លោក ហ៊ុន សែន គំរាម​ចាត់​ការ​ត្រកូល "ហ៊ុន" ប្រសិនបើ​ហ៊ាន​ល្មើស​ច្បាប់

ដោយ តាំង សារ៉ាដា
2018.02.22
គ្រួសារ​ត្រកូល ហ៊ុន ២០១៧ ១៤៤០ (ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។
Photo: RFA

មេដឹកនាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ត្រកូល "ហ៊ុន" ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ល្មើស​ច្បាប់។ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ហិង្សា​របស់​កូន​លោក​បង្កើត គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រព្រឹត្ត​ទៅ​លើ​តារា​ល្បីៗ​មួយ​ចំនួន​នោះ។

ក្រោយ​ព័ត៌មាន​រួម​ភេទ​ដោយ​ហិង្សា និង​ការ​មិន​ទទួល​ខុស​ត្រូវ​ក្រោយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ដោយសារ​ស្នាដៃ​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ត្រូវ​ផ្សព្វផ្សាយ​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​មក​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​អត់​អោន​ឲ្យ​ត្រកូល "ហ៊ុន" ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជាង ៣០​ឆ្នាំ​រូប​នេះ​ប្រកាស​ប្រាប់​កម្មករ​កាល​ពី​ថ្ងៃ​ពុធ ទី​២១ ខែ​កុម្ភៈ ថា ត្រកូល "ហ៊ុន" ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ គឺ​ត្រូវ​ទទួល​ទោស​ដូចគ្នា ហើយ​សម្រាប់​អ្នក​ណា​ធ្វើ​អាក្រក់ ពួកគេ​នឹង​ត្រូវ​ជាប់​គុក​តាម​របៀប​អាក្រក់៖ «អ្នក​ដទៃ​មាន​ត្រកូល​ហ៊ុន​ដែរ។ ត្រកូល ហ៊ុន មាន​ល្អ មាន​អាក្រក់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាក្រក់ យក​ទៅ​អនុវត្ត​តាម​ច្បាប់​ទៅ។ អ្នក​ណា​ប្រើ​ត្រកូល ហ៊ុន ទៅ​បំពាន​ច្បាប់​គឺ​ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា។ ច្បាប់​គ្មាន​ការ​លើកលែង​សម្រាប់​ត្រកូល​ណា​ទាំង​អស់»

​ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​របស់​លោក ហ៊ុន ម៉ានី។

​កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ជន​អនាមិក ឬ​ហៅ​ថា ហែគឃើរ (Hacker) បាន​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ហើយ​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្ទេចខ្ទី​គ្មាន​សល់​នូវ​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ហិង្សា​របស់​លោក ហ៊ុន ម៉ានី ដែល​បណ្ដាល​ឲ្យ​នារី​មួយ​ចំនួន​រង​គ្រោះ​រហូត​ដល់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ថែម​ទៀត។

រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នោះ​ក៏​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ធ្វើ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​មក​កំដរ​លោក ហ៊ុន ម៉ានី។

​នៅ​ក្នុង​សារ​ឆ្លើយ​ឆ្លង​រវាង​លោក ហ៊ុន ម៉ានី និង​នាង ដួង ហ្សូរីដា ដែល​បាន​បែក​ធ្លាយ​នោះ នាង​បាន​ប្រាប់​ទៅ​លោក ហ៊ុន ម៉ានី ថា​នារី​ដែល​នាង​បាន​រក​ឲ្យ​លោក ហ៊ុន ម៉ានី សុទ្ធ​តែ​ជា​ក្រមុំ​ព្រហ្មចារី ហើយ​លោក ហ៊ុន ម៉ានី អាច​ធ្វើ​អ្វី​ក៏​បាន​ទៅ​តាម​ចំណង់​ផ្លូវ​ភេទ​របស់​លោក។

ចំណែក​រឿង​ដែល​គួរ​អោយ​អនិច្ចា​ជា​ទី​បំផុត​នោះ គឺ​កញ្ញា​ម្នាក់ ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួល​ស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​ទៅ នោះ​នាង​នឹង​តាម​ចង​កម្ម​ចងពៀរ​ចិត្ត​តិរច្ឆាន​របស់ ហ៊ុន ម៉ានី អស់​មួយ​ជីវិត។

ជាង​នេះ​ទៅ​ទៀត កញ្ញា​រូប​នេះ​ក៏​បាន​ផ្ញើ​រូបភាព​អារ​ដៃ​សម្រក់​ឈាម​បញ្ជាក់​អំពី​ការ​ឈឺ​ចិត្ត​របស់​នាង​ចំពោះ​ការ​បោះបង់​រូប​នាង​ចោល៖ «មិន​ថា​ជាតិ​នេះ ឬ​ជាតិ​ក្រោយ​ទេ គឺ​ខ្ញុំ​តាម​ចងកម្មចងពៀរ​អ្នក​ឯង​រហូត។ ត្រូវ​តែ​ចងកម្ម ចងកម្ម​ឲ្យ​អ្នក​ឯង​សង​កម្ម​ខ្ញុំ​មក​វិញ​ទាំង​អស់។ ខ្ញុំ​មិន​ដឹង​ថា មាន​ស្រី​ប៉ុន្មាន​នាក់​អារ​ដៃ អារ​ជើង​សម្រាប់​យើង​ប៉ុន្មាន​នាក់​ទេ សម្រាប់​ខ្ញុំ ខ្ញុំ​អា​ឲ្យ​ចាំ កុំ​ឲ្យ​ជួប​រឿង​ដូច្នេះ​ទៀត។ ផ្អែម​បាន​តែ​មាត់ គ្មាន​ការ​អាណិត ចិត្ត​ឫស្យា ចិត្ត​ខ្មៅ។ មិន​ត្រឡប់​ក្រោយ​រក​អ្នក​ឯង​វិញ​ទេ។ កុំ​ព្រួយ​បារម្ភ ឲ្យ​អ្នក​ឯង​មាន​សេចក្ដី​សុខ​ចុះ។ ប្រយ័ត្ន​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត ៣០​កំប៉ុង​ហើយ វា​ល្មម​លែង​រស់​ហើយ​បង។ ខ្ញុំ​មិន​ខ្វល់​ពី​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ខ្ញុំ​ខ្វល់​ពី​បង​ឯង។ ស្រលាញ់​បង​ឯង​ច្រើន​ជាង​ខ្លួន​ឯង។ អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ គ្មាន​ការ​ស្មោះត្រង់​ជាមួយ​បង​ឯង​ទេ។ អ៊ីចឹង​កុំ​យក​គេ កុំ​យក​អី​បង។ ធ្វើ​ភារកិច្ច ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ ធ្វើ​ជា​តំណាងរាស្ត្រ​ដ៏​ល្អ ខ្ញុំ​ជូនពរ!»

​ក្រៅពី​កញ្ញា អាយីង ជន​អនាមិក​ដែល​ជា​អ្នក​គ្រប់គ្រង​គណនី​របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ (Hacker) ក៏​បាន​បង្ហាញ​រូប​តារា​ស្រី​មួយ​ចំនួន​ទៀត​ដែល​បាន​ទទួល​រង​នូវ​ការ​ខាំ និង​កកេរ​យ៉ាង​ជាំ​ពេញ​ខ្លួន​រហូត​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថែម​ទៀត។

ទោះបី​ជា​មាន​ករណី​ហិង្សា​ផ្លូវ​ភេទ​របស់​លោក ហ៊ុន ម៉ានី ត្រូវ​បាន​ផ្សព្វផ្សាយ​ផ្អើល​ពេញ​ពិភពលោក​យ៉ាង​ណា​ក៏ដោយ ក៏​លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​និយាយ ឬ​មាន​វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​កូន​ប្រុស​របស់​លោក​មួយ​នេះ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ព្រាន​នារី​ល្មោភ​តណ្ហា ពូកែ​ខាំ​កកេរ​ទៅ​លើ​នារី​ខ្មែរ​ជា​ច្រើន​រូប​រាប់​មិន​អស់​នោះ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក ហ៊ុន ម៉ានី តាម​គណនី​ហ្វេសប៊ុក របស់​លោក​ដែរ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គា​រថា ក្រុម​ចោរ​ដែល​បាន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក (facebook) របស់​លោក ហ៊ុន ម៉ានី នោះ​មិន​អាច​យក​ជា​បាន​ការ​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​ហែគ​ចូល​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី នេះ​យក​ជា​បាន​ការ​មិន​កើត​ទេ។ ពួកគេ​អគតិ​ទាំង​នេះ​គ្រាន់​តែ​ចង់​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»

​ទោះ​បី​ជា​លោក សុខ ឥសាន មិន​ទទួល​ស្គាល់​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែ​លោក​បាន​ចោទ​អ្នក​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថា​ជា​ក្រុម​ឧទ្ទាម​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​ឲ្យ​បង្ហាញ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ៖ «ចំពោះ​ក្មួយៗ​ជា​តារាៗ ជា​នារី​មួយ​ចំនួន​អះអាង​ថា មាន​អ្នក​ធំៗ និង ឧកញ៉ាៗ តាម​ស្រឡាញ់​ខ្លួន​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ធំ​មួយ​ណា? ហើយ​ឧកញ៉ា​មួយ​ណា? បើ​យ៉ាងៗ​ហ្នឹង​អ្នក​ធំ​វា​ច្រើន​ពេក។ និយាយ​អោយ​ចំ​ឈ្មោះ​មើល និយាយ​អ៊ីចឹង​ខូច​អ្នក​ធំ​គេ​អស់​ហើយ»

​នៅ​ពេល​នេះ លោក ហ៊ុន សែន មិន​ចាំបាច់​ប្រឹង​វែក​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ណា​មួយ​នោះ​ទេ ដោយសារ​ពេល​នេះ​ក្រុម​ជន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ នោះ បាន​លាតត្រដាង​គ្មាន​សល់​អស់​ទៅ​ហើយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ អំពាវនាវ​ដល់​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ស្នេហា​បែប​ហិង្សា​របស់​លោក ហ៊ុន ម៉ានី  ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌ និង​ការ​សង​សំណង​ជំងឺ​ចិត្ត ដែល​ត្រូវ​បាន​កូន​ប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ និង​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​នារី​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ានី លា​ឈប់​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ ដោយសារ​រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នេះ​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​នី​បញ្ញត្តិ​របស់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។