អ្នកតាមដានកិច្ចការអន្តរជាតិថា ភូមាអាចនឹងផ្ដួលរបបសឹកតាមរយៈការបង្ហូរឈាម
2024.08.08
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា (Myanmar) ឬភូមានឹងមិនអាចដោះស្រាយតាមផ្លូវនយោបាយដោយសន្តិវិធីបានឡើយ។
ពួកគេលើកឡើងថា ការផ្លាស់ប្ដូររបបនយោបាយភូមានេះ អាចនឹងធ្វើឡើងតាមរយៈការបង្ហូរឈាមគ្នា មិនខុសពីប្រទេសបង់ក្លាដេស្ហ (Bangladesh)ឡើយ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា របបសឹកភូមានឹងអាចដួលរលំនៅពេលឆាប់ៗខាងមុខនេះដោយសារតែពលរដ្ឋគាំទ្រក្រុមចលនាតស៊ូច្រើនលើសលុប។
ការលើកឡើងនេះធ្វើឡើងនៅស្របពេលមេដឹកនាំរបបសឹកលោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីថ្ងៃទី៣០ កក្កដា បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេល ៦ខែទៀត។ មេដឹកនាំរបបសឹកបានលើកឡើងឡើងថា នឹងរៀបចំបោះឆ្នោតនៅឆ្នាំ២០២៥ ពីព្រោះថា ត្រូវការពេលវេលាធ្វើជំរឿនប្រជាពលរដ្ឋជាមុនសិន។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា របបសឹកលំបាកនឹងស្វែងរកការរៀបចំការបោះឆ្នោតបាន ដោយសារតែរបបនេះមិនបានគោរពតាមកិច្ចព្រមព្រៀងទាំង ៥ចំណុចរបស់អាស៊ាន។ លោកបន្ថែមថា ភូមាមិនអាចផ្លាស់ប្ដូររបបដឹកនាំតាមរយៈការរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវបានទេ។ លោកបញ្ជាក់ថា ពលរដ្ឋភូមា និងកម្លាំងប្រដាប់អាវុធមួយចំនួនមានឆន្ទៈ និងជាតិនិយមពួកគេមួយចំនួន បានរត់ចុះចូលជាមួយក្រុមចលនាតស៊ូជាបន្តបន្ទាប់។ លោកបញ្ជាក់ថា បញ្ហានេះនឹងធ្វើឱ្យរបបសឹកដួលរលំវិញជាមិនខាន។
លោក ឯម សុវណ្ណារ៉ា៖ «ចរន្តមួយដែលពលរដ្ឋនិងយោធាមានមនសិការជាតិ។ បើនិយាយពីគ្រឿងសព្វាវុធល្អៗ ទំនើប ប៉ុន្តែ កងកម្លាំងយោធា និងពលរដ្ឋមានមនសិការជាតិ និងផ្ដល់តម្លៃរឿងជាជាតិធំ ហើយយើងឃើញកម្លាំងយោធាហ្នឹងបានចូលជាមួយចលនាតស៊ូជាមួយរដ្ឋាភិបាលកាន់តែច្រើនទៅៗ»។
ការលើកឡើងរបស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអន្តរជាតិនៅស្របពេលក្រុមនិស្សិតប្រទេសបង់ក្លាដេស្ហ បានធ្វើបាតុកម្មទម្លាក់មេដឹកនាំបានជោគជ័យកាលពីពេលថ្មីៗ នេះ។
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស្ហ អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) វ័យ ៧៦ឆ្នាំ និងបានកាន់អំណាចរយៈពេល ១៥ឆ្នាំ បានប្រកាសចុះចេញពីតំណែង និងភៀសខ្លួនតាមឧទ្ធម្ភាគចក្រយោធាពីទីក្រុងដាខា (Dakha) ទៅកាន់ប្រទេសឥណ្ឌា (India) ភ្លាមៗ កាលពីថ្ងៃទី៥ ខែសីហា ក្រោយពីក្រុមបាតុករភាគច្រើនជាក្រុមនិស្សិត បានចូលកាន់កាប់វិមានរដ្ឋាភិបាល។
ទន្ទឹមគ្នានេះមេដឹកនាំយោធាបានប្រកាសចង់បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប៉ុន្តែក្រុមនិស្សិតបដិសេធមិនទទួលយករដ្ឋាភិបាលយោធានោះទេ។ ក្រុមនិស្សិតទាមទារឱ្យសេដ្ឋវិទូ និងជាមេដឹកនាំសង្គមស៊ីវិលដែលបានឈ្នះពានរង្វាន់ ណូបែលសន្តិភាពគឺលោក មហាមាត់ យូណេះ (Mohamad Yunus) ដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។ ក្រុមនិស្សិតបង់ក្លាដេស្ហសង្កត់ធ្ងន់ថា ឈាមរបស់ពួកគេដែលហូរស្រក់ត្រូវសងមកវិញដោយការកសាងប្រទេសជាថ្មី ដើម្បីស្ដារប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។
រីឯប្រទេសភូមាវិញ ស្ថិតនៅក្នុងភាពចលាចលបានកើតឡើង ក្រោយពីរបបសឹកដឹកនាំដោយលោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី អ៊ុង សានសូជី (Aung Saan Sukyi) កាលពីឆ្នាំ២០២១ មក។ ក្រោយពីរដ្ឋប្រហារ ពលរដ្ឋភូមា ក៏ងើបធ្វើបាតុកម្មវិញ ដើម្បីទាមទារទម្លាក់ក្រុមមេដឹកនាំខុសច្បាប់នេះវិញដែរ តែមិនបានជោគជ័យ។
ក្រោយពីរបបសឹកដណ្ដើមអំណាចបានកាលពីឆ្នាំ២០២១។ លោក មីន អ៊ុងលាំង បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេល ១ឆ្នាំ។ ក៏ប៉ុន្តែទល់ពេលនេះ មេដឹកនាំសឹកបានពន្យារពេល និងប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នជាច្រើនលើក។ ទោះបីជារដ្ឋធម្មនុញ្ញរបស់ភូមាបានចែងថា ត្រូវរៀបចំការបោះឆ្នោតក្រោយពីការដាក់ប្រទេសនៅក្នុងភាពអាសន្នយ៉ាងណាក្ដី។
ក្រោយពីរបបសឹកបានក្ដោបក្ដាប់អំណាច របបនេះបានសម្លាប់មនុស្សប្រមាណជាង ៥៤០០នាក់ និងចាប់មនុស្សជិត ៣ម៉ឺននាក់ដាក់ពន្ធនាគារ។ ប៉ុន្តែ នារយៈពេលប៉ុន្មានខែចុងក្រោយនេះសកម្មភាពពលរដ្ឋងើបធ្វើបាតុកម្មដើរលើដងផ្លូវបានស្ងប់ស្ងាត់ តែពុំមានន័យថា គ្មានសកម្មភាពរើបម្រាស់នោះទេ។ ក្រុមចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសបានរួមកម្លាំងគ្នាប្រយុទ្ធតតាំងជាមួយរបបយោធា។ របបយោធាបានរងភាពអាម៉ាស់ ដោយសារតែចាញ់ការប្រយុទ្ធគ្នាជាមួយក្រុមចលនាតស៊ូ ដើម្បីប្រជាធិបតេយ្យ។ ថ្មីៗ នេះ ក្រុមចលនាតស៊ូ ឬក្រុមឧទ្ទាមបានវាយដណ្ដើមទីក្រុងភាគខាងជើងនៃទីក្រុង Lashio ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏សំខាន់ នៅក្បែរប្រទេសចិន និងជាកន្លែងបញ្ជាការដ្ឋានរបស់កងទ័ពផង។
មកទល់ពេលនេះ ក្រុមឧទ្ទាមបានវាយដណ្ដើមទីប្រជុំជនប្រមាណ ៥០ ជាពិសេសពួកគេ បានកាន់កាប់រដ្ឋ កាជិន (Kachin) តាមបណ្ដោយព្រំដែនភាគខាងជើងជាប់ប្រទេសចិន។ រដ្ឋរ៉ាក់ឃីន (Rakhin) ព្រំដែនខាងលិចជាប់ប្រទេស បង់ក្លាដេស្ហ (Bangladesh) និងរដ្ឋកាយិន (Kayin) នៅព្រំដែនខាងកើត ជាប់ប្រទេសថៃ។ នៅតំបន់ខ្លះទៀតកងទ័ពរបស់លោក មីន អ៊ុងឡាំង បានរត់ចុះចូលជាមួយក្រុមចលនាបះបោរវិញជាបណ្ដើរៗ ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។