បទសម្ភាសន៍របស់​លោក ជុន​ ច័ន្ទ​បុត្រ ជាមួយ​លោក សម រង្ស៊ី អំពី​​ដំណើរ​ទៅ​កម្ពុជា​វិញ

0:00 / 0:00

ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក​ ហ៊ុន សែន ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី៤ ខែ​មីនា​ហើយ ក៏ប៉ុន្តែ​អ្នក​ដែល​ចាញ់​ក្នុង​ការ​ភ្នាល់​គ្នា​នេះ នៅ​មិន​ទាន់​គោរព​តាម​លក្ខខណ្ឌ​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បាន​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នាដោយ​ដាក់​លក្ខខណ្ឌ​ថា បើ​លោក ហ៊ុន សែន មិន​ដោះ​លែង​លោក កឹម សុខា ត្រឹម​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩ ទេ លោក សម រង្ស៊ី នឹង​សុខ​ចិត្តចូល​ស្រុក​ខ្មែរ​វិញឲ្យ​គេ​ចាប់​ខ្លួន។ ក៏​ប៉ុន្តែ ប្រសិន​បើ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា​ មុន​ថ្ងៃ​ទី៣ មីនា​នោះ លោក ហ៊ុន សែន ត្រូវ​ចុះចេញ​ពី​តំណែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ពេល​កំណត់​នៃ​ការ​ភ្នាល់​គ្នា​នេះ​ប្រមាណ ២​សប្ដាហ៍ លោក សម រង្ស៊ី សសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ចោទ​លោក ហ៊ុន សែន​ ថា បាន​ដាក់​បញ្ចូល​លក្ខខណ្ឌ​ថ្មី​មួយ​ទៅ​ក្នុង​ការ​ភ្នាល់​គ្នា​នេះ។ នោះ គឺ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ ដោយ​ផ្អែក​លើ​ហេតុផល​នេះ លោក សម រង្ស៊ី ថា ជា​ស្វ័យប្រវត្តិ លោក ហ៊ុន សែន បាន​ដក​ខ្លួន​ចេញ​ពី​ការ​ភ្នាល់​គ្នា​នេះ​រួច​ទៅ​ហើយ។ ថ្វី​បើ​ការ​ភ្នាល់​រវាង​អ្នក​នយោបាយ​ធំ ២រូប​នេះ គ្មាន​ការ​ទទួល​ពី​ស្ថាប័ន​ណា​មួយ​ក្ដី ក៏​ពលរដ្ឋ​ជា​ទូទៅ​បាន​ដឹង​ឮ និង​រង់​ចាំ​មើល​លទ្ធផល​គ្រប់ៗ គ្នា។ មក​ទល់​ពេល​នេះ លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ឡើយ ឯ​លោក សម រង្ស៊ី ក៏​នៅ​មិន​ទាន់​វិល​ចូល​ស្រុក​ខ្មែរ​ឲ្យ​គេ​ចាប់​ខ្លួន​ដែរ។

តើ​ទី​បំផុត​ទៅ លោក សម រង្ស៊ី នឹង​វិល​ចូល​ប្រទេស​កម្ពុជា​តាម​ការ​សន្យា​ដែរ​ឬ​ទេ?

សូម​លោកអ្នកនាងស្តាប់​សំឡេង​នៃ​បទសម្ភាសន៍​ផ្ទាល់​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី ជុំវិញ​​ជំហរ​​ចុង​ក្រោយ​​របស់​លោក។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។