លោក អៀ ចាន់ណា សរសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ​ផ្ញើ​ទៅ​លោក ហ៊ុន សែន សុំ​នៅ​ក្រៅ​ឃុំ

ដោយ ទីន ហ្សាការីយ៉ា
2023.05.01
លោក អៀ ចាន់ណា សរសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ​ផ្ញើ​ទៅ​លោក ហ៊ុន សែន សុំ​នៅ​ក្រៅ​ឃុំ លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខែត្រតាកែវ ក្នុង​ឃ្លីបវីឌីអូមួយ ពេលថ្លែងសុំអភ័យទោសពីលោក ហ៊ុន សែន ពីក្នុង​ពន្ធនាគារព្រៃស ឬមជ្ឈមណ្ឌលកែប្រែទី (ម១) នៅ​ជាយរាជធានីភ្នំពេញ ថ្ងៃ​ទី១ ខែឿសភា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក

លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខែត្រតាកែវ បាន​សរសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ សុំ​ទោស​លោក​នាយក​មន្រ្តី ហ៊ុន សែន និង​សុំ​ឲ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ។
លិខិត​របស់​លោក អៀ ចាន់ណា ដែល​សរសេរ​ដោយ​ដៃ​នៅ​ថ្ងៃ​ទី១ ឧសភា ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ទៅ​លោក ហ៊ុន សែន នេះ មាន​ខ្លឹមសារ​ថា “ខ្ញុំបាទ សូម​ខន្តី​អភ័យ​ទោស​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ចំពោះ​កំហុស​ឆ្គង​របស់​ខ្ញុំ​បាទ នា​ពេល​កន្លង​មក ដោយ​បាន​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ព័ត៌មាន​នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​ដឹកនាំគណបក្សប្រឆំាងកាលពីឆ្នាំ២០២០។ ខ្ញុំបាទ សន្យា​ថា នឹង​មិន​ប្រព្រឹត្តិ​ខុស​ត​ទៀត“។

លិខិត​ដដែល​បន្ត​ថា” ខ្ញុំបាទ សូម​សម្ដេច​មេត្តា​ករុណា​ដល់​រូប​ខ្ញុំ​បាទ ជួយ​អន្តរាគមន៍​ឲ្យ​រួប​ខ្ញុំ​បាទ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​មើល​ថែ​គ្រួសារ និង​ធ្វើ​ជា​ពលរដ្ឋ​ល្អ ដោយ​ក្ដី​អនុគ្រោះ” ។

លោក អៀ ចាន់ណា សរសេរ​លិខិត​សូម​ទោស​លោក ហ៊ុន សែន ចេញ​ពី​ពន្ធនាគារ​នេះ នៅ​ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើសុំ​នោះ​ទេ កាល​ពី​ដើម​ខែមេសា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក អៀ ចាន់ណា ពី​បទ​រួម​គំនិត​ក្បត់ ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាលពីឆ្នាំ២០២០។ សមត្ថកិច្ច បាន​ចាប់​ខ្លួន លោក អៀ ចាន់ណា ក្នុង​អំឡុង​ពេល​សកម្មជន​នយោបាយ​រូប​នេះ បាន​ចូល​រួម​យុទ្ធនាការ​រក​សំឡេង​ឲ្យ​គណបក្ស​ភ្លើង​ទៀន កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥។
លោក អៀ ចាន់ណា ជា​សកម្មជន​នយោបាយ និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន ធ្លាប់​បាន​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ន័រវេស៍ (Norway) ហើយ​លោក​ក៏​មាន​សញ្ជាតិ​ន័រវេស៍​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។