លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខែត្រតាកែវ បានសរសេរលិខិតចេញពីពន្ធនាគារ សុំទោសលោកនាយកមន្រ្តី ហ៊ុន សែន និងសុំឲ្យដោះលែងនៅក្រៅឃុំ។
លិខិតរបស់លោក អៀ ចាន់ណា ដែលសរសេរដោយដៃនៅថ្ងៃទី១ ឧសភា ផ្ញើចេញពីពន្ធនាគារទៅលោក ហ៊ុន សែន នេះ មានខ្លឹមសារថា "ខ្ញុំបាទ សូមខន្តីអភ័យទោសសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកំហុសឆ្គងរបស់ខ្ញុំបាទ នាពេលកន្លងមក ដោយបានចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆំាងកាលពីឆ្នាំ២០២០។ ខ្ញុំបាទ សន្យាថា នឹងមិនប្រព្រឹត្តិខុសតទៀត"។
លិខិតដដែលបន្តថា" ខ្ញុំបាទ សូមសម្ដេចមេត្តាករុណាដល់រូបខ្ញុំបាទ ជួយអន្តរាគមន៍ឲ្យរួបខ្ញុំបាទបាននៅក្រៅឃុំ ដើម្បីបានមើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អ ដោយក្ដីអនុគ្រោះ" ។
លោក អៀ ចាន់ណា សរសេរលិខិតសូមទោសលោក ហ៊ុន សែន ចេញពីពន្ធនាគារនេះ នៅក្រោយពេលតុលាការកំពូលសម្រេចមិនអនុញ្ញាតឱ្យលោកបាននៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំនោះទេ កាលពីដើមខែមេសា។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក អៀ ចាន់ណា ពីបទរួមគំនិតក្បត់ ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០។ សមត្ថកិច្ច បានចាប់ខ្លួន លោក អៀ ចាន់ណា ក្នុងអំឡុងពេលសកម្មជននយោបាយរូបនេះ បានចូលរួមយុទ្ធនាការរកសំឡេងឲ្យគណបក្សភ្លើងទៀន កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥។
លោក អៀ ចាន់ណា ជាសកម្មជននយោបាយ និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែន ធ្លាប់បានភៀសខ្លួនរស់នៅប្រទេសន័រវេស៍ (Norway) ហើយលោកក៏មានសញ្ជាតិន័រវេស៍ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។