អ្នកជំនាញ​នយោបាយ​អន្តរជាតិ​មិន​រំពឹង​ថា ភូមា​នឹង​ធ្វើ​តាម​សំណើ​របស់​ប្រេសិត​អាស៊ាន​ឡើយ

0:00 / 0:00

ក្រុម​អ្នកតាមដាន​កិច្ចការ​អន្តរជាតិ មិន​រំពឹង​ថា មេដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា នឹង​យល់ព្រម​តាម​សំណើ​របស់​ប្រធាន​អាស៊ាន លើ​ការ​បញ្ជូន​មេដឹកនាំ​ស្រប​ច្បាប់ អ្នកស្រី អ៊ុង សានស៊ូជី (Aung SanSuu kyi) ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ និង​អនុញ្ញាត​ឲ្យ​ជួប​តំណាង​រដ្ឋាភិបាល​ស្រមោល​ឡើយ។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​បញ្ហា​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ដឹកនាំ​គណប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ជា​លើក​ទីពីរ រយៈពេល​៥​ថ្ងៃ ចាប់​ថ្ងៃទី​២៩ មិថុនា ដល់​ថ្ងៃទី​៣ កក្កដា។

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ដំណើរ​ទស្សន​កិច្ចការ​ងារ​របស់​ប្រេសិត​អាស៊ាន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar)​ឬ​ភូមា នឹង​មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ឡើយ។

អ្នកស្រាវជ្រាវ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ប្រតិបត្តិការ និង​សន្តិភាព លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា កម្ពុជា​ ឬ​អាស៊ាន​មិន​មាន​ឥទ្ធិពល​អ្វី​លើ​មេដឹកនាំ​របប​សឹក ដើម្បី​ឲ្យ​របប​នេះ អនុវត្ត​តាម​សំណើ​របស់​អាស៊ាន​នោះ​ទេ​។ លោក​មិន​រំពឹង​ថា មេដឹកនាំ​យោធា​អាច​ធ្វើ​តាម​សំណើ​របស់​ប្រធាន​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ​៖ «អាស៊ាន​គ្មាន​សិទ្ធិ​អ្វី​បង្ខំ​របប​សឹក​បានទេ មួយ​ទៀត ប្រេសិត​ពិសេស​អាស៊ាន​គ្រាន់តែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ​ជា​ប្រធាន​អាស៊ាន​ប៉ុណ្ណោះ​ទេ»។

នៅ​មុនពេល​ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា លោក​បាន​ទទូច​ឲ្យ​មេដឹកនាំ​យោធា​ខុសច្បាប់​ភូមា បញ្ជូន​អ្នកស្រី អ៊ុង សានស៊ូជី យក​ទៅ​ផ្ទះ​វិញ ពីព្រោះ​ថា​សព្វថ្ងៃ​នេះ អ្នកស្រី អ៊ុង សានស៊ូជី ត្រូវ​បាន​របប​សឹក​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​។ ករណី​មួយ​ទៀត ប្រធាន​អាស៊ាន​លោក ហ៊ុន សែន ក៏​ធ្លាប់​ស្នើ​ឲ្យ​របប​សឹក​ពិចារណា​ឡើងវិញ លើ​ការ​កាត់ទោស​សកម្មជន​ប្រហារជីវិត សកម្មជន មេដឹកនាំ​ចលនា​បះបោរ​ប្រឆាំង​របប​យោធា​ខុសច្បាប់ និង​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុង សានសូជី ជាដើម។

លោក ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅដល់​ប្រទេស​ភូមា​ហើយ កាល​ពី​ថ្ងៃទី​២៩ មិថុនា​នេះ ប៉ុន្តែ​មក​ទល់​ល្ងាចម្សិលមិញ មិន​ទាន់​ព័ត៌មាន​ឬ​លទ្ធផល​ជំនួប​រវាង ប្រេសិត​អាស៊ាន និង​មេដឹកនាំ​យោធា​ខុសច្បាប់​នៅឡើយ​ទេ​។ ទោះជា​បែបនេះ​ក្ដី សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ថា ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់​លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ភូមា​នេះ គឺ​ដើម្បី​តាមដាន​ការ​វិវត្ត​ជុំវិញ​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​ប្រទេស​នេះ។ ក្រសួង​ការបរទេស​ក​ម្ពុជា​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អាស៊ាន​ជា​លើក​ទី​ពីរ​នេះ ក៏​ដើម្បី​រួមចំណែក​ដល់​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ដំណើរការ​សន្ទនា​នយោបាយ​ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

ដំណើរ​ទស្សន​កិច្ចការ​ងារ​ជា​លើក​ទីពីរ​របស់​ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន នេះ នៅ​ស្រប​ពេល​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅក្នុង​ប្រទេស​ភូមា ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែកក្កដា​នេះ​ដែរ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង (Beijing) រង​ការ​រិះគន់​ថា បាន​ជួយ​ផ្តល់​ការ​គាំទ្រ​ដល់​របប​សឹក​ភូមា​ខុសច្បាប់ ខណៈ​របប​នេះ​រង​ការ​ដាក់ទណ្ឌកម្ម​ជាច្រើន​ពី​សំណាក់​ក្រុម​ប្រទេស​លោកខាងលិច និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដូចជា​សិង្ហបុរី (Singapore) ជាដើម។ មនុស្ស​យ៉ាងហោចណាស់​ជាង ២​ពាន់​នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​របប​សឹក​ភូមា​មក​លើ​ក្រុម​អ្នក​រិះគន់ និង​ប្រឆាំង​របប​នេះ ក្រោយ​ពី​ពួក​យោធា​ភូមា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១​។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​លើក​ទីពីរ​នេះ ទំនងជា​មិន​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ ដោយសារតែ​ប្រធាន​អាស៊ាន ហាក់បីដូចជា​ទទួលស្គាល់​របប​សឹក​នេះ​រួច​ទៅ​ហើយ​។ ជាក់ស្ដែង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​ខុសច្បាប់​ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ការពារ​ជាតិ​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាដើម​៖ «ប្រសិនបើ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ជួប​ខាង​យោធា ដោយ​មិន​បាន​ជួប​ខាង​រដ្ឋាភិបាល​រដ្ឋាភិបាល​ស្រមោល​ទេ ខ្ញុំ​គិតថា លទ្ធផល​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដូចដែល​ជំនួប​លើក​ទី​១​អីចឹង»។

របប​សឹក​មីយ៉ាន់ម៉ា​គ្រោង​នឹង​ប្រហារជីវិត​មនុស្ស​៤​នាក់ នៅ​ក្នុង​របប​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី អ៊ុង សានស៊ូជី ដែល​សហគមន៍​អន្តរជាតិ​រួម​ទាំង​សហរដ្ឋអាមេរិក​កំពុង​ថ្កោលទោស អំពី​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ មេដឹកនាំ​ស្របច្បាប់​ភូមា អ្នកស្រី អ៊ុង សានស៊ូជី ក៏​រង​នូវ​ការ​ផ្តន្ទាទោស​ពី​របប​សឹក​ភូមា​ជាច្រើន​ករណី​ដែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ​តុលាការ​នៃ​របប​សឹក ភូមា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ។ អ្នកស្រី​ក៏​កំពុង​ប្រឈម​នឹង​បទ​ចោទ​ជាច្រើន​ករណី​ផ្សេង​ទៀត ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់គុក​រហូត​ដល់​ទៅ​ជាង ១៨០​ឆ្នាំ។

លោក វណ្ណ ប៊ុនណា ព្យាករណ៍​ថា អ្វី​ដែល​របប​សឹក អនុញ្ញាត​ឲ្យ​នោះ គឺ​នឹង​បើកផ្លូវ​ឲ្យ​ប្រេសិត​ពិសេស​យក​ជំនួយ​មនុស្សធម៌​ទៅ​ផ្ដល់​ជូន​ពលរដ្ឋ​ភូមា ដូច​ដែល​របប​សឹក​បាន​សន្យា​កាល​ពី​ជំនួប​លើក​ទី​១។ ប្រេសិត​ពិសេស​ចង់​ជួប​តំណាង​រដ្ឋាភិបាល​ស្របច្បាប់ គឺ​អ្នកស្រី អ៊ុង សានស៊ូជី នោះ ទំនងជា​របប​សឹក​មិន​អនុញ្ញាត​ឡើយ ដោយសារតែ​មេដឹកនាំ​យោធា លោក ម៊ីង អ៊ុងលាំង (Min AungHlaing) បាន​បញ្ជូន​អ្នកស្រី ទៅ​ពន្ធនាគារ​រួច​ទៅ​ហើយ​នោះ​៖ «ខ្ញុំ​គិត​ថា មកដល់​ពេល​នេះ មាន​ការ​វិវដ្ដ​ចាប់​អ្នកស្រី អ៊ុង សានស៊ូជី ទៅ​ឃុំ​ឃាំង ហើយ​នោះ មិន​អាច​ទៅរួច​ទេ។ ហើយ​ម្យ៉ាងទៀត​ឥលូវ​នេះ ហាក់បីដូចជា នៅ​ក្នុង​យុទ្ធសាស្ត្រ​មួយ​របស់​ភូមា​កំពុង​ទិញ​ពេល​វេលា ដើម្បី​បន្ត​អំណាច​ទៅ​មុខ​ទៀត»។

អ្នកនាំពាក្យ​របប​សឹក​ភូមា នាយ​ឧត្តមសេនីយ៍ ហ្ស័រ មីនទុន (Gen. Zaw Min Tun) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ជា​ភាសា​ភូមា កាល​ពី​ពេល​កន្លង​ទៅ​ថា ប្រេសិត​ពិសេស​អាស៊ាន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី ឡើយ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​នេះ​។ អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ថា លោក ប្រាក់ សុខុន អាច​ជួប​បានតែ​ជាមួយ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមា ក្រៅពី​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​របប​យោធា​ភូមា។

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​របប​សឹក មិន​ធ្វើតាម​សំណើ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នោះ ក៏​អាច​មក​ពី​កម្ពុជា​ខ្លួនឯង​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ជម្លោះ​នយោបាយ ដែល​មិនទាន់​ដោះស្រាយ​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។