មេធាវីអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ» និង «ងាយរងគ្រោះបំផុត»ដោយសារបន្តឃុំខ្លួនកញ្ញា សេង ធារី
2023.10.15
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ប្រាប់ទៅនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តឃុំខ្លួនអ្នកទោសនយោបាយនៅកម្ពុជាដូចតាមឪពុករបស់លោក នេះមានន័យថា លោក ហ៊ុន ម៉ាណែត មិនមែនជាមេដឹកនាំខ្លាំងនោះទេ។ តែគឺជាមេដឹកនាំទន់ខ្សោយ និងងាយរងគ្រោះបំផុត។ លោកនៅតែបន្តទាមទារឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌដដែល។
សូមតាមដានបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងមេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ ជុំវិញសំណុំរឿងឃុំខ្លួនកញ្ញា សេង ធារី ដូចតទៅ៖
មាន ឫទ្ធិ៖ ជាដំបូង ខ្ញុំចង់បានប្រតិកម្មរបស់លោកដោយសង្ខេបក្រោយពេលដែលអាជ្ញាធរកម្ពុជាសម្រេចផ្ទេរកញ្ញា សេង ធារី ពីគុកនៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ មកភ្នំពេញវិញ?
ចារិត ហ្គិនស័រ៖ បាទ ខ្ញុំគិតថាវាជាជំហានទៅមុខដ៏សំខាន់មួយសម្រាប់សំណុំរឿងរបស់កញ្ញា។ ខ្ញុំរីករាយដែលរឿងនេះកើតឡើង។ វាគឺជាអ្វីមួយដែលកញ្ញាធ្លាប់បានស្នើសុំម្តងហើយម្តងទៀត។ កញ្ញាមិនគួរត្រូវបានគេបញ្ជូនទៅទីនោះតាំងពីដំបូងមកម្ល៉េះ ក្នុងពេលដែលកញ្ញាមានក្រុមគ្រួសារនៅក្រុងភ្នំពេញ។ នេះគឺជាចេតនាធ្វើឱ្យកញ្ញាកាន់តែលំបាកវេទនា ដោយគ្មានហេតុផលទាល់តែសោះឡើយ។ មែនទែនទៅ វាជាជំហានទៅមុខដ៏ចាំបាច់មួយ តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ការផ្ដោតរបស់យើងគឺទៅលើការដោះលែងកញ្ញាចេញពីគុក និងទម្លាក់ចោលបទចោទប្រឆាំងនឹងកញ្ញា ដែលជាបទចោទបែបនយោបាយ។
មាន ឫទ្ធិ៖ ការផ្ទេរនេះកើតឡើងតែមួយថ្ងៃក្រោយពីមានជំនួបមួយរវាងនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក អ្នកស្រី វ៉ិកតូរីយ៉ា នូលែន (Victoria Nuland) នៅពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ខ្ញុំចង់ដឹងថា តើនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងយល់ព្រមផ្តល់មកវិញនូវជំនួយ ១៨លានដុល្លាររបស់អាមេរិកមកឱ្យរដ្ឋាភិបាលកម្ពុជាដែរឬទេ?
ចារិត ហ្គិនស័រ៖ ចម្លើយយ៉ាងខ្លីគឺថា ខ្ញុំមិនដឹងទេ ហើយខ្ញុំសង្ឃឹមថា វាច្បាស់ណាស់ថា នឹងមិនមែនជារឿងអ៊ីចឹងទៅចុះ។ ខ្ញុំមិនជឿ ហើយខ្ញុំគិតថា វាគ្មានន័យទាល់តែសោះក្នុងការដែលបញ្ចេញទឹកប្រាក់ ១៨លានដុល្លារ ដើម្បីគ្រាន់តែផ្ទេរអ្នកជាប់គុកម្នាក់ពីកន្លែងមួយទៅកន្លែងមួយទៀតនោះ។ បន្ថែមពីលើនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាបាននិយាយពីការចង់បានលុយជំនួយនេះមកវិញ ដោយផ្សារភ្ជាប់នឹងការឃុំខ្លួនកញ្ញា សេង ធារី នោះនឹងមានន័យថាកញ្ញា សេង ធារី ក្លាយជាចំណាប់ខ្មាំងដែលជាការរំលោភច្បាប់អន្តរជាតិ។
មាន ឫទ្ធិ៖ កាលពីលើកមុន លោកបានប្រាប់យើងថា នឹងយកសេចក្តីសម្រេចរបស់ក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្ត ទៅជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាការឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់។ តើរឿងនេះវិវត្តន៍ដល់ណាហើយ?
ចារិត ហ្គិនស័រ៖ យើងកំពុងជំរុញរឿងនេះឱ្យដំណើរការទៅមុខ។ ខ្ញុំចង់មានន័យថា នៅទីបំផុតទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិគ្រោះយោបល់លើសំណុំរឿងរបស់កញ្ញា។ យើងអរគុណចំពោះការធ្វើដូច្នេះ។ កញ្ញាគួរតែត្រូវបានកំណត់ថា ជាការឃុំខ្លួនពលរដ្ឋអាមេរិកាំងដោយខុសច្បាប់។ ប៉ុន្តែ ជាក់ស្តែង លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony Blinken) សុទ្ធតែបានជំរុញទៅរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ និងដោយឥតកែប្រែថា កញ្ញា សេង ធារី ត្រូវបានដោះលែងជាបន្ទាន់។ ក្រសួងការបរទេសអាមេរិកបាននិយាយថា ការឃុំខ្លួនកញ្ញាគឺជារឿងនយោបាយ និងជារឿងអយុត្តិធម៌។ ដូច្នេះ ខ្ញុំគិតថា ការនិយាយដូច្នេះផ្ញើសារយ៉ាងច្បាស់មួយអំពីរបៀបដែលសំណុំរឿងរបស់កញ្ញា ត្រូវបានគេមើលឃើញយ៉ាងម៉េចនោះ។
មាន ឫទ្ធិ៖ អ៊ីចឹង តើលោកមានសង្ឃឹមប៉ុណ្ណាទៅថាសំណុំរឿងរបស់កញ្ញានឹងត្រូវបានរដ្ឋាភិបាលអាមេរិកចាត់ទុកថា ជាការឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់នោះ? ចុះពីខាងសភាអាមេរិកវិញយ៉ាងម៉េចដែរ?
ចារិត ហ្គិនស័រ៖ បាទ យើងបានពិគ្រោះយោបល់យ៉ាងទូលំទូលាយក្នុងកិច្ចសន្ទនាជាមួយសមាជិកសភា ជាមួយរដ្ឋាភិបាលអាមេរិក និងសាខានីតិប្រតិបត្តិ។ យើងនឹងបន្តមានកិច្ចសន្ទនាទាំងនោះតទៅទៀត។ ខ្ញុំគិតថាមានការវិវត្តសំខាន់មួយចំនួនក្នុងសំណុំរឿងរបស់កញ្ញា។ ជាឧទាហរណ៍ សេចក្តីស្នើច្បាប់ថវិការបស់ក្រសួងការបរទេសឆ្នាំ២០២៤ ដែលបានឆ្លងកាត់ព្រឹទ្ធសភាអាមេរិក មានចែងបទប្បញ្ញត្តិយ៉ាងច្បាស់អំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និងពណ៌នាថាសំណុំរឿងកញ្ញាគឺជាការឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់។ នេះគឺតំណាងឱ្យទស្សនៈរបស់សមាជិកព្រឹទ្ធសភាស្ទើរតែជិតពាក់កណ្តាល នៅក្នុងគណៈកម្មាធិការត្រួតពិនិត្យ និងចាត់ចែងថវិកានៃព្រឹទ្ធសភាអាមេរិក ដែលបានអនុម័តជាឯកច្ឆន្ទលើកំណែប្រែចុងក្រោយដោយផ្អែកលើការព្រមព្រៀងទាំងពីរគណបក្ស ដែលបានបន្ថែមកំណែប្រែនេះទៅក្នុងសេចក្តីស្នើច្បាប់ថវិកា។
ក្តីសង្ឃឹម និងការរំពឹងទុករបស់យើងគឺថា សេចក្តីស្នើច្បាប់នេះនឹងត្រូវបានរដ្ឋសភាអនុម័ត ហើយនឹងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងអ្នកទាំងឡាយណាដែលយកចិត្តទុកដាក់ចំពោះរឿងនេះនៅកម្ពុជា។ សេចក្តីស្នើច្បាប់នេះក៏អំពាវនាវឱ្យដាក់ទណ្ឌកម្ម និងជំរុញឱ្យដាក់ទណ្ឌកម្មលើបុគ្គលណាម្នាក់ដែលពាក់ព័ន្ធនឹងការឃុំខ្លួនកញ្ញាសេង ធារី តាមទំនើងចិត្ត។ ដូច្នេះហើយ ខ្ញុំគិតថា រដ្ឋសភាមានទស្សនៈមួយបែប ហើយរដ្ឋបាលលោក បៃដិន មានទស្សនៈមួយបែបទៀត។ ប៉ុន្តែ នៅពេលដែលមានច្បាប់ដូច្នេះ វាមានន័យថា រដ្ឋសភាអាមេរិកកំពុងយកចិត្តទុកដាក់លើសំណុំរឿងរបស់កញ្ញា សេង ធារី ដូចដែលរដ្ឋសភាបាននិយាយរឿងនេះម្តងហើយម្តងទៀត។ ខ្ញុំគិតថាយើងនឹងទៅដល់គោលដៅដែលយើងចង់បាន។
មាន ឫទ្ធិ៖ កម្ពុជាទើបមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី គឺមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី។ តើលោកមានសារយ៉ាងដូចម្តេចដែរទៅកាន់លោក ហ៊ុន ម៉ាណែត ចំពោះសំណុំរឿងរបស់កញ្ញា សេង ធារី នេះ?
ចារិត ហ្គិនស័រ៖ ប្រសិនបើខ្ញុំមានឱកាសនិយាយទៅគាត់ ខ្ញុំនឹងនិយាយថា ការឃុំខ្លួនអ្នកទោសនយោបាយ មិនមែនជាសញ្ញានៃភាពខ្លាំងរបស់ការដឹកនាំរបស់លោកទេ។ វាគឺជាសញ្ញានៃភាពទន់ខ្សោយ។ ហើយប្រសិនបើលោកចង់បង្ហាញថា លោកដឹកនាំប្រទេស មានប្រជាជនគាំទ្រលោក និងចង់ឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី ឬក៏ថាប្រជាជនគាំទ្ររដ្ឋាភិបាលរបស់លោក នោះលោកគួរតែអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានិយាយនូវអ្វីដែលពួកគេចង់និយាយ។ ហើយប្រសិនបើអ្វីដែលពួកគេនិយាយមិនមែនជាការពិត នោះមហាជន នឹងដឹងថា វាជារឿងមិនពិតនោះទេ។
ដំណោះស្រាយដ៏ល្អបំផុតចំពោះមតិដែលលោកមិនពេញចិត្ត គឺឱ្យមានការបញ្ចេញមតិកាន់តែច្រើនជាងនេះ ពីព្រោះថាការនេះនឹងផ្តល់ឱកាសដល់មនុស្សដែលគាំទ្ររដ្ឋាភិបាលឱ្យនិយាយទៅកាន់ កញ្ញា សេង ធារី និងមនុស្សដទៃទៀត ថា ពួកគេពុំជឿលើអ្វីដែលកញ្ញាបាននិយាយ ឬមិនឯកភាពជាមួយនឹងអ្វីដែលកញ្ញាបាននិយាយនោះទេ។
ខ្ញុំនឹងនិយាយទៅលោក ហ៊ុន ម៉ាណែត ថាហេតុអ្វីបានជាលោកខ្លាចរអាសំឡេងរបស់កញ្ញាម៉្លេះ? ប្រសិនបើអ្វីដែលកញ្ញានិយាយមិនពិតនោះទេ តើពលរដ្ឋកម្ពុជាពិតជាមិនដឹងរឿងនេះទេ ឬអី? តើចាំបាច់អីដែលលោកត្រូវខ្លាចរអា?
ខ្ញុំនឹងនិយាយថា មេដឹកនាំដ៏មានអំណាចមិនមែនជាមនុស្សដែលចាប់ពលរដ្ឋខ្លួនឯងដាក់ឃុំដោយសារតែពួកគេមិនយល់ស្របនឹងទស្សនៈរបស់ខ្លួននោះទេ។ មេដឹកនាំដ៏មានអំណាចគឺជាមនុស្សម្នាក់ដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ពួកគេនិយាយនូវអ្វីដែលពួកគេចង់និយាយ។ ហើយប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តឃុំខ្លួនអ្នកទោសនយោបាយ នោះមានន័យថា លោកជាមេដឹកនាំទន់ខ្សោយ និងងាយរងគ្រោះមែនទែន។ ខ្ញុំមិនដឹងថា មានមេដឹកនាំណាខ្លះដែលចង់បង្ហាញពីភាពទន់ខ្សោយរបស់ខ្លួននោះ ប៉ុន្តែនេះគឺជាអ្វីដែលលោក ហ៊ុន ម៉ាណែត កំពុងធ្វើនាពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។