តំណាងរាស្រ្តសហរដ្ឋអាមេរិក​កំពុង​ធ្វើការ​ជាមួយ​សហភាព​​អឺរ៉ុប រៀបចំ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើកម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2018.07.21
អាឡាន់ ឡូវែនថល ៦២២ សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
Photo: RFA

តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាលែន ឡូវែនថល (Alan Lowenthal) បានព្រមានថា សហរដ្ឋ​អាមេរិក​កំពុងធ្វើការជាមួយនឹងសហគមន៍អឺរ៉ុប ដើម្បីរៀបចំ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា ប្រសិន​បើ​លោក ហ៊ុន​ សែន នៅ​តែ​មិន​ព្រម​ស្តារ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​មាន​ភាព​ប្រក្រតី​វិញ​ទាន់​ពេល​វេលា​ទេ​នោះ។ តំណាង​​រាស្រ្ត​​រូប​នេះ​ក៏​បញ្ជាក់​ដែរ​ថា កម្ពុជា​ជា​ប្រទេស​យុទ្ធសាស្រ្ត ដែល​អាមេរិក​យក​ចិត្ត​ទុក​ដាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​បង្ការ​កុំ​ឲ្យ​ប្រទេស​នេះ ក្លាយ​ទៅ​ជា​អាយ៉ង​នៃ​ប្រទេស​ចិន។

សូមលោកអ្នកនាងស្តាប់​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក អាលែន ឡូវែនថល (Alan Lowenthal) ដែល​មាន​សេចក្តី​ដូច​តទៅ...

ទីន ហ្សាការីយ៉ា៖ សួស្តីលោក អាលែន ឡូវែនថល សុខសប្បាយទេបាទ!

អាលែន៖ បាទខ្ញុំសុខសប្បាយជាធម្មតាទេ អគុណដែលបានសួរ!

ទីន ហ្សាការីយ៉ា៖ នៅមិនដល់មួយអាទិត្យនោះទេ ការបោះឆ្នោតជាតិនៅ​កម្ពុជានឹងចាប់ផ្តើម គឺនៅថ្ងៃទី២៩ ខែ​កក្កដា​ខាង​​មុខ។ ទោះ​បី​ជា​មាន​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋអាមេរិកឲ្យមានការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ឡើងវិញក៏ដោយ ក៏លោក ហ៊ុន សែន ហាក់​មិន​ខ្វល់នោះដែរ។ តើសហរដ្ឋ​អាមេរិក​មានយុទ្ធសាស្ត្រអ្វីផ្សេងទៀតដែរទេ​ដើម្បីធានាថា លោក ហ៊ុន សែន​ ស្ដារ​​​ស្ថាន​ភាព​​នយោបាយ​បច្ចុប្បន្ន​បាន?

អាលែន៖ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរជាដុំកំភួន ក្នុងការអនុញ្ញាតឲ្យ​គណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតទេ នោះ​​យើង​​​មិន​​​ទទួល​​​​ស្គាល់​ការ​បោះ​ឆ្នោត​នោះ​ទេ ដោយសារការបោះឆ្នោតនេះធ្វើឡើង ដោយមិនសេរីត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ ហើយ​ការ​បោះ​ឆ្នោត នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ខុស​ច្បាប់​ថែម​ទៀត។ យើង​នឹងសហការជា មួយ​សហគមន៍អឺរ៉ុប ហើយ​យើង​​ក៏​​កោត​​សរសើរ​​ដែរ​ដល់​​សហគមន៍​​អឺរ៉ុប ដែលបានបង្កើនការដាក់ទណ្ឌកម្មផ្នែក​ពាណិជ្ជកម្ម​ដល់របប​លោក ហ៊ុន​ សែន​។ បញ្ហា​នេះ​យើង​មិន​មែន​មាន​គំនិត​ផ្តួល​រំលំ​អ្វី​នោះ​ទេ ប៉ុន្តែ​យើង​ចង់​បាន​ការ​​បោះ​ឆ្នោត​ដោយ​​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។

ទីន ហ្សាការីយ៉ា៖ ក្រុមបណ្តាប្រទេសកុម្មនីសមួយចំនួនដូចជាប្រទេស ចិននិងរុស្សីជាដើម្បីគ្រោងបញ្ជូន​ក្រុម​អ្នក​​អង្កេត​ការណ៍​របស់​​ពួក​​គេ ទៅឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា ស្របពេលសហរដ្ឋ អាមេរិក និង​សហភាព​អឺរ៉ុប​បដិសេធ​លើ​បញ្ហា​​នេះ។ តើ​លោក​មាន​អ្វី​ដែល​ត្រូវ​និយាយ​​ប្រសិន​បើ​​ប្រទេស​​ទាំង​នោះ​ចាត់​ទុក​​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ធ្វើ​ឡើង​​ដោយ​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ?

អាលែន៖ ការបោះឆ្នោតនេះ ប្រៀបបីដូចជាសមរភូមិ នៃសង្គ្រាម ពិភពលោករវាងលទ្ធិប្រជាធិបតេយ្យ និងអំណាច​​ផ្តាច់ការ។ រដ្ឋាភិបាល​​រុស្ស៊ី និង​ចិន ជាក្រុមរដ្ឋាភិបាលផ្តាច់ការ ដែលប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​សហភាព​​អឺរ៉ុប​ជា​ក្រុម​អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតនៅកម្ពុជាគឺជាបោះ ឆ្នោតដ៏អាមាស់​ដោយសារគ្មាន​គណបក្ស​​ប្រឆាំង​​​ចូល​​រួម។ យើងនឹង​មិនត្រាប្រណី​លើកលែង ឬទទួលស្គាល់ការបោះឆ្នោត​មួយនេះ​ឡើយ ហើយ​ពួក​គេ​ត្រូវ​តែ​ផ្លាស់​​ប្តូរ​​គោល​ជំហរ​របស់​ខ្លួន ឲ្យ​មានការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច​ដែល​យើង​បាន​​ប្រាប់​ទៅ​រុស្ស៊ី និង​​​​ចិន​​​​អញ្ចឹង​​​​ដែរ​​ថា ការ​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​របស់​ពួក​គេ​ទៅ​កម្ពុជា នឹង​​មិន​​អាច​​មក​​កាឡៃ​​ថា ជា​ការ​បោះ​ឆ្នោត​បែប​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ទីន ហ្សាការីយ៉ា៖ រដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗ បានឧបត្ថម្ភរថយន្ត និងហិបឆ្នោត​ជា​ច្រើន ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា។ តើជំនួយរបស់ជប៉ុននឹងប៉ះទង្គិចដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក និង​សហគមន៍​​អឺរ៉ុប​ក្នុង​ការ​ដាក់​សម្ពាធ​​ដល់​របប​លោក ហ៊ុន សែន ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យនោះវិញដែរទេ?

អាលែន៖ ខ្ញុំគិតថាប្រទេសជប៉ុនគឺជាអ្នកដែលព្យាយាមចែចូវឲ្យមាន ការកែប្រស្ថានការណ៍នយោបាយនៅកម្ពុជា។ អ្វី​ដែល​យើង​គាំទ្រ​ជប៉ុន គឺយើងចង់បញ្ចាក់ជំហររបស់យើងឲ្យច្បាស់ថាយើងគាំទ្រទៅលើការ ចង់បានឲ្យមានការបោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកណាធ្វើអី​ធ្វើ​ទៅ ប៉ុន្តែនៅចុងក្រោយគឺត្រូវតែមាន​ការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ទីន ហ្សាការីយ៉ា៖ សហគមន៍អឺរ៉ុបកំពុងធ្វើការវាយតំលៃស្ថានភាពនយោបាយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ពួក​​គេ​​នឹង​​​កាត់​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​ចេញ​ពី​កម្ពុជា ឬ​យ៉ាង​ណា។ តើ​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​អ៊ីចឹង​ដែរ​ទេ?

អាលែន៖ ឥឡូវគ្រាន់តែបង្ហាញជំហរសំរាប់ខ្លួនខ្ញុំផ្ទាល់សិន ប៉ុន្តែខ្ញុំចង់ និយាយថាអញ្ចេះ នៅក្នុងទំនាក់ទំនង​រដ្ឋសភា ដែល​មាន​ក្រុម​តំណាង​​រាស្រ្តអាមេរិកាំងពីខាងគណបក្សទាំងពីររួមមានខ្លួនខ្ញុំផ្ទាល់ លោក ថិត យ៉ូហូ (Ted Yoho) លោក ស្ទីវ ឆាបុត្រ (Steve Chabot) លោក អីលីយាត អ៊ែងហ្គល (Eliot Engel) និងលោក អេដ រ៉យ (Ed Royce) ព្រមទាំងថា្នក់ដឹកនាំ​ទាំង​អស់​គណៈកម្មាធិការ​កិច្ចការបរទេសនៃ​រដ្ឋសភាអាមេរិក សុទ្ធតែគាំទ្រយ៉ាងខ្លាំងដល់ការ​បង្កើន​ឲ្យ​មានការ ដាក់​សម្ពាធ​​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ ពួកគេសុទ្ធតែយល់តែទាំងអស់​អំពី​ការ​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ។ ខ្ញុំ​​គិត​​ថា ប្រសិន​​បើ​រដ្ឋាភិបាល​កម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ពលរដ្ឋ​ខ្មែរ​ទៀត​នោះ សហរដ្ឋ​អាមេរិក គួតែប្រើប្រាស់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់ខ្លួនដើម្បីជាការឆ្លើយ​តប​ហើយ។

ទីន ហ្សាការីយ៉ា៖ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនទើបតែចុះហត្ថលេខា បន្តការធ្វើ​ពាណិជ្ចកម្មជាមួយកម្ពុជា​រយៈ​​ពេល​​បី​ឆ្នាំ​ទៀត​​ហ្នឹង។ តើ​លោក​មាន​អ្វីនិយាយបន្ថែម លើបញ្ហានេះ?

អាលែន៖ ខ្ញុំទើបតែទទួលបានលិខិតពីក្រសួងការបរទេសសហរដ្ឋ​អាមេរិក អំពីការផ្អាកជំនួយជាច្រើនដល់កម្ពុជា​ដោយសារ​​បាន​រំលាយ​គណបក្ស សង្គ្រោះជាតិ​ ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់វិទ្យុ​អាស៊ី​សេរី​ពីរ​រូប។ ជាង​នេះ​ទៀត ក្រសួង​រតនាគារ​ជាតិរបស់ អាមេរិកក៏បានដាក់ទណ្ឌកម្មបង្កកទ្រព្យមេអង្គរ័ក្សរបស់លោក ហ៊ុន សែន ថែមទៀត។ រដ្ឋបាលរបស់​លោក​ប្រធានាធិបតី​ក៏បាន​យល់​យ៉ាង​ស៊ីជំរៅអំពីបញ្ហានេះ ហើយពួកគេនឹងចាត់វិធានការធ្ងន់ធ្ងរផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើង​វិញ។

ទីន ហ្សាការីយ៉ា៖ ក្រៅពីការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ​ និងបិទទិដ្ឋាការ​ដល់លោក ហ៊ីង ប៊ុនហៀង មេ​អង្គរ័ក្ស​របស់​លោក ហ៊ុន សែន តើរហូត​មកទល់ពេលនេះលោកដឹងថាមានមន្រ្តីជាន់ខ្ពស់​របស់​លោក ហ៊ុន​ សែន ណា​ទៀត​ដែរ​ទេ ដែល​កំពុង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​រង់ចាំ​ការ​​ដាក់​ទណ្ឌកម្ម​នោះ?

អាលែន៖ រហូតមកទល់ពេលនេះប្រធានាធិបតី និងក្រសួងការបរទេស បានកំណត់ថ្ងៃច្បាស់លាស់ក្នុងការផ្តល់បញ្ជី​ឈ្មោះ​របស់​ក្រុមមន្រ្តីទាំងឡាយនោះមកអោយយើង។ ពេលដែលយើងអនុម័តសេចក្តីព្រាង ច្បាប់លេខ H.R. 5754 នេះហើយ ពេល​​នោះ​លោកប្រធានាធិបតីនឹង ចេញបញ្ជីឈ្មោះរបស់ក្រុមមន្រ្តីកម្ពុជាទាំងនោះមកអោយយើង។

ទីន ហ្សាការីយ៉ា៖ សំណួរចុងក្រោយរបស់ខ្ញុំ ក្នុងនាមសហរដ្ឋអាមេរិកជា​ម្ចាស់​ហត្ថលេខីនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ប៉ុន្តែ​សហរដ្ឋ​​អាមេរិក​ហាក់​កំពុង​បាត់បង់ឥទ្ធិពលរបស់ខ្លួនលើប្រទេស​កម្ពុជា។ ជា​លទ្ធផល​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​របប​ផ្តាច់ការ។ តើសហរដ្ឋ​អាមេរិក​អនុញ្ញាត​​ឲ្យ​​មាន​​បញ្ហា​​នេះ​​កើត​​ដោយ​គ្មាន​ការ​ប្រើ​វិធានការ​​ណា​​មួយ​​ដែរ​​ទេ?

អាលែន៖ បញ្ហានេះយើងកំពុងរៀបចំធ្វើហើយ ហើយសហគមន៍អឺរ៉ុប ក៏កំពុងរៀបធ្វើដែរ។ យើងមិនអាចអនុញ្ញាត​ឲ្យ​​កម្ពុជា​​ដើរ​ចេញ​ពី​គន្លង​​ប្រជាធិបតេយ្យ​បាន​នោះ​ទេ ហើយយើងក៏មិនអនុញ្ញាតឲ្យលោក ហ៊ុន សែន បំផ្លាញកិច្ច​ប្រឹងប្រែង​របស់​យើង​ដែល​ខិតខំ​តម្រែតម្រង់​កម្ពុជា ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ដែរ។

ទីន ហ្សាការីយ៉ា៖ អញ្ចឹងតើកម្ពុជាមានអ្វីសំខាន់ដល់សហរដ្ឋអាមេរិក?

អាលែន៖ កម្ពុជាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់​សហរដ្ឋអាមេរិក ពីព្រោះប្រទេសកម្ពុជាជាប្រទេសចុងក្រោយ នៅ​​អាស៊ី​ភាគ​អាគ្នេយ៍ ដែល​យើងត្រូវការពារលទ្ធិប្រជាធិបតេយ្យនៅទីនោះ។ ដូច្នេះយើង មិនត្រូវការអំណាចផ្តាច់ការ ហើយ​យក​គំរូ​នៃ​ការ​ដឹក​នាំ​​របស់​ប្រទេស​ចិន​​មក​​អនុវត្ត​​សម្រាប់​​កម្ពុជា​​នោះ​​ឡើយ។

ទីន ហ្សាការីយ៉ា៖ បាទសូមអគុណច្រើនលោក អាលែន ឡូវែនថល!

អាលែន៖ បាទសូមអគុណ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។