លោក ហ៊ុន សែន ព្រមាន​​តាម​កម្ចាត់​លោក សម រង្សី និង​បក្ខពួក​ដែល​កំពុង​រត់​គេច​​ឱ្យ​អស់​ពី​សង្គម​ជាតិ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​យក​​ថ្ងៃ​អបអរ​នៃ​ការ​​ផ្ដួលរំលំ​របប​ខ្មែរក្រហម​​ថា លោក​បន្ត​តាម​កម្ចាត់​លោក សម រង្ស៊ី និង​បក្ខពួក​ឱ្យ​អស់​ពី​សង្គម​ជាតិ។ អ្នក​វិភាគ​រិះគន់​ថា​ លោក ហ៊ុន សែន កំពុង​យក​មនោគមវិជ្ជា​របស់ ប៉ុល ពត គឺ​ទ្រឹស្ដី​ ​ជីក​ស្មៅ​ ត្រូវ​ជីក​ទាំង​ឫស​ មក​អនុវត្ត​លើ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ ​ដែល​ទង្វើ​នេះ​ ​មិន​ផ្ដល់​ផល​​ចំណេញ​ដល់​សង្គមជាតិ​ឡើយ។

លោក សម រង្ស៊ី និង​បក្ខពួក​កំពុង​ក្លាយ​ជា​​ក្រុម​គោលដៅ​ទី២ បន្ទាប់​របប​ខ្មែរ​ក្រហម​ ដែល​លោក ហ៊ុន សែន ប្រកាស​តាម​កម្ចាត់។ ទោះ​យ៉ាងណា អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ដែល​លោក ហ៊ុន សែន ប្រឹង​យក​ឈ្នះ​ខ្មែរ​គ្នា​ឯង​ដូច​សព្វ​ថ្ងៃ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ជាតិ​រីក​ចម្រើន​ឡើយ ប៉ុន្តែ ត្រឹម​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​រង​ទុក្ខ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ថ្លែង​ថា លោក​បន្ត​កម្ចាត់​នយោបាយ​​ទណ្ឌិត​ក្បត់​ជាតិ និង​បក្ខពួក​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​អស់​ពី​សង្គមជាតិ ដែល​លោក​ចោទ​ប្រកាន់​ថា ជា​នយោបាយ​ជ្រុល​និយម។ ទោះ​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​នយោបាយ​ទណ្ឌិត​ក្បត់​ជាតិ ថា ជា​អ្នកណា​ក្ដី ប៉ុន្តែ ទំនង​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក សម រង្ស៊ី ទេ ដែល​ត្រូវ​បាន​តុលាការ​របស់​​រដ្ឋាភិបាល​ លោក ហ៊ុន សែន ​កាត់​ទោស ពី​បទ​ក្បត់​ជាតិ និង​បទឧក្រិដ្ឋ ​​ជា​ច្រើន​ករណី​ផ្សេង​ទៀត។​លោក ហ៊ុន សែន ក៏​តែង​ហៅ​លោក សម រង្ស៊ីំ ​​ថា ជា​មេ​ទណ្ឌិត​ក្បត់​ជាតិ​ផង​ដែរ។ លោក ហ៊ុន សែន ក៏​​ព្រមាន​គណបក្ស​នយោបាយ​ ឬ​ជន​ណា​ដែល​បម្រើ​នយោបាយ​លោក សម រង្ស៊ី ត្រូវ​កែប្រែ​ខ្លួន​ឡើងវិញ ​​ឱ្យ​បាន​ទាន់​ពេលវេលា ​បើ​ពុំនោះទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​ច្បាប់។

លោក ហ៊ុន សែន៖«មិន​ត្រូវ​ទុក​ឱ្យ​វា​បន្ត​បំពុល​សង្គម បំផ្លាញ​ដំណើរការ​រីកចម្រើន​ និង​បង្ក​ការ​បែកបាក់​ជាតិ​​ដែល​នឹង​នាំ​ទៅ​ដល់​គ្រោះមហន្តរាយ​ជា​ថ្មី​ទៀត​សម្រាប់​ប្រជាជាតិ​យើង។ យើង​ទាំង​អស់​គ្នា​ត្រូវតែ​ប្ដូរផ្ដាច់​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុល​មិន​ថា​ឆ្វេង មិន​ថាស្ដាំ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា ដើម្បី​ធានា​ថា កម្ពុជា​គ្មាន​សង្គ្រាម​និង​ការ​បែកបាក់​ជាតិ​តទៅ​ទៀត»។

លោក ហ៊ុន សែន ព្រមាន​កម្ទេច​លោក សម រង្ស៊ី ជា​ថ្មី​ពេល​នេះ ក្នុង​ពេល​ ​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃ​ជ័យជម្នះ​ ៧ មករា​ នៅ​រាជធានី ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ថ្ងៃ​ទី៧ ខែ​មករា។

មុន​ពេល​ព្រមាន​កម្ទេច​លោក សម រង្ស៊ី លោក ហ៊ុន សែន លើកឡើង​ពី​ស្នាដៃ​របស់​លោក​ ក្នុង​ការ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម ដែល​មាន​កង​ទ័ព​វៀតណាម​ជួយ​យ៉ាង​ពេញ​ទំហឹង ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៧៩។ លោក​ថា បើ​គ្មាន​ការ​សង្គ្រោះ​ទាន់ពេល​ទេ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ក្រឡាប់​ចាក់ ​ចំណែក​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក៏​ត្រូវ​បាត់បង់​ទាំងស្រុង។ លោក​ថា ថ្ងៃ​៧ មករា ឆ្នាំ១៩៧៩ ធ្វើ​ឱ្យ​កម្ពុជា​ពី​ទឹកដី​មរណៈ មក​ជា​ទឹក​ដី ​លូតលាស់​ ស្រស់​បំព្រង។

ទោះ​យ៉ាងណា​ មន្ត្រី​បក្ស​ប្រឆាំង និង​សិក្សា​ប្រវត្តិសាស្ត្រ ថា ថ្ងៃ​៧ មករា កាល​ពី ៤៤​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ និង​មាន​បំណង​គ្រប់គ្រង​ប្រទេស​កម្ពុជា ហើយ​វៀតណាម​បាន​រៀបចំ​ផែនការ​ក៥​ ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាន់​មីន​ស្លាប់​ជាង ២សែន​នាក់​បង់​ជីវិត និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត របួស​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

ទាក់ទង​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ពេល​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ជា ជីវ យល់​ថា សម្ដី​លោក ហ៊ុន សែន​ គ្រាន់តែ​ជា​ការ​បន្លាច​បំភិតបំភ័យ សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​យល់ថា ពលរដ្ឋ​ឈប់​ខ្លាច​លោក ហ៊ុន សែន ទៀត​ហើយ​។ លោក ជា ជីវ យល់​ថា​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ជន​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ រិះគន់​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន មិន​បាន​ធ្វើ​ប្រទេស​​ជាតិ​រីក​ចម្រើន​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ការ​បែកបាក់​ជាតិ​ថែម​ទៀត។

លោក ជា ជីវ៖«ដោយសារ​លោក​ប្រធាន​របស់​ខ្ញុំ​ខ្លាំង​ ដោយសារ​គ្មាន​គូ​ប្រជែង​ណា​ក្រៅពី​លោក​ប្រធាន​មក​ប្រកួត​ជាមួយ​សម្ដេច​នាយករដ្ឋមន្ត្រី​នោះ​ទេ​បាទ គូ​ប្រកួតប្រជែង​ខ្លាំង​ទើប​សម្ដេច​នាយករដ្ឋមន្ត្រី គាត់​មិន​អនុញ្ញាត​ឱ្យ​ចូល​សង្វៀន​នយោបាយ»។

ចំណែក អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ ជា​អ្នក​បំពុលសង្គម​​ឱ្យ​ខ្មែរ​ស្អប់​គ្នា​ រហូត​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ។ លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន កំពុង​ប្រើ​មនោគមន៍វិជ្ជា​របស់ ប៉ុល ពត គឺ​ជីក​ស្មៅ ត្រូវ ជីក​ទាំង​ឫស ​ ដើម្បី​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ។ លោក គឹម សុខ រំលឹក​ទៅ​​ លោក ហ៊ុន សែន ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឱ្យ​ស្មារតី​ថ្ងៃ​៧ មករា អាច​បន្ត​គង់វង្ស​បានយូរ គួរ​ដល់​ពេល​មេដឹកនាំ​រូប​នេះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សុខ ដោយ​ត្រូវ​គោរព​​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក គឹម សុខ៖«ដូច្នេះ​ហើយ​អត់​មាន​ពេល​ដែល​ខ្មែរ​បាន​សុខ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ទេ កុំ​ថា លោក ហ៊ុន សែន អស់​ពី​សករាជ​លោក ហ៊ុន សែន ឈាន​ដល់​ ហ៊ុន ម៉ាណែត ឱ្យ​តែ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ហ៊ុន គឺ​មាន​តែ​នយោបាយ​ជ្រុល​និយម​កម្ទេច​ខ្មែរ​បំបែកបំបាក់​ខ្មែរ​ ហើយ​បែរ​ទៅ​ចោទ​ខ្មែរ​ផ្សេង​ថា ជ្រុល​និយម​ទៅ​វិញ​ដើម្បី​បំផ្លាញ​គេ»។

រាល់​ពេល​លោក ហ៊ុន សែន ប្រកាស​កម្ចាត់​លោក សម រង្ស៊ី និង​បក្ខពួក តែងតែ​លេចមុខ​ក្រុម​មិន​សម្គាល់​មុខ ​ចេញ​មក​វាយ​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំង បង្ក​​ឱ្យ​រង​របួស​ បើ​មិន​ដូច្នេះ​ទេ ក៏​តុលាការ​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​​បក្ស​ប្រឆាំង​​ដែរ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​២០១៨ ថា លោក​រៀប​ចំ​ផែនការ​កម្ចាត់​លោក សម រង្ស៊ី គឺ​ដូច​នឹង​លោក​​កម្ទេច​ មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។