មេដឹកនាំរបបក្រុងភ្នំពេញ ជំរុញឱ្យគ្រួសារជនរងគ្រោះនិងអ្នកខូចខាតទ្រព្យសម្បត្តិដោយសារការរលំបាក់អគារកម្ពស់ ៧ជាន់នៅក្រុងព្រះសីហនុ ដាក់បណ្ដឹងទៅតុលាការដើម្បីទាមទារសំណង ប៉ុន្តែមិនបានប្រកាសផ្ដល់មេធាវី ឬជួយសម្របសម្រួលផ្លូវច្បាប់នោះទេ។ គ្រួសារជនរងគ្រោះ និងសង្គមស៊ីវិល ស្នើសុំឱ្យរដ្ឋាភិបាលឯកបក្សជួយផ្ដល់សេវាផ្លូវច្បាប់ដល់គ្រួសារជនរងគ្រោះ ព្រោះពួកគាត់សុទ្ធតែមានបំណងប្ដឹងទៅតុលាការដើម្បីទាមទារយុត្តិធម៌។
លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោក ទទួលខុសត្រូវផ្ដល់ប្រាក់ឧបត្ថម្ភតែចំពោះ ពលរដ្ឋដែលស្លាប់និងរបួសនោះទេ ចំណែកម្ចាស់ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលរងការខូចខាត ដោយសារការរលំបាក់អគាររបស់ជនជនជាតិចិន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុនោះ គឺមិនទទួលខុសត្រូវផ្តល់ប្រាក់ឧបត្ថម្ភឡើយ ព្រោះពុំមានអ្នករបួស ឬគ្រោះថ្នាក់ដល់អាយុជីវិត។
លោក ហ៊ុន សែន បានសរសេរនៅសារនៅក្នុងខមមិន (Comment) លើហ្វេសប៊ុក (Facebook) របស់លោកឆ្លើយតបថា អ្នកប្រើប្រាស់បណ្ដាញនៅលើកឡើងច្រំដែលអំពីជនជាតិជប៉ុនដែលហាងគាត់ត្រូវបំផ្លាញដោយអគាររលំសង្កត់លើ។ លោកបញ្ជាក់ជាថ្មីថា ប្រសិនបើគាត់ស្លាប់ ឬរបួសគាត់នឹង ទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិ គឺត្រូវដោះស្រាយតាមផ្លូវ តុលាការ ដែលគាត់ត្រូវដាក់ពាក្យប្ដឹងដើម្បីទាមទារសំណង។ លោក ហ៊ុន សែន បន្ថែមថា មិនគ្រាន់ ហាងជប៉ុននោះទេ សូម្បីតែគ្រួសារជនរងគ្រោះដែលស្លាប់ និងរបួស ដែលបានជំនួយឧបត្ថម្ភរួច ហើយក៏មានសិទ្ធិដាក់បណ្ដឹងទៅតុលាការ ដើម្បីទាមទារសំណងផងដែរ។ ចំណែកម្ចាស់ទ្រព្យ សម្បត្តិដទៃទៀត ដូចជាម្ចាស់យានដ្ឋានអរុណរះដែលរងការខូចខាត ក៏ត្រូវដាក់បណ្ដឹងដូចគ្នា។
ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានប្រកាសថា លោកនឹងជួយសម្របសម្រួលផ្លូវ ច្បាប់ឬជួយផ្ដល់ក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកដល់ក្រុមគ្រួសារអ្នករងគ្រោះ និងគ្រួសារអ្នកខូច ខាតទ្រព្យសម្បត្តិនោះទេ។
គ្រួសារជនរងគ្រោះ និងកម្មករសំណង់ដែលរងបួស លើកឡើងថា ពួកគាត់សុទ្ធតែមានបំណងចង់ ដាក់បណ្ដឹងដើម្បីទាមទារសំណង់ពីក្រុមហ៊ុនចិន និងទាមទារឱ្យតុលាការផ្ដន្ទាទោសចំពោះថៅកែ ជនជាតិចិននោះតាមច្បាប់។
កម្មករសំណង់ដែលរងរបួសនៅខេត្តព្រៃវែង លោក ជា ដា អាយុ ២៩ឆ្នាំរៀបរាប់ថា លោកនៅតែមាន អារម្មណ៍ភិតភ័យនៅឡើយរហូតមកដល់ពេលនេះ ហើយមិនដឹងពីរបៀបប្ដឹងផ្ដល់ទៅតុលាការ នោះទេ ប៉ុន្តែលោកមានបំណងចង់ប្តឹងទៅតុលាការដើម្បីទារសំណង់ជំងឺចិត្ត។ លោកស្នើសុំឱ្យរដ្ឋាភិបាលជួយផ្តល់មេធាវី និងជួយសម្របសម្រួលផ្លូវច្បាប់ ព្រោះលោកមិនសុខចិត្តនោះទេ ដោយសារ ហេតុការណ៍រលំបាក់អគាររបស់ថៅកែជនជាតិចិននោះ បានធ្វើឱ្យលោកនិងប្អូនប្រុសបង្កើតរង របួសធ្ងន់ធ្ងរ ចំណែកពូនិងក្មួយបង្កើតរបស់លោក ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត៖ «ខ្ញុំមានគម្រោងចង់ប្ដឹងដែរ។ សូមឱ្យជួយជនរងគ្រោះ និងអ្នកដែលស្លាប់ផង»។
កម្មករសំណង់ដែលរស់រានមានជីវិតម្នាក់ទៀតនៅខេត្តកំពត លោក ភួង ផេត រៀបរាប់ថា លោក បានជជែកជាមួយមេការសំណង់របស់លោករួចរាល់ហើយ ដើម្បីដាក់បណ្ដឹងទាមទារសំណងជំងឺ ចិត្ត និងប្រាក់ខែរបស់លោកដែលមិនទាន់បានបើក៖ «ខ្ញុំសូមប្ដឹងទាមទារសំណង់ដែរ ប៉ុន្តែខាងមេការរបស់ខ្ញុំគេថា ចាំចប់បុណ្យ៧ថ្ងៃសិន ចាំទៅតវ៉ាទាំងអស់គ្នា»។
គ្រួសារជនរងគ្រោះមួយទៀតនៅខេត្តក្រចេះគឺលោក ឈុំ ចិន្តា រៀបរាប់ថា ឪពុកនិងម្ដាយរបស់លោកបានស្លាប់ ចំណែកប្អូនស្រីរបស់លោករបួសធ្ងន់ ក្រោយជាប់ក្នុងគំនរសំណង់បាក់បែងជាង ២០ម៉ោង។ យុវជនរូបនេះ ក៏មានបំណងដាក់បណ្ដឹងទាមទារយុត្តិធម៌ជូនសពឪពុកម្ដាយនិងប្អូនស្រី ដែលរងរបួសដែរ និងស្នើសុំឱ្យរដ្ឋាភិបាលជួយផ្តល់សេវាផ្លូវច្បាប់ ព្រោះលោកពុំសូវយល់ដឹងអំពី រឿង៖ «ខ្ញុំចង់ទាមទារ៥ម៉ឺនដុល្លារសម្រាប់សាកសពមួយ។ សពប៉ា ខ្ញុំមួយ សពម្ដាយខ្ញុំមួយ ហើយប្អូនស្រីខ្ញុំរងរបួស។ អ្នករងរបួស ខ្ញុំទាមទារសំណងផ្សេងទៀត។ ចំពោះការផ្ដន្ទាទោសទុកឱ្យច្បាប់ជាអ្នកសម្រេចទៅ»។
កាលពីថ្ងៃទី២២ ខែមិថុនា អគារកម្ពស់៧ជាន់ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យមានកម្មករសំណង់ស្លាប់២៨នាក់ និងរបួស២៦ នាក់។ អាគារនេះ ក៏បានបាក់រលំសង្កត់លើភោជនីយដ្ឋានរបស់ជនជាតិជប៉ុន និងយានដ្ឋានអរុណរៈដែលនៅជាប់អគារនោះខ្ទេចខ្ទីអស់ដែរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទួលស្គាល់ថា គ្រួសារជនរងគ្រោះឬអ្នកដែលរងរបួសផ្ទាល់ និងម្ចាស់ទ្រព្យសម្បត្តិដែលរងការខូចខាត មានសិទ្ធិដាក់បណ្ដឹងទៅតុលាការដើម្បីទាមទារសំណងជំងឺចិត្ត។ អ្នកស្រីអំពាវនាវថា ប្រសិនគ្រួសារជនរងគ្រោះមានបំណងដាក់បណ្ដឹងនោះ ពួកគេអាចទាក់ទងទៅមន្ត្រីអាដហុកដែលប្រចាំការ នៅតាមខេត្តដែលពលរដ្ឋកំពុងរស់នៅដើម្បីប្រឹក្សាយោបល់ពីផ្លូវច្បាប់និងដាក់បណ្ដឹងដោយមិនចាំ បាច់ធ្វើដំណើរទៅតុលាការខេត្តព្រះសីហនុខ្លួនឯងក៏បាន។ ទន្ទឹមគ្នានេះ អាដហុក ក៏អាចផ្ដល់មេធាវី ដល់ជនរងគ្រោះដែរ ប្រសិនបើពួកគាត់ត្រូវការ។ ទោះយ៉ាងណាក្តី អ្នកស្រីយល់ថា រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការផ្តល់សេវាផ្លូវជូនជនរងគ្រោះ ព្រោះករណីនេះគឺជារឿងធ្ងន់ធ្ងរបំផុត។
ស្រដៀងគ្នានេះ អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ (BWTUC)លោកយ៉ាន់ ធី លើកឡើងថា រដ្ឋាភិបាលគួរតែមានក្រុមការងារ ឬគណៈកម្មការមួយដើម្បីចាំសម្របសម្រួល ឬក៏ទទួលបណ្ដឹងរបស់ជនរងគ្រោះទាំងអស់នោះ ដើម្បីដាក់ទៅតុលាការ ព្រោះប្រសិនបើឱ្យគ្រួសារជន រងគ្រោះដាក់ពាក្យទៅតុលាការដោយខ្លួនគឺអាចពិបាកដោយសារពួកគាត់ខ្វះចំណេះដឹងនិងក្រីក្រ៖ «ដោយសារជីវភាព និងចំណេះដឹងរបស់គាត់គឺមិនដឹងស្វះស្វែង រកផ្លូវច្បាប់តាមណាទេ។ មានតែរដ្ឋាភិបាលជួយសម្របសម្រួលទៅ ហើយកន្លងមកលោកនាយក រដ្ឋមន្ត្រីក៏មានក្រុមមេធាវីស្ម័គ្រចិត្តរបស់គាត់ដែរ។ ខ្ញុំគិតថា ប្រសិនបើតុលាការ មានឆន្ទៈក្នុងការ ជួយរកយុត្តិធម៌ជូនជនរងគ្រោះនៅតែអាចទាមទារសំណង់បាន ទោះបីជាជនថៅកែ ឬម្ចាស់ ការដ្ឋានជាប់ទោស ឬត្រូវឃុំឃាំងក៏ដោយ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន គឺលោកមេធាវី គី តិច និងអនុប្រធានទទួលបន្ទុកភូមិភាគខេត្តព្រះសីហនុ លោក មេធាវី សាំង វណ្ណៈ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា អាជ្ញាធរកំពុងស្រង់ ស្ថិតិអ្នកដែលរងការខូចខាតទ្រព្យសម្បត្តិដែលស្ថិតនៅជុំវិញអាគារដែលដួលរលំនោះ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមមេធាវីដើម្បីជួយប្រឹក្សាយោបល់ ឬក៏ការពារក្ដីដល់ជនរង គ្រោះ។ ទោះយ៉ាងណាក្តី រហូតមកទាល់ពេលនេះ លោក មិនទាន់ឃើញគ្រួសារជនរងគ្រោះដាក់ បណ្ដឹងនៅឡើយទេ៖ «សំខាន់វាអាស្រ័យលើតម្រូវការរបស់ម្ចាស់បណ្ដឹងទេ ប្រសិនបើគាត់គិតថា ទៅរកមេធាវីដោយខ្លួនឯង ឬមិនមានមេធាវីទេ ហើយពឹងលើរដ្ឋបាលខេត្តឱ្យជួយរក គឺយើងនឹងជួយរកឱ្យគាត់»។
លោកបន្តថា ចំពោះការស្វែងរកអ្នកពាក់ព័ន្ធនិងមូលហេតុនៃការបាក់រលំអគារវិញ គឺក្រុមការងារ កំពុងសិក្សាស្រាវជ្រាវនៅឡើយ។ ក្រោយហេតុការណ៍បាក់រលំអគារនេះ តុលាការបានសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ដែលម្ចាស់អគារ ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ អ្នកមើលការខុសត្រូវការដ្ឋានសាងសង់ និងមេជាងសំណង់។ ចំពោះអតីតអភិបាលខេត្តព្រះសីហនុ ដែលគ្រប់គ្រងខេត្តនេះ រដ្ឋាភិបាលមិនទាន់បានស៊ើបអង្កេត នៅឡើយទេ ប៉ុន្តែបានផ្ទេរ និងដំឡើងដំណែងឱ្យជារដ្ឋលេខាធិការក្រសួងការពារជាតិទៀតផង។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុលោក សុក ហេង ចោទប្រកាន់ម្ចាស់អគារ ឈ្មោះ ចេង គុន (Cheng Kun) អាយុ៣៩ ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនាបង្កឱ្យមានរបួសដោយ អចេតនា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នក ដទៃ។ ចំណែកជនជាតិចិន៣នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើមនុស្សឃាត ដោយ អចេតនាសមគំនិតក្នុងអំពើបង្កឱ្យមានរបួស ដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូច ដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួស ស្នាមដល់អ្នកដទៃ តាមមាត្រ២៩មាត្រា ២០៧ មាត្រា២៣៦ និងមាត្រា៤១៤នៃក្រមព្រហ្មទណ្ឌ។
ក្រុមអង្គការសង្គមស៊ីវិល អះអាងថា ពួកគេនឹងតាមដានមើលការអនុវត្តច្បាប់របស់អាជ្ញាធរ និង តុលាការកម្ពុជាថា តើអនុវត្តច្បាប់បានត្រឹមត្រូវនិងយុត្តិធម៌កម្រិតណា ចំពោះករណីសោកនាដកម្ម បាក់រលំអគាររបស់ជនជាតិចិននៅក្នុងទឹកដីខេត្តព្រះសីហនុនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។