លោក ហ៊ុន សែន ព្រមាន​អ្នក​ដែល​ចុះចូល​បក្ស​ប្រជាជន​កម្ពុជា​​ត្រូវ​ស្មោះត្រង់​ជាមួយ​លោក

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មក​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​​ត្រូវ​ស្មោះត្រង់ ហើយ​បើ​​​ហ៊ាន​ក្បត់​លោក​គឺ​មិន​រួច​ខ្លួន​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ ហាក់​បង្ហាញ​ថា លោក ហ៊ុន សែន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​អាវុធ​ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។

លោក ហ៊ុន សែន នៅតែ​មិន​ទាន់​ជឿជាក់​ថា សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​មក​ចុះ​ចូល​ជា​មួយ​លោក មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​​នៅ​ឡើយ​ទេ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោក​មិន​ព្រម​​លើកលែង​ទោស​ទាំង​ស្រុង​ឱ្យ​អ្នក​ចុះចូល​នោះ​ទេ ហើយ​ចំពោះ​សំណុំរឿង​នៅ​សេសសល់​ គឺ​គ្រាន់តែ​តម្កល់​ទុក​មិន​ចាត់ការ​ប៉ុណ្ណោះ។ មេដឹកនាំ​​ក្រាញ​អំណាច​រូប​នេះ ព្រមាន​ថា បើ​អ្នក​ដែល​ចុះចូល​ទាំង​នោះ​មិន​ស្មោះត្រង់​ជាមួយ ពួកគេ​ប្រឈម​នឹង​ការ​វិធានការ​ផ្លូវ​ច្បាប់​គ្រប់ពេល ដែល​ជា​ការ​សើរើ​លើ​បទល្មើស​ចាស់ ឬ​សំណុំរឿង​ដែល​មិន​ទាន់​បាន​លើកលែង​ទោស​នោះ។

លោក ហ៊ុន សែន៖«បើ​អ្នក​ឯង​គ្រាន់តែ​បោកប្រាស់​ខ្ញុំ​ ក៏​អ្នក​ឯង​អត់​រួច​ដែរ ក្នុង​ចំណោម​សំណុំរឿង​ប្រាំ​លើកលែង​បាន​តែ​មួយ​សល់​បួន​ទៀត ហើយ​ឥឡូវ​លើកលែង​ហើយ យើង​ដក​ដីកា​ចាប់​ខ្លួន​ ហើយ​ទុក​សំណុំរឿង​មួយ​កន្លែង ធ្វើ​មិន​ដឹង​មិន​លឺ ប៉ុន្តែ​បើ​អ្នក​ឯង​ហ៊ាន​ក្បត់​ជាមួយ​ការ​សន្យា​ជាមួយ​ខ្ញុំ​ ហើយ​ពេល​ហ្នឹង​អ្នក​ឯង​អត់​នៅ​ក្រៅ​ប្រទេស​ទៀត​ទេ អ្នក​ឯង​ចូល​មក​ក្នុង​ស្រុក​ហើយ អ៊ីចឹង​ទេ អ្នក​ឯង​ក៏​ចេញ​ទៅ​ក្រៅ​វិញ​អត់​រួច​ដែរ»។

លោក ហ៊ុន សែន ព្រមាន​អ្នក​ចុះចូល​ជាមួយ​លោក​ដូច្នេះ ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​ខេត្ត​ពោធិ៍សាត់ ថ្ងៃ​ទី៣០ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា កត់​សម្គាល់​​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​ថា​ ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ក្បត់​នឹង​លោក តែ​បើ​អ្នក​ចុះចូល​ជាមួយ​លោក​គឺ​​រួច​ទោស​បែប​នេះ​ ហាក់​ជា​ការ​បង្ហាញ​ថា ​ជា​គណបក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បម្រើ​នយោបាយ​របស់​ខ្លួន​។ មន្ត្រី​សង្គម​ស៊ីវិល រូប​នេះ បន្ត​ទៀត​ថា អ្នក​ដែល​ចុះចូល​ជាមួយ​គណបក្ស​ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍ ឬ​​ដោយ​ការ​ភ័យ​ខ្លាច​ទាំង​នោះ មិនមែន​ធនធាន​ល្អ​​ឡើយ​ ឬ​អាច​​ទុក​ចិត្ត​បាន​ឡើយ ហើយ​អ្នក​ទាំង​នោះ​នៅ​ថ្ងៃ​ណាមួយ​នឹង​រត់​ចោល​លោក ហ៊ុន សែន វិញ​ នៅ​ពេល​លោក ហ៊ុន សែន លែង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពួកគេ។

លោក រស់ សុដ្ឋា៖«ពួក​ហ្នឹង​ក៏​អត់​សូវ​រឹងមាំ​ដែរ​ នៅពេល​គណបក្ស​ណាមួយ​ដែល​មាន​អំណាច​ អាច​ផ្ដល់​លាភ​សក្ការៈ​ឱ្យ​គាត់​ ក៏​គាត់​ទៅ​ទៀត​ដែរ មាន​ពីរ​ក្រុម​ណា ក្រុម​មួយ​ក្រុម​ដែល​មាន​ភក្ដី​ជាមួយ​គណបក្ស​ខ្លួន ប៉ុន្តែ ឥឡូវ​ចុះចូល​ដើម្បី​យក​តែ​សុខ​យក​រួច​ខ្លួន​សិន​ទៅ​ណា ហើយ​មួយ​ទៀត គេ​ហៅ​ថា ក្រុម​ស្វែងរក​លាភ​កន្លែង​ណា​អត់​លាភ​រត់​ចោល»។

ទោះ​បី​យ៉ាង​ណាអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ ថា គណបក្ស​កាន់អំណាច​មិនមែន​យក​ប្រព័ន្ធ​តុលាការ​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាចចង់​រួចផុត​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​គឺ​ត្រូវ​ឈប់​ធ្វើ​សកម្មភាព​ប្រឆាំងនិង​ត្រូវ​ផ្ដាច់​ខ្លួន​ពី​លោក​ សម រង្ស៊ី។

ទោះយ៉ាងណា រដូវ​បោះ​ឆ្នោត​នេះ គណបក្ស​កាន់​អំណាច បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​ប្រឆាំង​នៅ​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី ទន្ទឹម​គ្នា​នេះ​ដែរ​ គណបក្ស​ប្រជាជន​កម្ពុជា ក៏​កំពុង​ប្រមូល​ទិញ​សកម្មជន​បក្ស​ប្រឆាំង ឬ​អ្នក​ឱ្យ​ធ្លាប់​សរសេរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ការ​ផ្ដល់​តួនាទី និង​ការ​លើកលែង​ទោស​ជាដើម។ បើ​ទោះ​ជា​យ៉ាង​ណា កន្លង​មក​ចំពោះ​អ្នក​នយោបាយ​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច គឺ​លោក ហ៊ុន សែន ប្រើប្រាស់​តែ​ក្នុង​រដូវ​កាល​បោះឆ្នោត​ ប៉ុណ្ណោះ ក្រោយ​មក​អ្នក​ទាំង​ក៏​បាត់​មុខ​ពី​ឆាក​នយោបាយ និង​បាត់​បង់​​តួនាទី​ក្នុង​ជួរ​​រដ្ឋាភិបាល ឬ​អ្នក​ខ្លះ​មាន​តែ​ឋានៈ​តែ​គ្មាន​កន្លែង​ធ្វើ​ការ​ជាដើម៕

លោក ហ៊ុន សែន ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចុះ​ជួប​កម្មករ​រោងចក្រ មក​អង្គុយ​ចាំ​ជួប​អ្នក​ចុះចូល​វិញOpens in new window ]

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។