ជប៉ុន​ផ្ដល់​ហិរញ្ញប្បទាន​សរុប​ទឹក​ប្រាក់​ជាង​៩០​លាន​ដុល្លារ​ដល់​កម្ពុជា

ប្រទេស​ជប៉ុន បាន​ចុះ​ហត្ថលេខា​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន សរុប​ជា​ទឹកប្រាក់​ជាង ៩០​លាន​ដុល្លារ​អាមេរិក ដល់​របប​លោក ហ៊ុន សែន ក្នុង​នោះ​រួមមាន ទឹកប្រាក់​ជាង ៤,៦ លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​ទឹកប្រាក់​ជិត ៨៦​លាន​ដុល្លារ​ផ្សេង ជា​ទឹក​ប្រាក់កម្ចី​ឥណទាន​សម្បទាន សម្រាប់​អនុវត្ត​គម្រោង ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២។

ការ​ចុះ​ហត្ថលេខា​នេះ ធ្វើឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី​៨ មេសា នេះ ដោយ​លោក​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ លោក តារ៉ូ កូណូ បាន​ប្រាប់​លោក​ថា គោលបំណង​របស់​ជប៉ុន គឺ​ធ្វើ​យ៉ាងណា​ជួយ​មកដល់​កម្ពុជា ឲ្យ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០។

លើស​ពី​នេះ​ទៀត ភាគី​ជប៉ុន ក៏បាន​សម្ដែង​ចំណាប់អារម្មណ៍ ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា លើ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​ដឹកជញ្ជូន ឬ​ឡូជីស្ទីក រួមមាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ជាដើម។ ភាគី​ជប៉ុន ក៏​បាន​អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ទៅ​ចូលរួម​ចំ​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​មេគង្គ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ជប៉ុន នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ។

ជា​ការ​ឆ្លើយតប លោក ហ៊ុន សែន បាន​គាំទ្រ​ចំពោះ កិច្ចប្រជុំ​កំពូល​ជប៉ុន​-​មេគង្គ​នេះ ដែល​លោក​ចាត់ទុកថា មាន​សារសំខាន់ ជាពិសេស​សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ស្របគ្នា​នឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទេ ថា​តើ​ភាគី​ជប៉ុន បាន​លើក​ឡើង​ពី​បញ្ហា​ដែល​ខ្លួន​ចង់​ឲ្យ​មាន​កិច្ចចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​អ្នកនយោបាយ​ខ្មែរ និង​ខ្មែរ ដែរ​ឬក៏​យ៉ាងណា​នោះ នៅ​ក្នុង​ជំនួប​នេះ។ លោក ហ៊ុន សែន គ្រាន់តែ​ឆ្លៀត​សរសេរ​សារ​ឌឺដង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅមុន​ជំនួប​នេះ​ថា ទន្ទឹម​នឹង​ប្រទេស​ជប៉ុន​ជា​មិត្ត កំពុង​មក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ក្រុម​ជនខិលខូច មួយ​ចំនួន អាច​បំពុល​ព័ត៌មាន​ទៅជា​រឿង​មិនល្អ ដូចដែល​ពួកគេ​ធ្លាប់​ធ្វើ។ លោក​សរសេរ​បន្ត​ថា ជប៉ុន មិន​ធ្វើ​អ្វី​ប៉ះ​ពាល់​ដល់​សន្តិភាព និង​ការ​រីក​ចម្រើន​របស់​កម្ពុជា​ឡើយ។ យ៉ាងណាក៏ដោយ ឧបករណ៍​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ស្រង់​ប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន ដែល​លោក​បាន​បញ្ជាក់​ថា ជប៉ុន មិនបាន​លើកឡើង​អំពី​បញ្ហា​នយោបាយ​ជាមួយ​លោក ហ៊ុន សែន ឡើយ។

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន នា​ពេល​នេះ ធ្វើឡើង​នៅ​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ជប៉ុន ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ លោក Kentaro Sonoura កាលពី​ចុងខែ​មីនា កន្លងទៅ ដែល​កាលណោះ លោក​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​គ្នា​រវាង​របប​លោក ហ៊ុន សែន និង​គណបក្ស​សង្គ្រោះជាតិ តែ​សំណើ​នេះ ត្រូវ​បាន​បរាជ័យ​ទៅវិញ ដោយសារតែ​លោក ហ៊ុន សែន បាន​ប្រកាស​ទាត់ចោល​សំណើ​នេះ​យ៉ាង​ដាច់​អហង្ការ។ ការប្រកាស​បន្ត​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​របស់​ជប៉ុន​នៅ​ពេល​នេះ គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​អ្វី​ដែល​សហគមន៍​អន្តរជាតិ កំពុង​ព្រួយ​បារម្ភ ចំពោះ​វិបត្តិ​នយោបាយ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ទាំង​សហភាព​អឺរ៉ុប និង​ទាំង​សហរដ្ឋអាមេរិក សុទ្ធតែ​បាន​ប្រកាស​ផ្អាក​ការ​ផ្ដល់​ជំនួយ​នានា​មក​កម្ពុជា ទាំង​ជំនួយ​វិស័យ​យោធា អភិវឌ្ឍន៍ និង​ដំណើរការ​បោះឆ្នោត ព្រមទាំង​ការប្រកាស​ដាក់​ទណ្ឌកម្ម​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​ពួកគេ អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅកាន់​ប្រទេស​ទាំងនេះ​បាន។ បច្ចុប្បន្ន ក្រុម​ប្រទេស​ទាំងនេះ កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​របប​លោក ហ៊ុន សែន ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។