រី​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​របប​របស់​លោក ក្នុង​ការ​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​វិបត្តិ EBA​។ លោក​អះអាង​ថា នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វិចទ័រ អរប៊ែន (Viktor Orbán) បាន​ប្រាប់​លោក​ថា បញ្ហា EBA នេះ គឺជា​រឿង​ខ្វែងគំនិត​គ្នា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប​ខាងកើត​រូប​នេះ មិន​គាំទ្រ​ការ​យក​បញ្ហា​នយោបាយ​ទៅ​លាយឡំ​គ្នា​ជាមួយ​រឿង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​បែប​នេះ​​ឡើយ។ លោក​បន្ថែម​ថា ថ្នាក់​ដឹក​រដ្ឋាភិបាល​ហុងគ្រី​បាន​សន្យា​ថា នឹង​ជួយ​របប​របស់​លោក​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​វិបត្តិ EBA នេះ។

លោក ហ៊ុន សែន បញ្ជាក់​បែបនេះ នៅ​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១៤ មិថុនា មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ហុងគ្រី នៅ​ទីក្រុង​ប៊ុយដាប៉េស (Budapest) ប្រទេស​ហុងគ្រី។ ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​​គ្នា បើក​ស្ថានទូត​ប្រទេស​រៀងៗ​ ខ្លួន នៅ​ឆ្នាំ​២០២១ ខាងមុខ​ផង​ដែរ។

សកម្មភាព​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ពី​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​រឿង EBA នេះ ធ្វើឡើង​បន្ទាប់ពី​ប្រតិភូ​អឺរ៉ុប​ទើបតែ​បាន​បិទ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា នៅ​ដើមខែ​មិថុនា​នេះ។

សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណើរការ​តាម​ដាន និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា នៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ។ បន្ទាប់​ពី​នេះ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របកគំហើញ និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេលនោះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១​ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ​។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដកហូត​មែន នោះ​ការ​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ខែ សីហា ឆ្នាំ​២០២០ ខាងមុខ។

បើ​ត្រូវ​បង់ពន្ធ​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ថវិកា​ជិត ៧​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​វិស័យ​ឯកជន​រារែក​ចិត្ត​ក្នុង​ការ​បន្ត​រកស៊ី​នៅ​កម្ពុជា​តទៅទៀត ហើយ​ពេលនេះ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​សង្គម អាច​មាន​ទំហំ​ធំធេង​ជាង​នេះ។

ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​លើក​ទី​២ កាល​ពេល​ថ្មីៗ​នេះ គណៈប្រតិភូ​អឺរ៉ុប​បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ​ជាថ្មី​ម្តង​ទៀត​ថា ប្រសិនបើ​របប​នេះ​នៅ​ចង់​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត របប​នេះ​ត្រូវតែ​កែ​លម្អ​កង្វល់​ទាំងឡាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​ពិតប្រាកដ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជឿជាក់​ថា ប្រទេស​ហុងគ្រី នឹង​មិន​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ផ្លាស់ប្ដូរ​ជំហរ​ក្នុង​រឿង EBA នេះ​ឡើយ ផ្ទុយទៅវិញ ការបាត់បង់ ឬ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​។ លោក​យល់​ឃើញ​ថា សហភាព​អឺរ៉ុប​ទំនងជា​មិន​ចង់​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ឡើយ ក៏ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ណាមួយ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ​នោះ សហភាព​អឺរ៉ុប​អាច​នឹង​បង្ខំចិត្ត​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៖ «ឥលូវ​នេះ​កូនសោ​ចាក់​ឱ្យ​មាន​ដំណោះស្រាយ​ហ្នឹង គឺ​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹងឯង​។ បើ​កម្ពុជា​យើង​ដោះ​ (​ ស្រាយ​ )​ បញ្ហា​ទាំង​ប៉ុន្មាន​ដែល​សហភាព​អឺរ៉ុប​លើកឡើង ដូច​ជា រឿង​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេរីភាព​សមាគម សិទ្ធិ​ចងក្រង​គ្នា​ជា​សហជីព និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ រួម​ជាមួយ​នឹង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ជាដើម នោះ​ប្រាកដជា​កម្ពុជា​មិន​បាត់បង់ EBA ហ្នឹង​ទេ»។

ភ្លាមៗ ​ក្រោយ​ការ​ប្រតិភូ​អឺរ៉ុប​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ មិថុនា មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច​លោក សុខ ឥសាន បាន​ប្រកាស​មិន​ទទួលយក​សំណើ​របស់​សហគមន៍​អន្តរជាតិ​នេះ​ឡើយ ជាពិសេស ​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា​។ លោក សុខ ឥសាន បាន​ប្រៀបធៀប​ករណី​រំលាយ​គណបក្សប្រឆាំង ដែល​សង្គម​ស៊ីវិល​ចាត់ទុកជា​ករណី​រំលោភច្បាប់​នោះ ទៅ​នឹង​ខ្មោច​ដែល​ស្លាប់​ហើយ មិន​អាច​រស់​ឡើងវិញ​បាន​ឡើយ។

សារព័ត៌មាន​របស់​ប្រទេស​ហុងគ្រី ឈ្មោះ ហុងគ្រី ធូដេ (Hungary Today) ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ មិថុនា​ថា នាយករដ្ឋមន្ត្រី ហុងគ្រី លោក វិចទ័រ អរប៊ែន បាន​គាំទ្រ​ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា និង​អឺរ៉ុប ហើយ​ទំនាក់ទំនង​នេះ មិន​ត្រូវ​យក​បញ្ហា​នយោបាយ​​មក​ដោះស្រាយ​នោះ​ទេ​។ កាសែត​នេះ មិនបាន​បញ្ជាក់​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា ហុងគ្រី​នឹង​ជួយ​កម្ពុជា​ក្នុង​ករណី EBA នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។