ពលរដ្ឋនៅអឺរ៉ុបដើមកំណើតខ្មែរ បាននាំគ្នាដាក់ញត្តិទៅស្ថាប័នមួយចំនួន រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពិសេស ស្នើឲ្យពិនិត្យករណី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប គំរាមកំហែងពលរដ្ឋដែលទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១៤ ធ្នូ។
ពួកគេបានលើកឡើងនៅក្នុងញត្តិនោះថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ប្រសិនបើពលរដ្ឋនៅសហភាពអឺរ៉ុប ដើមកំណើតខ្មែរ គ្រោះថ្នាក់ណាមួយ ទោះជានៅក្នុងទឹកអឺរ៉ុប ឬនៅកម្ពុជា គឺអាចមកពីការលួចធ្វើបាបពីក្រុមបក្ខពួកលោក ហ៊ុន សែន។
ប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសបារាំង លោក ទេព មនោរម្យ ឲ្យដឹងថា ការដាក់ញត្តិនេះ ក៏ភ្ជាប់វីដេអូ ដែលលោក ហ៊ុន សែន ថ្លែងសារគំរាមកំហែងបាតុករកាលពីថ្ងៃទី១២ ធ្នូ នៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិកដែរ (Belgium) ដើម្បីទុកជាភស្តុតាងជាក់ស្ដែង។
សូមទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ និងលោក ទេព មនោរម្យ អំពីបញ្ហានេះដូចតទៅ៖