សហភាពអន្តរសភា ​(IPU) ​អំពាវនាវឲ្យ​បក្ស​កាន់​អំណាច​​បន្តសន្ទនា​នយោបាយ​ជាមួយ​បក្សប្រឆាំង

0:00 / 0:00

សហភាពអន្តរសភា​ហៅកាត់ថា ​អាយ.​ភី.យូ ​(IPU) ​ព្រួយបារម្ភ​ស្ថានភាព​នយោបាយអាក្រក់​នៅក្នុងប្រទេសកម្ពុជា។​ អាយ.ភី.យូ ​​(IPU) អំពាវ​នាវឲ្យរបប​លោក ​ហ៊ុន សែន ​បន្ត​​កិច្ចសន្ទនា​នយោបាយ​​ជាមួយ​​គណបក្ស​សង្គ្រោះជាតិឡើង​វិញ ដើម្បីកសាងទំនុកចិត្ត និង​ដោះ​ស្រាយ​បញ្ហា​នយោបាយ​​ក្នុង​​ពេល​បច្ចុប្បន្ន​។

សេចក្តីសម្រេចរបស់​គណៈកម្មាធិការសិទ្ធិមនុស្ស​នៃសមាជិកសភា​របស់​អាយ.ភី.យូ ​(IPU )​​ ក្រោយបញ្ចប់​សម័យ​ប្រជុំលើក​ទី​១៦៣​ កាលពី​ដើមខែកុម្ភៈ​ បង្ហាញថា​ អាយ.ភី.យូ ​(IPU) ព្រួយបារម្ភជាខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​និងជា​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់ ​១២រូប​ ដែលរង​ការចោទ​ប្រកាន់​ដ៏ធ្ងន់ធ្ងរ​ជាច្រើនករណី​​ជាមួយ​សកម្មជន​រាប់​សិប​នាក់ទៀត​ ដោយ​សារតែ​សកម្មភាព​នយោបាយ ​និង​ការអនុវត្តសិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន។ អាយ.ភី.យូ ​(IPU) បន្តទៀតថា កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ អាជ្ញាធរ​​ថែមទាំង​​រារាំង​​ជនជាប់ចោទ​​ដែល​កំពុង​​និរទេស​ខ្លួន​​នៅ​ក្រៅ​​ប្រទេស​​មិន​ឲ្យ​​វិល​ចូល​​កម្ពុជា​​ដើម្បី​ការពារ​ខ្លួន​​ក្នុង​​តុលាការ​​ទាំង​ដែល​ច្បាប់​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​​ចែងថា ​​មនុស្ស​គ្រប់រូបមានសិទ្ធិ​ត្រឡប់ចូល​ប្រទេស​កំណើត​របស់​ខ្លួនក្តី។ អាយ.ភី.យូ ​(IPU) ​ក៏ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្យល់លម្អិត​ចំពោះ​អង្គហេតុដែ​ល​បាន​ចោទប្រកាន់ ​និងដំណើរ​ជំនុំជម្រះ​ទ្រង់ទ្រាយធំ​លើថ្នាក់ដឹក​នាំ​និងសកម្មជន​បក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់ ​និង​ត្រូវ​ធានា​សិទ្ធិ​ចូលរួម​សវនាការ​របស់ជន​ជាប់ចោទ​ ព្រមទាំងធានា​ឲ្យសាធារជន​អាចតាម​ដាន​សវនា​ដោយ​សេរី។ ​ចំពោះ​ករណី​លោក កឹម សុខា វិញ ​ស្ថាប័ន​អន្តរជាតិមួយនេះ ​ពិនិត្យ​ឃើញថា ​ការចោទ​លោក កឹម សុខា ​ពីបទ​ក្បត់ជាតិ​ គឺ​គ្មាន​មូលដ្ឋាន​ទាល់តែ​សោះ ដោយសារតែ​តុលាការ​ពន្យាពេល​​ជំនុំ​ជម្រះ​ដោយ​​គ្មាន​​កំណត់​​ពេល​ជាក់លាក់។​

សហភាពអន្តរសភា​ អាយ.ភី.យូ ​(IPU) ​ទាម​ទារឲ្យ​អាជ្ញាធរ​ទម្លាក់​បទចោទ​ទាំង​ឡាយ ​និង​អនុញ្ញាតឲ្យ​លោក កឹម សុខា ​រួមទាំង​សមាជិកសភា​ទាំងអស់​នៃ​គណ​បក្ស​សង្រោះ​ជាតិ​​បន្ត​សកម្មភាព​​នយោ​បាយ​ពេញ​លេញ​ឡើងវិញ។ ជា​ចុងក្រោយ សហភាពអន្តរសភា​​អាយ​.​ភី​.​យូ ​សម្រេច​​ស្នើ​ឲ្យ​អគ្គ​លេខា​របស់​ស្ថាប័ន​នេះ បញ្ជូន​សេចក្ដី​សម្រេច​នេះទៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ម្ចាស់​បណ្ដឹង និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់។

សហភាពអន្តរសភា​ អាយ.ភី.យូ ​គឺស្ថាប័នអន្តរជាតិមួយ​ដែល​មាន​សមាជិក​សភា​មក​ពីប្រទេស​ចំនួន​ ១៧៩​ប្រទេសនៅលើ​ពិភពលោក ហើយធ្វើការលើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

IPU with kem sokha.jpg
សហភាពអន្តរសភា ​(IPU)​ អំពាវនាវឲ្យ​បក្សកាន់អំណាច​បន្តសន្ទនា​នយោបាយ​ជាមួយ​បក្សប្រឆាំង។

មន្រ្តីជាន់ខ្ពស់រដ្ឋសភាឯកបក្សបដិសេធមិនទទួលយកសេចក្តីសម្រេចរបស់សហភាពអន្តរសភា​នោះទេ។ អគ្គលេខាធិការ ​និង​ជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ​ឆ្លើយតបថា ​សេច​ក្តី​សម្រេច​របស់​សហភាពអន្តរសភា​ អាយ.ភី.យូ នេះ​មានភាពលម្អៀង​ទៅរក​គណបក្ស​ប្រឆាំង​ ហើយ​គ្មាន​ប្រយោជន៍អ្វី​យកមក​ពិចារណា​ឡើយ​៖ «អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើចលនា​សង្គ្រោះជាតិ ​ហើយ​សព្វថ្ងៃ​កំពុង​ធ្វើ​ចលនា​ឧបឃាត ​គឺថា ​ធ្វើចលនា​ប្រឆាំង​ជាមួយ​​រដ្ឋាភិបាល ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន ​និង​កងកម្លាំង​ប្រដាប់​អាវុធ​លើកកាណុង​ប្រឆាំង​រដ្ឋាភិបាល ​បំផ្លាញ​ភាពសុខសាន្ត ​និង​សុខសន្តិភាព​របស់​ប្រជាជន។​ ​យើង​បានពន្យល់​ហើយ​តែ​គេមិន​ស្តាប់ ​ដូច្នេះ​គេលម្អៀងទៅខាង​គណបក្ស​នោះ ​ដូច្នេះ​សេចក្តីសម្រេច​នេះ​វា​គ្មាន​បានការអីទេ ​ហើយអ្វីដែល​គេចង់នោះចង់​ឲ្យ​គណបក្ស​ប្រឆាំង​ត្រឡប់​មកវិញដើម្បី​បំផ្លាញ​ក្តីសុខ​របស់​ប្រជាជន​យើង ​ដូច្នេះយើង​មិនអាច​ទទួលយក​បាន​ទេ»

ផ្ទុយពី​ការការលើកឡើងនេះ​​ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត​ និងតស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល ​(Comfrel) លោក ​កន ​សាវាង្ស ​មានប្រសាសន៍ថា សហគមន៍​អន្តរជាតិ​​ ​សុទ្ធតែ​​ព្រួយបារម្ភ​​ និង​​ទាមទារ​ដូចៗ​គ្នា​​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​​ងាកមក​​គោរពសិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិប​តេយ្យ​ឡើងវិញ​។​ លោកថា ​​កន្លងមក​​រដ្ឋាភិបាល​ ​ចេះ​តែ​​ប្រកែក​​តែ​មាត់​​ ប៉ុន្តែមិន​បាន​​បង្ហាញ​ភស្តុ​តាង​​រឹងមាំ​​ដែល​ធ្វើឲ្យ​​សហគមន៍ជាតិ​​និង​អន្តរជាតិ​អាច​ជឿបាន​​នោះ​ទេ​៖​ «​យើង​ដឹងហើយ​ពី​ឆ្នាំ២០១៨​​មក​​ទល់​ពេល​​នេះ ​ស្ថានភាព​យើងយ៉ាងម៉េច ​គឺទាំងអស់​ទាំងគ្នា​ឆ្លងកាត់​រឿង​អស់ហ្នឹង​ គឺថាយើង​អាច​យល់​ទាំងអស់គ្នា​ហើយ​គឺថា ​ភាព​លំបាក ​ឬ​ចម្រូងចម្រាស់​បែប​ម៉េច​អាហ្នឹង​វាមិនមែន​ជាការរីកចម្រើន​មួយ​សម្រាប់​ប្រទេស​យើងទេ ​ជារឿង​កេរ្តិ៍ឈ្មោះ​មួយ​ដែល​ធ្វើឲ្យយើង​​រឹតតែ​ពិបាក​ជាងហ្នឹង​ទៅមុខ​ទៀត។ ​រដ្ឋាភិបាល ​គួរតែ​ពិនិត្យមើល​ និង​ស្តារឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ​យ៉ាងហោចណាស់​ឲ្យ​បាន​ត្រឡប់​ដូចឆ្នាំ​២០១៧ ​គឺជា​​រឿងមួយ​ដែលជាការ​ប្រសើរ​សម្រាប់ការប្រគួតប្រជែងខាង​ផ្នែក​នយោបាយ ​ឬ​ស្តារមុខមាត់​ប្រទេសយើង​​ឲ្យសមស្រប​តាមគោលការណ៍​ប្រជាធិបតេយ្យ»

មន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំង​ក៏​ស្នើ​ឲ្យរដ្ឋាភិបាល​ពិចារណា​ដោះស្រាយ​វិបត្តិ​នយោបាយ​វិញ​ដើម្បី​ឲ្យ​កម្ពុជា​ងាកទៅរក​គន្លង​លទ្ធិប្រជាធិបតេយ្យវិញ​។​ អ្នកស្រី ​មូរ សុខហូរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ​​សេចក្តីសម្រេច​​របស់​​សហភាព​អន្តរសភា​​អាយ.ភី.យូ នេះ​ត្រឹមត្រូវ​​ព្រោះ​​ពួកគេ​​ចង់​​ឲ្យ​របប​​លោក ហ៊ុន សែន​​ ស្តារ​សិទ្ធិមនុស្ស​​និង​​ប្រជាធិបតេយ្យ ​​រួមទាំង​​គោរព​សិទ្ធិ​​អ្នក​​តំណាង​រាស្ត្រ​ជាដើម​។​​ អ្នកស្រី​​បន្តថា ​​សហភាព​អន្ត​រសភា​​ អាយ.ភី.យូ ​​មិនមែន​​ល្ងង់ខ្លៅ​មិន​ដឹង​​អំពី​​ស្ថានភាព​ពិត​​នៅក្នុង​​ប្រទេស​​​កម្ពុជា​​នោះទេ​​ ដូច្នេះ​​របបក្រុង​ភ្នំពេញ ​​ត្រូវ​​តែ​ដោះស្រាយ​​វិបត្តិ​នយោបាយ ​​​ដើម្បី​ជៀស​វាង​ទណ្ឌកម្មបន្តទៀត​៖ ​«សេចក្តីសម្រេច​ផ្សេងៗ​​ទៀត​​ជាបន្តបន្ទាប់ពី​អង្គការ​សហប្រជាជាតិ ពី​IPU ​ពីសហភាពអឺរ៉ុប ​ពីសហរដ្ឋអាមេរិក ​នឹង​ជំរុញ​ឲ្យមាន​ទណ្ឌកម្មសេដ្ឋកិច្ច​និង​ទណ្ឌកម្មផ្សេងៗទៀត​ដល់ក​ម្ពុជា​ដូចជា​គេបិទEBA​ និង​GSP ​របស់​អាមេរិកជាដើម ​ដូច្នេះលោក ហ៊ុន សែន ​ត្រូវតែ​យល់ថា ​កម្ពុជា​មិនអាច​រស់ដោយ​ឯកោបានទេ ​ហើយវិបត្តិសេដ្ឋកិច្ច ​នឹង​ក្លាយ​ជាវិ​បត្តិសង្គម ​ដោយសារ​អំពើដ៏សហាវបំផុត ​និង​អយុត្តិធម៌​បំផុត​មកលើ​ពលរដ្ឋ ​ហើយ​ឥឡូវ​មកលើ​ពួកយើង​​ជាតំណាង​រាស្ត្រទៀត​»​។​

ថ្មីៗនេះ ​​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ៤​រូប ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​ស្ថាន​ទូតអាមេរិក ​ខក​​ចិត្ត​​ជា​ខ្លាំង​ចំពោះ​ការ​ផ្តន្ទាទោស​លោក សម រង្ស៊ី ​និង​​ថ្នាក់ដឹកនាំ​​បក្ស​​ប្រឆាំង​ ៨នាក់​ទៀត ​ឱ្យ​ជាប់​​ពន្ធនាគារ​​ពី ​២០ឆ្នាំ ​ដល់ ​២៥ឆ្នាំ ​​ពីបទ​​«ឧបឃាត»​​ ពាក់ព័ន្ធ​​នឹង​​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ពួកគេវាយតម្លៃថា ​ការផ្តន្ទាទោសនេះ ​ធ្វើឡើង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ និងធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន។ ពួកគេ​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ឡើងវិញដែរ ​និង​ធានា​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មានឱកាស​ស្មើគ្នា​ដើម្បី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។