អ្នកសារព័ត៌មានអាជីពម្នាក់បានសម្រេចចិត្តចូលរួមការប្រកូតប្រជែងឈរឈ្មោះជាបេក្ខជនមេឃុំសម្រាប់ការបោះឆ្នោតថ្ងៃទី៥ ខែមិថុនា ខាងមុខ ដើម្បីចង់ដោះស្រាយបញ្ហានៅមូលដ្ឋាន។ អ្នកធ្វើការងារវិស័យប្រព័ន្ធផ្សព្វផ្សាយយល់ថា នេះជាសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដែលមានសិទ្ធិដូចពលរដ្ឋទូទៅដែរ និងរំពឹងថា បើអ្នកកាសែតជាប់ឆ្នោតនឹងបម្រើពលរដ្ឋបានល្អ។
លោក មិន ពៅ ពីអ្នកសារព័ត៌មានទាក់ទងពីបញ្ហាដែលកើតឡើងក្នុងសង្គម ចង់ក្លាយជាអ្នកដោះស្រាយបញ្ហាផ្ទាល់នៅមូលដ្ឋានរបស់ខ្លួនវិញម្ដង។ អ្នកសារព័ត៌មានសេរី រូបនេះ មើលឃើញថា ភូមិឃុំរបស់លោកកំពុងប្រឈមនឹងបញ្ហាគ្រឿងញៀន កសិផលគ្មានទីផ្សារ និងបញ្ហាបំណុល បន្តកើតឡើង ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយជាច្រើនឆ្នាំមកហើយ។ បេក្ខជនមេឃុំរូបនេះ ប្រាប់ថា ឆ្លងកាត់ការឃោសនាប៉ុន្មានថ្ងៃមកនេះ ដែលលោកបានរៀបចំគោលនយោបាយទាក់ទង បញ្ហាដែលកើតមាននៅក្នុងសហគមន៍របស់លោកឃើញមានពលរដ្ឋចាប់អារម្មណ៍ច្រើន។ «»
លោក មិន ពៅ ជាអ្នកសារព័ត៌មានអាជីពដែលបំពេញការងារនេះជាង១០ឆ្នាំមកហើយ។ បច្ចុប្បន្ន លោកជាអ្នកផលិតសារព័ត៌មានសេរី និពន្ធសៀវភៅ និងផលិតកម្មវិធីមួយចំនួនទាក់ទងប្រព័ន្ធផ្សព្វផ្សាយ។
លោក មិន ពៅ មានអាយុ ៣៥ឆ្នាំ កើតនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដោយចង់ជួយស្រុកកំណើតលោក មិន ពៅ បានស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំព្រែកស្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក មិន ពៅ រៀនចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស ហើយមានចំណេះដឹងផ្នែកច្បាប់ សិទ្ធិមនុស្ស និងបរិស្ថានជាដើម។

លោក មិន ពៅ ពេលនេះក៏មិនខុសពីបេក្ខជនឈរឈ្មោះផ្សេងទៀត គឺលោកកំពុងមមាញឹក ចុះតាមខ្នងផ្ទះពលរដ្ឋឃោសនាពីគោលនយោបាយរបស់ខ្លួនដើម្បីរកសំឡេងឆ្នោត។ «»
ស្ថាបនិក និងជាប្រធានក្រុមពង្រឹងសមត្ថភាពមូលដ្ឋាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និយាយនេះ ការចូលរួមរបស់អ្នកកាសែតរូបនេះ ជាការផ្ដល់ភាពគំរូដល់យុវជនផ្សេងទៀត។ លោកបន្តថា លោក មិន ពៅ មានចំពោះដឹង និងបទពិសោធន៍ការងារល្អ ប៉ុន្តែសុខចិត្តមកឈរឈ្មោះភូមិកំណើតដើម្បីជួយដោះស្រាយបញ្ហានៅមូលដ្ឋានរបស់ខ្លួន។ «»
បណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងទៀតថា គណបក្សរបស់លោកបានផ្ដល់ឱកាសដល់យុវជនជិត៣០ភាគរយនៃបេក្ខជនសរុបជាង ៤០០នាក់ ក្នុងការចូលរួមឈរឈ្មោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគណបក្សរបស់លោកចូលរួមប្រកួតប្រជែងចំនួន ៣២ឃុំ សង្កាត់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង១៧ ដែលចូលរួមការបោះឆ្នោតថ្នាក់ក្រោមជាតិថ្ងៃទី០៥ ខែមិថុនា ខាងមុខ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី យល់ថា នេះជាសិទ្ធិរបស់លោក មិន ពៅ ក្នុងការចូលរួមធ្វើសកម្មភាពនយោបាយ។ លោកសង្កេតឃើញថា សព្វថ្ងៃនេះមានអ្នកដឹកនាំស្ថាប័នរដ្ឋមួយចំនួនក៏ជាអតីតអ្នកសារព័ត៌មានដែរ។ លោករំពឹងថា បើអ្នកសារព័ត៌មានរូបនេះ ទទួលបានការគាំទ្រពីពលរដ្ឋ អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍ភូមិឃុំ។ «»
លោក មិន ពៅ មានទស្សនវិស័យ និងគោលនយោបាយ ពង្រឹងសមត្ថភាពកសិករឱ្យចេះដោះស្រាយបញ្ហាទឹក ទុន ទីផ្សារ បំណុល លុបបំបាត់គ្រឿងញឿន កសាងផ្លូវនិងប្រព័ន្ធធារាសាស្ត្រឲ្យមានគុណភាព និងលុបបំបាត់ការរើសអើងនយោបាយតាមភូមិឃុំ។ ចំពោះវិស័យអប់រំ កសាងសាលាមត្តេយ្យតាមភូមិ និងបង្កើតបណ្ណាល័យតាមសហគមន៍និងតាមសាលារៀនជាដើម។
លោក មិន ពៅ រំពឹង ថា លោកនឹងទទួលបានលទ្ធផលមួយក្នុងចំណោមបី ក្រោយថ្ងៃបោះឆ្នោត គឺបើទទួលការគាំទ្រច្រើនលើសលប់លោក នឹងក្លាយជាមេឃុំ ប៉ុន្តែបើចំនួនគាំទ្រនៅស្ទើរលោកអាចត្រឹមជាសមាជិកក្រុមប្រឹក្សាឃុំ ដោយឡែកប្រសិនបើពលរដ្ឋ មិនផ្ដល់ការគាំទ្រលោកទេនោះ លោកនឹងបាត់បង់ឱកាសបម្រើពលរដ្ឋនៅមូលដ្ឋានរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។