អ្នក​សារព័ត៌មាន​អាជីព​ម្នាក់​ប្រឡូក​ចូល​នយោបាយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​ដើម្បី​ចង់​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន

ដោយ សេក​ បណ្ឌិត
2022.05.26
Share on WhatsApp
Share on WhatsApp
អ្នក​សារព័ត៌មាន​អាជីព​ម្នាក់​ប្រឡូក​ចូល​នយោបាយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​ដើម្បី​ចង់​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន លោក មិន ពៅ អ្នក​សារព័ត៌មាន​អាជីពឈរឈ្មោះ​ជា​បេក្ខជន​មេឃុំ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នក​សារព័ត៌មាន​អាជីព​​​ម្នាក់​​បាន​សម្រេច​​ចិត្ត​ចូលរួម​ការ​ប្រកូតប្រជែង​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃ​ទី៥ ខែ​មិថុនា ខាង​មុខ​ ដើម្បី​ចង់​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន។ អ្នក​ធ្វើ​ការងារ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យល់​​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​ ដែល​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​ និង​រំពឹង​ថា​ បើ​អ្នក​កាសែត​ជាប់​ឆ្នោត​​នឹង​បម្រើ​ពលរដ្ឋ​បាន​ល្អ។

លោក មិន ពៅ ពី​អ្នក​សារព័ត៌មាន​ទាក់ទង​​ពី​បញ្ហា​ដែល​កើតឡើង​ក្នុង​សង្គម​ ចង់​ក្លាយ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ផ្ទាល់​នៅ​មូលដ្ឋាន​របស់​ខ្លួន​វិញ​ម្ដង​។ អ្នកសារព័ត៌មាន​សេរី រូប​នេះ មើល​ឃើញថា ​ភូមិ​ឃុំ​របស់​លោក​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រឿងញៀន​ កសិផល​គ្មាន​ទីផ្សារ​ និង​​បញ្ហា​បំណុល​​ បន្ត​កើត​ឡើង​ ប៉ុន្តែ​​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ជាច្រើន​ឆ្នាំ​មក​ហើយ។ បេក្ខជន​មេ​ឃុំ​រូប​នេះ ​ ប្រាប់​ថា​ ឆ្លង​កាត់​ការ​ឃោសនា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ដែល​លោក​បាន​រៀបចំ​គោលនយោបាយ​​ទាក់ទង បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់​លោក​ឃើញ​មាន​ពលរដ្ឋ​ចាប់​អារម្មណ៍​ច្រើន។ «»

លោក មិន​ ពៅ​ ជា​អ្នក​សារព័ត៌មាន​​អាជីព​ដែល​បំពេញ​ការងារ​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ។​ បច្ចុប្បន្ន លោក​ជា​អ្នក​ផលិត​សារព័ត៌មានសេរី និពន្ធ​សៀវភៅ និង​ផលិត​កម្មវិធី​មួយ​ចំនួន​ទាក់ទង​ប្រព័ន្ធផ្សព្វផ្សាយ។

លោក មិន ពៅ មាន​អាយុ ៣៥ឆ្នាំ កើត​នៅ​ភូមិ​ពោធិ៍អណ្តែត ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល ដោយ​ចង់​ជួយ​ស្រុក​កំណើត​លោក មិន ពៅ បាន​ស្ម័គ្រចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​ព្រែកស្តី គណបក្ស​ប្រជាធិបតេយ្យ​​មូលដ្ឋាន។ លោក មិន ពៅ រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ធ្លាប់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់ សិទ្ធិមនុស្ស និង​បរិស្ថាន​ជាដើម។

minpov1.JPG
រូប​លោក មិន ពៅ តាំង​បង្ហាញក្នុងពេលឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក មិន ពៅ ពេល​នេះ​ក៏​មិន​ខុស​ពី​បេក្ខជន​ឈរ​ឈ្មោះ​​ផ្សេង​ទៀត​ គឺ​លោក​កំពុង​មមាញឹក​ ចុះ​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​​ឃោសនា​​​​ពី​គោលនយោបាយ​របស់​ខ្លួន​​ដើម្បី​រក​សំឡេង​ឆ្នោត។ «»

ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុម​​​ពង្រឹង​សមត្ថភាព​មូលដ្ឋាន ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ និយាយ​នេះ​ ការ​ចូលរួម​​របស់​អ្នក​កាសែត​រូប​នេះ ជា​ការ​ផ្ដល់​ភាព​គំរូ​ដល់​យុវជន​ផ្សេង​ទៀត។ លោក​បន្ត​ថា លោក​ មិន​ ពៅ ​មាន​ចំពោះ​ដឹង​ និង​បទពិសោធន៍​ការងារ​ល្អ ប៉ុន្តែ​សុខ​ចិត្ត​មក​ឈរ​ឈ្មោះ​ភូមិ​កំណើតដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅ​​មូលដ្ឋាន​របស់​ខ្លួន។ «»

បណ្ឌិត យ៉ង សាំងកុមារ ឲ្យ​ដឹង​​ទៀត​ថា​ គណបក្ស​របស់​លោក​បាន​​ផ្ដល់​ឱកាស​ដល់​យុវជន​​ជិត​៣០​ភាគរយ​នៃ​បេក្ខជន​សរុបជាង ៤០០នាក់​ ក្នុង​ការ​ចូលរួម​ឈរ​ឈ្មោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គណបក្ស​របស់​លោក​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣២​ឃុំ សង្កាត់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ថ្ងៃ​​ទី​០៥​ ខែ​មិថុនា​ ខាង​មុខ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ខេមបូចា (CamboJA)​ លោក ណុប វី យល់​ថា​ នេះ​ជា​សិទ្ធិ​​របស់​លោក​ មិន ពៅ ក្នុង​ការចូលរួម​ធ្វើ​សកម្មភាព​នយោបាយ។ លោក​សង្កេត​ឃើញ​ថា​ សព្វថ្ងៃ​នេះ​មាន​អ្នក​ដឹកនាំ​ស្ថាប័ន​រដ្ឋ​​មួយ​ចំនួន​ក៏​ជា​អតីត​អ្នក​សារព័ត៌មាន​ដែរ​។ លោក​​រំពឹង​ថា​ បើ​អ្នក​សារព័ត៌មាន​រូប​នេះ​ ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​​ អាច​នឹង​​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ភូមិ​ឃុំ។ «»

លោក មិន ពៅ មាន​ទស្សនវិស័យ និង​គោលនយោបាយ​ ​ពង្រឹង​សមត្ថភាព​កសិករ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ទឹក ទុន ទីផ្សារ បំណុល លុប​បំបាត់​គ្រឿងញឿន កសាង​ផ្លូវ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​មាន​គុណភាព​​ និង​លុបបំបាត់​ការរើសអើង​នយោបាយ​តាម​ភូមិ​ឃុំ។ ចំពោះ​វិស័យ​អប់រំ​ ​កសាង​សាលាមត្តេយ្យ​តាម​ភូមិ និង​បង្កើត​បណ្ណាល័យ​តាម​សហគមន៍​និង​តាម​សាលារៀន​ជាដើម។

លោក មិន ពៅ រំពឹង ថា​ លោក​នឹង​ទទួល​បាន​លទ្ធផល​មួយ​ក្នុង​ចំណោម​បី ក្រោយ​ថ្ងៃ​បោះឆ្នោត គឺ​បើ​ទទួល​ការ​គាំទ្រ​ច្រើន​លើសលប់​លោក​ នឹង​ក្លាយ​ជា​មេឃុំ​ ប៉ុន្តែ​បើ​ចំនួន​គាំទ្រ​​នៅ​ស្ទើរ​លោក​អាច​​ត្រឹម​ជា​​​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​ ដោយ​ឡែក​ប្រសិន​បើ​ពលរដ្ឋ​ ​​​មិន​ផ្ដល់​ការ​គាំទ្រ​​​លោក​ទេ​នោះ លោក​នឹង​បាត់បង់​ឱកាស​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល