លោក ហ៊ុន សែន ថ្លែង​នៅ​មហាសន្និបាត​អ.ស.ប​ជា​លើកដំបូង ខណៈ​សហគមន៍​អន្តរជាតិ​ចោទ​សួរ​ពី​ភាព​ស្រប​ច្បាប់​របប​ថ្មី​របស់​លោក

មាន ឫទ្ធិ
2018.09.29
ហ៊ុន សែន ៦២២ លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។
Photo Screenshot

លោក ហ៊ុន សែន បាន​ឡើង​ថ្លែងការណ៍​នៅ​ឯ​សម័យប្រជុំ​លើក​ទី៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​បូរី​ញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅ​រសៀល​ថ្ងៃ​ទី២៨ កញ្ញា នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃទី ២៩ កញ្ញា ដោយ​ការពារ​ភាព​ស្របច្បាប់​នៃ​របប​ថ្មី​របស់​លោក។ នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​មាន​វត្តមាន​ទៅ​ថ្លែងការណ៍​នៅ​ឯ​សាល​ប្រជុំ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ ក្រោយពី​លោក​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​រង​ការ​ថ្កោលទោស​ពី​ជុំ​ទិស និង​ជម្នះ​រៀបចំ​រដ្ឋសភា និង​របប​ថ្មី​រួចមក។

ថ្លែង​ក្នុង​សភាព​នឿយហត់ និង​ហាក់​អស់កម្លាំង​នៅឡើយ ដោយសារ​ខុស​ពេល​វេលា​គ្នា ក្នុង​សុន្ទរកថា​រយៈពេល ១៨​នាទី នៅ​ចំពោះ​មុខ​ក្រុម​មេដឹកនាំ​ពិភពលោក លោក ហ៊ុន សែន បាន​ការ​ពារ​ភាព​ស្របច្បាប់​នៃ​របប​ថ្មី​របស់​លោក ដែល​លោក​ថា កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី ពហុបក្ស គ្មាន​ការ​បង្ខិតបង្ខំ និង​អាច​ជឿ​ទុកចិត្ត​បាន។ លោក ហៅ​ទង្វើ​អ្នក​ទាំងឡាយ​ណា​ដែល​ចោទសួរ​ពី​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ ថា​គឺជា​ការប្រមាថ​ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា៖ «ជា​ការពិត​ជម្រើស​ដោយ​សេរី របស់​ប្រជាជន​កម្ពុជា និង​លទ្ធផល​ប្រកប​ដោយ​ធម្មានុរូប នៃ​ការ​បោះឆ្នោត​នេះ មិនមែន​ជា​ប្រធានបទ​ដែល​ត្រូវ​ចោទសួរ ឬ​ពិភាក្សា​ដេញដោល​នោះ​ទេ។ ក៏ប៉ុន្តែ មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា ប៉ុនប៉ង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា នៅតែ​ធ្វើ​មិន​ឃើញ​នូវ​គុណភាព និង​សុចរិត​ភាព​នូវ​ដំណើរការ​បោះឆ្នោត របស់​យើង តាមរយៈ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​នានា​ប្រឆាំង ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែល​ទង្វើ​បែបនេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា»

ការប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​នេះ លោក ហ៊ុន សែន មិនបាន​លើកឡើង​ពី​ការណ៍​ដែល​របប​របស់​លោក​ខ្លួន​ឯង បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​សំឡេង​ពលរដ្ឋ​ម្ចាស់​ឆ្នោត គាំទ្រ​ដល់​ទៅ​ជិត​ពាក់​កណ្តាល​ប្រទេស​នោះ​ទេ ហើយ​ដែល​គណបក្ស​កាន់អំណាច​របស់​លោក បាន​ដក​ហូត​យក​អាសនៈ​សភា​ចំនួន ៥៥​អាសនៈ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥០០៧​អាសនៈ របស់​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​មក​ពី​ការ​បោះឆ្នោត​ស្របច្បាប់ ទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឲ្យ​នោះ​ឡើយ។ លោក ក៏​មិនបាន​រំឮក​ពី​ការណ៍​ដែល​របប​របស់​លោក បាន​ចាប់​ដាក់គុក ចំពោះ​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង សកម្មជន​នយោបាយ ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ ព្រមទាំង​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល និង​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ឥត​ស្រាកស្រាន្ត នៅមុន និង​ក្រោយពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ នោះ​ឡើយ។

ដោយ​មិន​ភ្លេច​រម្លឹក​អំពី​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ជុំវិញ​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក និង​ការ​រំខាន​អធិបតេយ្យ​រដ្ឋ​ឯករាជ្យ ដែល​លោក​ថា គួរតែ​ត្រូវ​ចៀសវាង លោក ហ៊ុន សែន ក៏​បាន​សម្ដែង​ការ​សោកស្តាយ ការណ៍​ដែល​ក្រុម​ប្រទេស​មានអំណាច​មួយ​ចំនួន បាន​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស ជា​លេស​សម្រាប់​ការ​លូកដៃ​ជ្រៀតជ្រែក ក្រោម​ផ្លាក​ការពារ​សិទ្ធិ​នយោបាយ។ ទំនងជា​ចង់​សំដៅ​ទៅ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​បស្ចិម​លោក លោក ហ៊ុន សែន រិះគន់​ថា ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី បាន​ក្លាយ​ជា​អាវុធ​ដ៏​ពេញ​និយម​របស់​ប្រទេស​មាន​អំណាច នៅ​ក្នុង​ការគ្រប់គ្រង​នយោបាយ​អន្តរជាតិ ក្រោម​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ មក​លើ​ប្រទេស​តូចតាច។ លោក​ស្នើ​ថា ប្រទេស​ធំៗ មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​ពួកគេ មក​លើ​ប្រទេស​តូចតាច​ជាង​ខ្លួន​នោះ​ឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនោះ ក៏​មាន​អធិបតេយ្យភាព និង​មាន​សេចក្ដី​ប្រាថ្នា​ស្របច្បាប់​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​របស់​ខ្លួន​ផង​ដែរ។ លោក ហ៊ុន សែន ថា ផ្នត់គំនិត​ចាប់​បង្ខំ​បែប​ចាស់​គម្រិល​ទាំងនេះ គួរតែ​ត្រូវ​បញ្ចប់។

លោក ហ៊ុន សែន ក៏​មិន​ភ្លេច​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក​ដោយ​មិន​និយាយ​ចំ​ឈ្មោះ ដែល​លោក​ចោទ​ថា បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​សាកល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ បាន​វាយប្រហារ​លើ​ទ្រឹស្ដី​ពហុ​និយម និង​បាន​បង្កើត​ឲ្យ​មាន​នូវ​គោលនយោបាយ​បែប​គាំពារ​និយម ឯកតោភាគី​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម​ឡើងវិញ។ លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ កាន់តែ​ទទួលរង​នូវ​ការ​អូស​បន្លាយ​នៃ​ភាព​ក្រីក្រ និង​បង្ក​បញ្ហា​ភេរវកម្ម អំពើ​ជ្រុលនិយម និង​ជម្លោះ​ក្នុង​តំបន់​ទៀត​ផង។ ក្នុង​ន័យ​នេះ លោក​ជឿ​ថា ពាណិជ្ជកម្ម​ពិភពលោក មិន​គួរ​ត្រូវ​រាំងស្ទះ​ដោយ​ការកំណត់​ពន្ធ​ជា​ឯកតោភាគី​នោះ​ទេ តែ​គួរ​ត្រូវ​បាន​លើក​តម្កើង និង​គាំទ្រ​តាមរយៈ​ការ​ប្រកាន់​នូវ​គោល​នយោបាយ អំណោយផល​សមស្រប ព្រមទាំង​ការ​ផ្ដល់​ក្របខ័ណ្ឌ​អនុគ្រោះ​ពិសេស​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ លោក ហ៊ុន សែន ចង់​សំដៅ​ថា ក្រុម​ប្រទេស​បស្ចិម​លោក មិន​គួរ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ​ទេ បើ​ទោះ​ជា​របប​លោក​កើត​ចេញពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​ក៏ដោយ។

នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក ហ៊ុន សែន ឡើង​ថ្លែងការណ៍​នេះ លោក​ក៏បាន​ឆ្លៀត​សរសេរ​សារ​ឌឺដង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ចោទ​សួរ​ថា ឯណា​ទៅ​អាមេរិក​មិន​ឲ្យ​ជាន់​ដី និង​ថា ឯណា​ទៅ​ដែល​អាសនៈ​នៅ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​ព្យួរ? លោក ហ៊ុន សែន បាន​ទម្លាក់​ភាព​អៀនខ្មាស ដែល​គួរតែ​ជា​រូបលោក ទៅ​ឲ្យ​អ្នក​ដែល​លោក​ចោទ​ថា ជា​អ្នក​បោក​ប្រាស់​គេ ដែល​លោក​ថា​គួរ​មានការ​អៀនខ្មាស។

សារ​ឌឺដង​របស់​លោក ហ៊ុន សែន នេះ ទំនងជា​លោក​ចង់​សំដៅ​ទៅ​ក្រុម​មន្ត្រី និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​តែ​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្លៀវក្លា​នៅ​ខាង​ក្រៅ​បរិវេណ​អគារ​ស្នាក់​ការ​អង្គការ​សហប្រជាជាតិ និង​ស្រប​ពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ កំពុង​ធ្វើ​យុទ្ធនាការ​ការទូត ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​របប​ថ្មី ដែល​លោក ហ៊ុន សែន ទើបបាន​បង្កើត​ឡើង​នេះ ហើយ​ដែល​ពួកគេ​ចាត់ទុកថា ជា​របប​ខុសច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ និង​បង្គ្រប់​កិច្ច​នោះ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន មិន​បាន​ពន្យល់​ទេ​ថា ទឹកដី​ដែល​លោក​កំពុង​ឈរ​ថ្លែងការណ៍​នេះ គឺជា​ទឹកដី​អន្តរជាតិ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ទីស្នាក់ការ​កំពូល​របស់​អង្គការសហប្រជាជាតិ​នោះ​ទេ។

លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ផ្ដាច់ការ និង​ល្បីឈ្មោះ​ខាង​រំលោភ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តែ​ម្នាក់​ទេ ដែល​អាច​មក​ថ្លែងការណ៍​នេះ​បាន។ កាលពី​សម័យ​ខ្មែរក្រហម ក្រុម​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ​លោក អៀង សារី ក៏​នៅតែ​អាច​មាន​ឱកាស​មក​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​ដែរ។

ក្រោម​ច្បាប់​អន្តរជាតិ និង​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ១៩៤៧ រវាង​សហរដ្ឋអាមេរិក និង​អង្គការ​សហប្រជាជាតិ ស្ដីពី​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ​នៅ​បូរី​ញ៉ូវយ៉ក​នេះ មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​អាមេរិក ក្នុង​នោះ​មាន​គុយបា ហ្ស៊ីមបាវ៉េ វេណេហ្ស៊ុយអេឡា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម នៅតែ​អាច​មាន​ឱកាស​មក​ចូលរួម​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​បាន។

លោក ហ៊ុន សែន ក៏​ទំនង​ជា​មិន​មាន​ចិត្តសឿង​ហ៊ាន​ធ្វើដំណើរ​ទៅ​ណា​ឆ្ងាយ ឬ​ចាក​ចេញពី​រង្វង់​គូស​វៀស​នៃ​ទឹកដី​អន្តរជាតិ​នៅ​ម្ដុំ​បរិវេណ​ទី​ស្នាក់​កំពូល​របស់​អង្គការសហប្រជាជាតិ​នៅ​បូរី​ញ៉ូវយ៉ក​នេះ​ដែរ តួយ៉ាង​ដូចជា​ទៅកាន់​បណ្ដា​រដ្ឋ​ដទៃ​នៃ​សហរដ្ឋអាមេរិក​ឡើយ ព្រោះ​លោក​ដឹង​ច្បាស់​ថា លោក​អាច​នឹង​ជួប​បញ្ហា ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​បញ្ចូល​ឈ្មោះ​លោក មន្ត្រី​ជិតស្និទ្ធ ព្រមទាំង​កូន​របស់​លោក សរុប ១៧​រូប ចូល​ក្នុង​បញ្ជី​ខ្មៅ រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ ក្រោយ​សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ២០១៨ ហើយ​កំពុង​រង់ចាំ​អនុម័ត​បន្ត​ដោយ​ព្រឹទ្ធសភា មុននឹង​ដាក់​ឲ្យ​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ចូល​ជា​ធរមាន​ផ្លូវការ។

មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​លោក ហ៊ុន សែន ការណ៍​ដែល​លោក​បាន​ទៅ​អង្គុយ​នៅ​លើ​អាសនៈ​តំណាង​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា នៅ​ឯ​អង្គការសហប្រជាជាតិ​នា​ពេល​នេះ។ នេះ​គឺ​ដោយសារតែ លោក​ត្រូវ​យក​មុខមាត់ និង​កិត្តិយស​របស់​លោក ទៅ​លាក់​ទុក​មួយ​អន្លើសិន ពី​ក្រុម​ប្រទេស​បស្ចិម​លោក ជាពិសេស​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ ក្រោយពី​លោក​បាន​គាស់​រម្លើង និង​រម្លាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ស្ថាពរ តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ដែល​ត្រូវ​គេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ​» និង​រង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ។

នៅ​ប៉ុន្មាន​ថ្ងៃមុន ពេល​លោក​ឈាន​ជើង មក​ជាន់​ទឹកដី​ទីស្នាក់ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ នា​បូរី​ញ៉ូវយ៉ក​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បាន​បកអាក្រាត​របប​ថ្មី​របស់​លោក ទៅ​កាន់​សហគមន៍​អន្តរជាតិ នៅ​ឯ​សម័យប្រជុំ​ពេញអង្គ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​បាន​ចោទសួរ​ត្រង់ៗ អំពី​ភាព​ស្របច្បាប់​នៃ​របប​ថ្មី ដែល​លោក​ទើបបាន​បង្កើត​នេះ ដោយសារតែ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្ងៃទី២៩ កក្កដា គឺជា​ការបោះឆ្នោត ដែល​អ្នកស្រី​ថា បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ហើយ​បាន​ប្រែក្លាយ​កម្ពុជា​ទៅជា​រដ្ឋ​ឯក​បក្ស​រួចជាស្រេច​ទៅ​ហើយ។

បន្ថែម​ពី​នេះ​ទៀត អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ទំនងជា​ឈរជើង​មិនសូវ​នឹង​ល្អ ក្នុង​ពេល​ថ្លែង​សុន្ទរកថា និង​ពេល​មាន​វត្តមាន​នៅ​លើ​ទឹកដី​អាមេរិក​នេះ​ទៀតសោត គឺ​រឿងរ៉ាវ​មិន​រំពឹង​ទុក​មួយ​បាន​កើតឡើង​ចំពោះ​មេដឹកនាំ​ប្រទេស វេណេហ្ស៊ុយអេឡា គឺ​លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ខណៈ​ដែល​មេដឹកនាំ​មិន​សូវ​មាន​ឈ្មោះ​ល្អ​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ។ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​រូប​នេះ ត្រូវ​បាន​ប្រទេស​ចំនួន ៦ រួមមាន អាហ្សង់ទីន ( Argentine ) ឈីលី ( Chile ) កូឡុំប៊ី ( Columbia ) ប៉ារ៉ាហ្គាយ ( Paraguay ) ប៉េរូ ( Peru ) និង​ប្រទេស​កាណាដា ( Canada ) កាលពី​ថ្ងៃ​ពុធ ទី២៦ កញ្ញា បាន​រួមគ្នា​ដាក់​លិខិត ជំរុញ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ឲ្យ​បើក​ការស៊ើបអង្កេត និង​កាត់ទោស​រូបលោក​ជាបន្ទាន់ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដោយសារតែ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​លោក​បាន​ប្រព្រឹត្តិ​នៅ​ក្នុង​ប្រទេស ទៅលើ​ប្រជាជន​វេណេហ្ស៊ុយអេឡា និង​បាន​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ដោយ​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់គុក ដើម្បី​រក្សា​អំណាច ដូច​អ្វី​ដែល​លោក ហ៊ុន សែន បាន​យក​គំរូ​តាម​នេះ​ស្រាប់។

សម្រាប់​ឆ្នាំ២០១៨ នេះ មហាសន្និបាត​លើ​ទី៧៣ របស់​អង្គការសហប្រជាជាតិ​នេះ ធ្វើ​ឡើង​ក្រោម​មូលបទ «​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារៈសំខាន់ ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់៖ ភាពជា​អ្នកដឹកនាំ​សាកល និង​ការទទួលខុសត្រូវ​រួម សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព»។ មហាសន្និបាត​នេះ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៨ កញ្ញា ដល់​ថ្ងៃ​ទី១ តុលា ហើយ​មាន​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស និង​រដ្ឋ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ទាំងអស់​ចូលរួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។