មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិកស្ដីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការបោះឆ្នោត«ក្លែងក្លាយ»។
សូមតាមដានបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងមេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ជុំវិញរឿងរ៉ាវនេះដូចតទៅ៖
មាន ឫទ្ធិ៖ បាទ! ជាដំបូង ខ្ញុំចង់ដឹងអំពីស្ថានភាពសុខភាពរបស់កញ្ញា សេង ធារី នៅក្នុងគុក។ យើងដឹងថា
កញ្ញាកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល១០ថ្ងៃដើម្បីទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ តើយ៉ាងម៉េចទៅហើយរឿងនេះ?
ចារិត ហ្គិនស័រ៖ យើងមិនទាន់មានព័ត៌មានដោយផ្ទាល់ណាមួយនៅឡើយទេជុំវិញរឿងនេះ។ យើងដឹងថា នឹងមានអ្នកទៅសួរសុខទុក្ខកញ្ញានាពេលដ៏ខ្លីខាងមុខនេះ។ យើងនឹងដឹងរឿងនេះបន្ថែមទៀតនៅមួយថ្ងៃ ឬពីរថ្ងៃទៀត។ កញ្ញាកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល១០ថ្ងៃដើម្បីតវ៉ាប្រឆាំងនឹងការឃុំខ្លួនកញ្ញា និងអ្នកទោសនយោបាយដទៃទៀត ហើយក៏ដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតខាងមុខនេះ ដែលគណបក្សភ្លើងទៀនមិនត្រូវបានគេអនុញ្ញាតឱ្យចូលរួមបោះឆ្នោត។ នេះបញ្ជាក់កាន់តែច្បាស់ថា ជាការបោះឆ្នោតដែលមិនសេរី និងមិនយុត្តិធម៌។ កញ្ញាកំពុងធ្វើកូដកម្មបង្អត់អាហារមួយបែបដែលកញ្ញាទទួលទានតែវត្ថុរាវ ជាពិសេសទឹក ដែលប្រាកដណាស់នឹងជួយកញ្ញាឱ្យឆ្លងផុតពីការធ្វើកូដកម្មនេះ។ ប៉ុន្តែ ក្នុងនាមជាមេធាវី និងជាមិត្តភ័ក្ដិរបស់កញ្ញា ខ្ញុំព្រួយបារម្ភខ្លាំងមែនទែនអំពីសុខភាព និងសុវត្ថិភាពរបស់កញ្ញា។ ប្រាកដណាស់ថា កញ្ញានៅតែបន្តជាការគំរាមកំហែងដល់រដ្ឋាភិបាលកម្ពុជា ដែលជាហេតុធ្វើឱ្យពួកគេបន្តឃុំខ្លួនកញ្ញាក្នុងគុក បើទោះបីជាអ្វីៗទាំងអស់ដែលកញ្ញាធ្វើដែលនាំឱ្យមានការកាត់ទោសកញ្ញា៦ឆ្នាំក្រោមបទចោទអ្វីមួយដែលគេហៅថាជាបទ«ក្បត់ជាតិ»នោះ គឺគ្រាន់តែការផុសមតិរិះគន់មួយចំនួនប្រឆាំងនឹងរដ្ឋាភិបាលនៅលើហ្វេសប៊ុក (Facebook) ប៉ុណ្ណឹងឯង។
មាន ឫទ្ធិ៖ យើងបានដឹងថា កាលពីថ្ងៃទី១២ កក្កដា ក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្ត បានចេញសេចក្តីសម្រេចមួយដោយចាត់ទុកសំណុំរឿងរបស់កញ្ញា សេង ធារី ថាជាការឃុំខ្លួនតាមទំនើងចិត្ត ក្រោមហេតុផលនយោបាយ និងរំលោភច្បាប់អន្តរជាតិ។ តើសេចក្តីសម្រេចនេះមានសារសំខាន់ប៉ុនណា ហើយហេតុអ្វីបានជាត្រូវការពេលវេលាដល់ទៅជាង ១ឆ្នាំតាំងពីថ្ងៃឃុំខ្លួនកញ្ញាដើម្បីឱ្យក្រុមការងារអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចនេះ?
ចារិត ហ្គិនស័រ៖ ខ្ញុំគិតថាបើនិយាយអំពីរយៈពេលដើម្បីឱ្យ អង្គការសហប្រជាជាតិចេញនូវសេចក្តីសម្រេចនេះ តាមពិតទៅវាជារយៈពេលទូទៅមួយ។ វាមើលទៅដូចជារាងយូរបន្តិចមែនហើយ។ ប៉ុន្តែ តាមពិតទៅ ខ្ញុំគិតថាសម្រាប់សាលាក្តីអន្តរជាតិ វារាងលឿនបន្តិចហើយ។ ប្រសិនបើអ្នកយកសំណុំរឿងនេះដាក់ទៅគណៈកម្មការសិទ្ធិមនុស្សអន្តរអាមេរិក គេអាចត្រូវការពេលរហូតដល់ទៅ ៣ ទៅ ៥ឆ្នាំ។ រយៈពេលដូចគ្នាដែរសម្រាប់តុលាការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប។ ដូច្នេះ សម្រាប់ប្រព័ន្ធអន្តរជាតិ សំណុំរឿងនេះឆាប់ហើយ...។
ខ្ញុំគិតថា សេចក្តីសម្រេចនេះមានសារសំខាន់ខ្លាំងមែនទែន ព្រោះវាជាសេចក្តីសម្រេចប្រមាណ ១៥ ឬ២០ទំព័រ ដែលវិភាគលើការចោទប្រកាន់នានា។ ក្រុមការងារអង្គការសហប្រជាជាតិបានផ្តល់ឱកាសដល់រដ្ឋាភិបាលកម្ពុជាឱ្យឆ្លើយតបដែរ តែរដ្ឋាភិបាលនេះជ្រើសរើសមិនឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ក្រុមការងារអង្គការសហប្រជាជាតិបានធ្វើការវិភាគយ៉ាងលម្អិតទៅលើអង្គហេតុនៃសំណុំរឿងនេះ ដោយលើកយកច្បាប់អន្តរជាតិមកប្រើ។
នៅទីបំផុតទៅ ក្រុមការងារនេះបានសន្និដ្ឋានថា កញ្ញាកំពុងត្រូវបានអាជ្ញាធររដ្ឋាភិបាលកម្ពុជាឃុំខ្លួនដោយខុសច្បាប់ និងរំលោភច្បាប់អន្តរជាតិ។ ពោលគឺ មិនត្រឹមតែរំលោភលើសិទ្ធិសំខាន់ៗរបស់កញ្ញា ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការចូលរួមផ្នែកនយោបាយរបស់កញ្ញាប៉ុណ្ណោះទេ តែថែមទាំងមានកង្វះខាត និងខុសប្រក្រតីនៅក្នុងដំណើរការនីតិវិធីនៃកាត់ក្តីលើសំណុំរឿងកញ្ញាថែមទៀតផង។ សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ដូច្នេះ ខ្ញុំគិតថា សេចក្តីសម្រេចនេះអាចជួយយើងធ្វើឱ្យសំណុំរឿងទាមទារឱ្យដោះលែងកញ្ញា សេង ធារី កាន់តែមានសន្ទុះទៅមុខដើម្បីដាក់សម្ពាធបន្ថែមទៀតលើលោក ហ៊ុន សែន និងរបបនេះនាពេលខាងមុខ។ ក្នុងន័យនេះ សេចក្តីសម្រេចនេះមានតម្លៃណាស់។
មាន ឫទ្ធិ៖ លើសពីនេះ តើលោកនឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមិនទាន់ពិចារណា ឬចាត់ទុកសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ Levinson ដោយរបៀបណា?
ចារិត ហ្គិនស័រ៖ វាជាកាលៈទេសៈមួយដ៏ចម្លែកព្រោះយើងមានប្រធានាធិបតី បៃឌិន (Biden) ជំរុញឱ្យលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី។ យើងក៏មានរដ្ឋមន្ត្រីការបរទេស លោក ប៊ី្លនឃិន (Blinken) ធ្វើដូចគ្នាដែរ។ យើងមាននាយិកាទីភ្នាក់ងារ USAID អ្នកស្រី សាម៉ាន់ថា ផោវឺរ (Samantha Power) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និង អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទាំងអស់សុទ្ធតែចេញមកនិយាយពីករណីនេះ ហើយពួកគេកំពុងប្រើពាក្យថាសំណុំរឿងកញ្ញា សេង ធារី ជាការ«ឃុំខ្លួនដោយអយុត្តិធម៌» ហើយគ្រប់គ្នាអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី។ ដូច្នេះ យើងមានមន្ត្រីសំខាន់ៗទាំងអស់របស់រដ្ឋាភិបាលអាមេរិកចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដែលសុទ្ធតែបានជំរុញឲ្យលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី។ នៅទីបំផុតទៅ នោះគឺជារឿងដ៏សំខាន់បំផុតដែលកំពុងបន្តកើតមាន ពីព្រោះវាបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់សហរដ្ឋអាមេរិក។
ដំណើរការការិយាធិបតេយ្យនៃច្បាប់ Levinson និងការកំណត់ជាផ្លូវការចាត់ទុកថា ជាសំណុំរឿង«ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់»គឺជាបញ្ហាមួយផ្សេងទៀត។ វាចម្លែកណាស់ដែលក្រសួងការបរទេសអាមេរិកកំពុងព្យាយាមពន្យល់ថាពួកគេកំពុងអំពាវនាវឱ្យមានការដោះលែងកញ្ញា សេង ធារី តែរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកថាការឃុំខ្លួនកញ្ញាត្រឹមតែជារឿងឃុំខ្លួនអយុត្តិធម៌។ ប៉ុន្តែការប្រើពាក្យឃុំខ្លួនដោយអយុត្តិធម៌ គឺមិនមានទម្ងន់ដូចគ្នាទៅនឹងការប្រើពាក្យ«ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់ ឬមិនស្របច្បាប់»នោះទេ។
ដូច្នេះហើយ យើងនឹងបន្តជំរុញទៅក្រសួងការបរទេសអាមេរិកជុំវិញរឿងនេះ។ វាជារឿងសំខាន់ ព្រោះយើងចង់ឱ្យសំណុំរឿងរបស់កញ្ញាត្រូវគេបញ្ជូនទៅការិយាល័យបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង។ នៅពេលដែលសំណុំរឿង ឬនៅពេលដែលបុគ្គលម្នាក់ត្រូវបានរដ្ឋាភិបាលអាមេរិកចាត់ទុកថាជា «ការឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» នោះរដ្ឋាភិបាលអាមេរិកនឹងលើកយកសំណុំរឿងនេះ មកស្វែងរកដំណោះស្រាយទាមទារឱ្យមានការដោះលែងបុគ្គលរូបនោះជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។