លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកនៅតែមានស្មារតីរឹងមាំ ដោយមិនព្រួយបារម្ភអំពីការចាប់ដាក់ពន្ធនាគារជាថ្មីទៀតនោះទេ ពីព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ ប្រតិកម្មរបស់អតីតមេដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សរូបនេះ ធ្វើឡើងក្រោយពីសារព័ត៌មានគាំទ្ររដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) បានចុះផ្សាយកាលពីល្ងាចថ្ងៃទី៤ ឧសភាថា លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីវិញ ប្រសិនបើមិនអនុវត្តតាមដីការបស់តុលាការ។
តុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០២១ បានផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែសម្រេចឃុំខ្លួនត្រឹមជាង ១៥ខែ ដោយទោសនៅសល់ត្រូវព្យួរសាកល្បងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីលោកបានចេញលិខិតស្នើដល់រដ្ឋអំណាចឱ្យពិនិត្យមើលបញ្ហាព្រំដែនជាមួយវៀតណាមនៅខេត្តត្បូងឃុំដែលពលរដ្ឋខ្មែរចោទថា វៀតណាមរំលោភចូលដីកម្ពុជា។ សហគមន៍ជាតិ និងអន្តរជាតិបានថ្កោលទោសការផ្ដន្ទាទោសនេះថា ជារឿងមិនត្រឹមត្រូវ ព្រោះអ្វីដែលលោក រ៉ុង ឈុន លើកឡើងនោះ គឺជាការបញ្ចេញមតិស្របតាមច្បាប់។
ការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញូវ (Fresh News) ដែលហាក់ក្នុងន័យគំរាមកំហែងលើលោក រ៉ុង ឈុន នេះ កើតមាននៅស្របពេលដែលលោក រ៉ុង ឈុន កំពុងទទួលបានប្រជាប្រិយភាព និងត្រៀមឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី ១ នៃគណបក្សភ្លើងទៀននៅមណ្ឌលខេត្តកណ្ដាល ដើម្បីប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបេក្ខជនលេខរៀងទី១ នៃគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្ដាលនេះដូចគ្នា។
សូមស្ដាប់បទសម្ភាសរវាងលោក យ៉ង ចាន់តារា និងលោក រ៉ុង ឈុន អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។