កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ លើកទី៣៧ កំពុងប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ វិច្ឆិកា ដោយពុំមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅ ស្របពេលដែលមានការលើកឡើងថា អាស៊ានគួរតែបណ្ដេញកម្ពុជា និងឡាវចេញពីសមាជិកភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ តំបន់អាស៊ានទាំងមូល ក៏រងនូវការរិះគន់កាន់តែខ្លាំងថា ពុំមានសមត្ថភាពអាចដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងជម្លោះជាមួយមហាអំណាចចិននៅក្នុងតំបន់នេះបានទេ ដោយសារតែកម្ពុជា និងឡាវតែងកាន់ជើងប្រទេសចិន។ អ្នកជំនាញលើកឡើងថា រដ្ឋសមាជិកមួយចំនួនរបស់អាស៊ានកំពុងតែយកបញ្ហាជាច្រើនទៅនិយាយនៅក្រៅរង្វង់យន្តការរបស់អាស៊ាន ដើម្បីដាក់សម្ពាធដល់សមាគមនេះ និងដល់កម្ពុជាដែលតែងរណបប្រទេសចិន។
សូមតាមដានបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងអ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ជុំវិញបញ្ហានេះដូចតទៅ៖
មាន ឫទ្ធិ៖ ដូចដែលលោកជ្រាបស្រាប់ហើយ ថ្មីៗនេះ អតីតអ្នកការទូតសិង្ហបុរី (Singapore) បានលើកឡើងជាគំនិតថា សមាគមអាស៊ានគួរតែបណ្ដេញកម្ពុជា និងឡាវចេញ ដោយសារតែប្រទេសទាំងពីរនេះមានជំហរឃ្លីងឃ្លោងទៅរកប្រទេសចិន។ តើលោកគិតថា វាអាចទៅរួចដែរឬទេ ដែលអាស៊ានអាចបណ្ដេញកម្ពុជា និងឡាវចេញពីសមាគមនេះ?
ក្រិកហ្គោរី ផលីង៖ វាប្រហែលជាមិនអាចទៅរួចនោះទេ។ ខ្ញុំគិតថា លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) ដែលបានលើកឡើងពីបញ្ហានេះ ក៏យល់ដែរថា វានឹងមិនអាចធ្វើទៅរួចនោះទេ។ ប៉ុន្តែ អ្វីដែលអតីតអ្នកការទូតរូបនេះ បានលើកឡើងនោះ គឺថ្លែងឲ្យគេឯងដឹងអំពីការថ្នាំងថ្នាក់ដែលអ្នកការទូតជាច្រើននៅក្នុងសមាគមអាស៊ាន បាននាំគ្នានិយាយជាលក្ខណៈឯកជន។ ជាពិសេសគឺចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ ដែលកម្ពុជាជាពិសេស ហើយពេលខ្លះប្រទេសឡាវ ហាក់បីដូចជាមានការយកចិត្តទុកដាក់ខ្លាំងអំពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ជាជាងគិតគូរអំពីទំនាក់ទំនងជាមួយប្រទេសភូមិផងរបងដទៃទៀតដែលជាសមាជិកអាស៊ានជាមួយគ្នា។
មាន ឫទ្ធិ៖ ប្រសិនបើកម្ពុជា និងឡាវនៅតែបន្តទំនាក់ទំនងស្អិតល្មួតជាពិសេសជាមួយមហាអំណាចចិនដដែល ហើយបង្កជាអសន្តិសុខសម្រាប់តំបន់អាស៊ានទាំងមូលតែម្ដង តើមានជាដំណោះស្រាយអ្វីចេញទៅរួចទេ សម្រាប់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ដើម្បីធ្វើការងាររួមគ្នាដោយគ្មានកម្ពុជា និងឡាវ?
ក្រិកហ្គោរី ផលីង៖ ខ្ញុំមិនដឹងទេ។ ប្រហែលជាថា ប្រទេសទាំងនេះត្រូវតែសម្រុះសម្រួលគ្នាជុំវិញបញ្ហានានានៅក្នុងរង្វង់អាស៊ាន។ ដូចជាបញ្ហាចម្បងៗមួយចំនួន... ប្រាកដណាស់បញ្ហានៅសមុទ្រចិនខាងត្បូងជារឿងមួយ ប៉ុន្តែបញ្ហាសំខាន់មួយទៀតដែលកំពុងតែឡើងកម្តៅនោះ គឺបញ្ហានៅតំបន់មេគង្គ។ នៅក្នុងរឿងរ៉ាវសមុទ្រចិនខាងត្បូង បើសិនជាវាទំនងកាន់តែខ្លាំងថា កម្ពុជា និងឡាវ ហើយអាចថា ថៃ នៅតែបដិសេធមិនគាំទ្រដល់ប្រទេសសមាជិកអាស៊ានដទៃទៀត ពេលនោះ អាស៊ានខ្លួនឯងនឹងក្លាយជាបញ្ហាសម្រាប់រដ្ឋសមាជិកដទៃទៀត ដូចជាសម្រាប់ប្រទេសវៀតណាម (Vietnam) ហ្វីលីពីន (Philippines) និងប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាដើម។ ប្រទេសអស់ទាំងនេះ នឹងចាប់ផ្ដើមមើលឃើញថា អាស៊ានគឺជាផ្នែកមួយនៃបញ្ហា ហើយមិនមែនជាផ្នែកមួយនៃដំណោះស្រាយនោះទេ។ ការណ៍នេះនឹងក្លាយជារឿងរ៉ាវដ៏អាក្រក់មួយសម្រាប់សមាគមនេះ។
មាន ឫទ្ធិ៖ អ៊ីចឹង ក្នុងសេនារីយ៉ូនេះ តើវាអាចទៅរួចទេ ដែលប្រទេសជាសមាជិកអាស៊ានទាំងនេះ ដែលមិនពេញចិត្តនឹងកម្ពុជា និងឡាវដោយសារតែគាំទ្រប្រទេសចិន អាចនឹងរួមដៃគ្នារម្លាយចោលធម្មនុញ្ញអាស៊ាន ហើយនាំគ្នាទៅបង្កើតសមាគមអាស៊ានថ្មីមួយទៀតដែលគ្មានប្រទេសកម្ពុជា និងឡាវបានដែរឬទេ?
ក្រិកហ្គោរី ផលីង៖ ខ្ញុំមិនប្រាកដទេចំពោះសេនារីយ៉ូនេះទេ។ ខ្ញុំគិតថា អ្វីដែលទំនងជាអាចកើតមានឡើងច្រើននោះ គឺថា សមាជិកមួយចំនួននៃអាស៊ាន បានចាប់ផ្តើមយកបញ្ហាជាច្រើនទៅនិយាយនៅក្រៅរង្វង់យន្តការអាស៊ាន។ ឧទាហរណ៍ជាក់ស្ដែងដូចជា ករណីប្រទេសវៀតណាម ប្រទេសហ្វីលីពីន អាចព្យាយាមឈប់និយាយអំពីក្រមប្រតិបត្តិក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូង។ ប្រទេសទាំងនោះ បែរជាលើកយកបញ្ហានេះ ទៅនិយាយដាច់ដោយឡែកនៅក្រៅបរិបទអាស៊ាន។ ការធ្វើដូច្នេះ មិនមែនមិនសមហេតុផលទាំងស្រុងនោះទេ។ វាគឺដូចតែគ្នាហ្នឹង នៅពេលដែលអាស៊ានមិនអើពើពីបញ្ហានៅតំបន់ទន្លេមេគង្គ ឬជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ឬក៏បញ្ហាចង់ឲ្យមានការល្បាតនៅច្រកសមុទ្រតំបន់ម៉ាឡាកា (Strait of Malacca) ឬការល្បាតនៅច្រកសមុទ្រស៊ូលូ (Sulu-Sulawesi Seas Patrol) ដែលបញ្ហាអស់ទាំងនេះមិនត្រូវបានអាស៊ានលើកយកមកដោះស្រាយនោះទេ។ ដូច្នេះហើយ ការយកបញ្ហាអស់ទាំងនេះ ទៅនិយាយនៅក្រៅរង្វង់អាស៊ាន មិនមែនជារឿងអាក្រក់នោះទេ ព្រោះវាអាចជាការដាក់សម្ពាធទៅលើសមាគមអាស៊ាន និងដាក់សម្ពាធទៅលើប្រទេសមួយចំនួន ដូចជាកម្ពុជា ដែលតែងតែខ្លាចប្រទេសចិនយ៉ាងខ្លាំង ជាជាងផ្តល់ការគាំទ្រដល់បណ្ដាប្រទេសភូមិផងរបងជាមួយខ្លួននោះ។
មាន ឫទ្ធិ៖ យើងឃើញថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកំពុងតែប្រព្រឹត្តិទៅនាពេលនេះ ហើយដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះប្តូរវេន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអវត្តមាននៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference ដោយសារតែលោកត្រូវធ្វើចត្តាឡឺស័ក ក្រោយពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី (Hungary) ដែលបានកើតជំងឺកូវីដ-១៩។ តើអវត្តមានរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ អាចជាប់ពាក់ព័ន្ធទៅនឹងការណ៍ចង់ឲ្យអាស៊ានបណ្ដេញកម្ពុជា និងឡាវចេញពីសមាគមនេះដែរឬទេ?
ក្រិកហ្គោរី ផលីង៖ ខ្ញុំមិនគិតថា វាពាក់ព័ន្ធនឹងរឿងនោះដោយផ្ទាល់នោះទេ។ ខ្ញុំមិនគិតថា លោក ហ៊ុន សែន គាត់ខូចចិត្តខ្លាំងដោយសារការលើកឡើងរបស់អតីតអ្នកការទូតសិង្ហបុរីនេះទេ។ គាត់តែងតែមិនមានអារម្មណ៍កក់ក្ដៅប៉ុន្មានទេ នៅឯកិច្ចប្រជុំកំពូលអាស៊ានម្តងៗ។ គាត់តែងតែដឹងខ្លួនឯងថា គាត់គឺជាមនុស្សខុសគេ មិនចូលចំណោម នៅក្នុងសមាគមនេះ ព្រោះគាត់តែងតែត្រូវគេសម្លឹងមើលក្នុងក្រសែភ្នែកប្រកបដោយការសង្ស័យ។ ហើយវាមិនមែនមានតែគាត់នោះទេ។ កាលពីមុន យើងក៏ធ្លាប់ឃើញរដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា ត្រូវគេមើលឃើញយ៉ាងដូច្នេះដែរ។ ដូច្នេះ ខ្ញុំមិនគិតថា គាត់ខ្វល់ខ្វាយពីលេសមិនព្រមចូលរួមក្នុងកិច្ចប្រជុំនេះទេ។
មាន ឫទ្ធិ៖ តាមទស្សនៈរបស់លោក អ្វីទៅជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អាស៊ាន ដែលសមាគមនេះគួរតែធ្វើ ដើម្បីធានាថា សមាគមនេះនឹងនៅតែរឹងមាំ ហើយមិនត្រូវបានប្រទេសសមាជិកដទៃទៀតដូចជា កម្ពុជា និងឡាវ អូសទាញឲ្យទោទន់ទៅរកមហាអំណាចចិន?
ក្រិកហ្គោរី ផលីង៖ ខ្ញុំគិតថា វាជាការសំខាន់ដែលអាស៊ានត្រូវតែទទួលស្គាល់អំពីភាពមានកម្រិតរបស់ខ្លួន នាពេលឥឡូវនេះ។ អាស៊ានមិនមានសមត្ថភាពដោះស្រាយបញ្ហានយោបាយ ឬបញ្ហាសន្តិសុខនោះទេ។ ជាពិសេស បញ្ហាទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយប្រទេសចិន។ ដូច្នេះ ចាំបាច់គួរយកបញ្ហាទាំងនោះទៅនិយាយនៅក្រៅរង្វង់សមាគមអាស៊ាននេះវិញ។ អាស៊ានមិនត្រូវលើកយកបញ្ហាសមុទ្រចិនខាងត្បូង ទៅនិយាយឲ្យហួសពីគោលការណ៍ទូទៅនោះទេ។ សមាគមនេះ ក៏មិនគួរព្យាយាមដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតំបន់មេគង្គ ឬក៏មិនគួរព្យាយាមនិយាយអំពីបញ្ហាកង្វល់កាន់តែខ្លាំងអំពីវត្តមានរបស់ចិននៅក្នុងតំបន់នេះទេ។ អាស៊ានគួរតែផ្ដោតលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ ដែលសមាគមនេះអាចដោះស្រាយបាន។ ប្រហែលជា នៅពេលប៉ុន្មានឆ្នាំយូរខាងមុខទៀត ទើបអាស៊ានអាចនឹងចាប់ផ្ដើម មានអារម្មណ៍ថា ជាសហគមន៍ និងគោលបំណងពិតប្រាកដ ដែលនឹងអនុញ្ញាតឲ្យសមាគមនេះ អាចនិយាយអំពីបញ្ហាសន្តិសុខជាថ្មីម្តងទៀតឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។