មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ព្រមានថា លោកនឹងឱ្យអាជ្ញាធរចាប់ខ្លួន អ្នកទោសនយោបាយប្រមូលយកទៅដាក់គុកវិញ បើហ៊ាននិយាយថា ការដោះលែងពួកគេ កើតឡើងដោយសារសម្ពាធអន្តរជាតិ។ អ្នកវិភាគថា ការលើកឡើងបែបនេះ បង្ហាញថា សកម្មភាពចាប់ចង និងដោះលែង សកម្មជនបក្សប្រឆាំងកន្លងមក មិនមែនជាគោលការណ៍ច្បាប់ទេ ជាការធ្វើឡើងតាមមាត់និងអារម្មណ៍របស់លោក ហ៊ុន សែន តែម្នាក់។
លោក ហ៊ុន សែន គំរាមថា លោកអាចចាប់ខ្លួន អ្នកទោសនយោបាយទាំងអស់ដែលកំពុងមានសេរីភាពបណ្ដោះអាសន្ន ដាក់ចូលក្នុងពន្ធនាគារតាមកន្លែងដើមឡើងវិញតែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះ។ លោកបញ្ជាក់ថា អ្នកដែលត្រូវបានតុលាការ ដោះលែងរួចមកហើយនោះ នៅតែជាប់បទចោទឡើយ។ លោក ហ៊ុន សែន ថា លោកបញ្ជាឱ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧២នាក់ប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀត មិនត្រូវបានដោះលែងទេ ហើយក្រុមមេដឹកនាំបក្សប្រឆាំង ក៏គ្មានការលើកលែងទោសដែរ គឺបន្តចាប់ខ្លួនដដែល។ លោកព្រមានឱ្យមេដឹកនាំគណបក្សប្រឆាំង បញ្ចប់គម្រោងវិលចូលប្រទេសកម្ពុជា បើលោក សម រង្ស៊ី នៅតែជម្នះធ្វើសកម្មភាពវិលចូលប្រទេសវិញ នោះ លោក នឹងនៅតែបន្តចាប់ខ្លួនអ្នកគាំទ្រលោក សម រង្ស៊ី តទៀត៖ «ថា អាក្រៅ អាមេក្លោងវាចុះ ប៉ិនតែអានេះខាងក្នុងស្អីគេដែរ ! លោក ហ៊ុន សែន ត្រូវគេគាបសង្កត់ហើយបានដោះលែង ឥឡូវសាកឬ ចង់សាកឬ ប្រមូលយកមកវិញ គឺប្រមូលបាន។ ខ្ញុំថា ត្រឹម៣ថ្ងៃប្រមូលបានមកវិញអស់ ត្រឹមតែ ៣ថ្ងៃទេ បើ ហ៊ុន សែន ចេញបញ្ជា ក្រោមហេតុផលសន្តិសុខជាតិ ប្រមូលមកវិញខ្ទេច ដាក់ចូលគុកវិញ។ រួចហើយ កាត់ ( ក្ដី ) តែម្ដងទៅ កាត់ឱ្យស្រូត រួចហើយ បែងចែក អាណាទៅ គុកព្រះវិហារ អាណាទៅគុកពោធិ៍សាត់ អាណាទៅត្រពាំងផ្លុង អាណានៅព្រៃស លេងហែងអ៊ីចឹងទៅមើល។ ប៉ុន្តែ នយោបាយសន្ដោសប្រណីដែលហ៊ុន សែន ធ្លាប់ប្រើពីមុន បន្តប្រើប្រាស់ ដោយសារបងប្អូនចាញ់បោកគេ»។
ចំណែក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា ការដោះលែងអ្នកទោសនយោបាយដោយសារសម្ពាធរបស់សហភាពអឺរ៉ុប ទើបលោក ហ៊ុន សែន ចាប់ផ្ដើមដោះលែងអ្នកទោសនយោបាយ។ លោកសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់បន្តិចទៀត ហើយលោកកំពុងប្រើប្រាស់មធ្យោបាយការទូត ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដោយអហិង្សា និងសន្តិវិធី។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការគំរាមចាប់ខ្លួនអ្នកទោសនយោបាយយកទៅ ដាក់ពន្ធនាគារវិញ បង្ហាញឱ្យគេឃើញថា អតីតអ្នកជាប់ឃុំទាំងនោះ ជាមនុស្សស្អាតស្អំ គ្មានទោស។ កញ្ញា លី ស្រីស្រស់បន្តថា សំដីរបស់លោក ហ៊ុន សែន មិនសមជាមេដឹកនាំល្អដោយសារតែ លោកដឹកនាំប្រទេសអាស្រ័យលើតាមអារម្មណ៍ និងគ្មានឆន្ទៈ ដោះលែងពលរដ្ឋគ្មានកំហុសពិតប្រាកដ៖ «ការលើកឡើងថា ការដោះលែងជាសមិទ្ធផល វាជាទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ខ្ញុំគិតថា វានៅមានកម្រិតទេ ពីព្រោះថា បើសិនជាយើងចង់បង្ហាញអំពើល្អ ម្ល៉េះអ្នកទាំងអស់នោះ មិនត្រូវបានចាប់ឃុំខ្លួន។ អ៊ីចឹង ខ្ញុំគិតថា ការលើកឡើងបែបនេះ វាគឺជាសញ្ញាបញ្ជាក់មួយដែរ ថាយើងមិនទាន់អនុវត្តតាមគោលការណ៍ច្បាប់ គោលការណ៍អ្វីទេ គឺអ្នកដឹកនាំនៅតែប្រើប្រាស់អារម្មណ៍ នៅក្នុងការសម្រេចគោលនយោបាយ ព្រោះការសម្រេចទៅលើបញ្ហាមួយចំនួនហ្នឹង គឺផ្ដោត ឬគេហៅថា ផ្ដោតទៅលើតែអារម្មណ៍របស់ខ្លួនដែរ»។
សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ចំនួន៨៨នាក់ត្រូវអាជ្ញាធរលោក ហ៊ុន សែន ចាប់ខ្លួនចាប់តាំងពីខែសីហា។ នៅថ្ងៃទី១៦ វិច្ឆិកា គណបក្សនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍ ស្វាគមន៍ចំពោះការដោះលែងអ្នកទោសនយោបាយ ការដកហូតដីកា ចាប់ខ្លួន និងការបន្ធូរបន្ថយលក្ខខណ្ឌតុលាការរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែរ។ ប៉ុន្តែគណបក្សប្រឆាំង បន្តទាមទារឱ្យបញ្ចប់ការចោទប្រកាន់ លើអ្នកទោសនយោបាយទាំងអស់ទៅតាមសំណើរបស់សហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។