ក្រសួងយុត្តិធម៌ស្នើប្រធានរដ្ឋសភា ដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ២រូប ដែលពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ តំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សនេះស្វាគមន៍ប្រសិនបើរដ្ឋសភាបំពេញតាមនីតិវិធីត្រឹមត្រូវ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ថា កំពុងដំណើរការតាមច្បាប់ចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា រដ្ឋសភាបានទទួលសំណើរួចហើយ ប៉ុន្តែនៅរង់ចាំការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ «បាទ! បានទទួល ហើយបានធ្វើកំណត់បង្ហាញជូនទៅដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយ។ ខ្ញុំបានដាក់ជូនហើយ គឺគណៈកម្មាធិការអចិន្ត្រៃយ៍ជាអ្នកសម្រេច»។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចុះថ្ងៃទី៣០ ខែមិថុនា ស្នើប្រធានរដ្ឋសភា គឺលោក ហេង សំរិន អោយដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រពីររូប គឺលោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា។
ក្នុងលិខិតនោះបញ្ជាក់ថា សំណើនេះជាការឆ្លើយតបចំពោះលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសំអាងថា លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលកណ្ដាល និងលោក ពិន រតនា តំណាងរាស្ត្រមណ្ឌលបាត់ដំបង កំពុងជាប់សង្ស័យក្នុងបទប្រព្រឹត្តអំពើសញ្ចារកម្មជាបទល្មើសព្រហ្មទណ្ឌ តាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។ លិខិតបញ្ជាក់ទៀតថា ការសម្រេចដកអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្តទាំង ២រូប នឹងបើកផ្លូវអោយតុលាការបន្តនីតិវិធី ដែលនឹងជួយពង្រឹងនីតិរដ្ឋ។
កាលពីថ្ងៃទី១៦ ខែឧសភា តុលាការក្រុងភ្នំពេញ កោះហៅតំណាងរាស្ត្របក្សប្រឆាំង ២រូបនោះ ឲ្យចូលបំភ្លឺក្នុងសំណុំរឿងសញ្ចារកម្មពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ប៉ុន្តែតំណាងរាស្ត្រទាំង ២រូបនោះ បដិសេធមិនចូលទៅបំភ្លឺឡើយ ក្រោយគណបក្សបានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាន់ជំហរមិនចូលបំភ្លឺ និងស្នើឲ្យបញ្ឈប់ការចេញដីកាទាំងនេះជាបន្ទាន់ ហើយគណបក្សចាត់ទុកថា ជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ដែលធានាការពារដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។
តំណាងរាស្ត្រ និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក គីមសួរ ភីរិទ្ធ បញ្ជាក់ថា គណបក្សនេះស្វាគមន៍ប្រសិនបើរដ្ឋសភាបំពេញតាមនីតិវិធី៖ «ខ្ញុំគិតថា ដក ព្យួរ លើក គឺតែមួយ សំឡេង ២ ភាគ ៣ គេអត់មានចែងថា ព្យួរតែពាក់កណ្ដាល (សំឡេង) តែ ៦០នាក់ឯណា! គឺសភាពេញអង្គសំឡេង ២ ភាគ ៣។ បើគេគោរពច្បាប់ទៅគ្មានបញ្ហាទេ សង្រ្គោះជាតិតាមតែហ្នឹងទេ ព្រោះច្បាប់ចែងច្បាស់ណាស់»។
បើទោះជាយ៉ាងណាមកដល់ពេលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់បានពហិការមិនចូលរួមប្រជុំសភាឡើយ។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ហើយមិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬ ឃុំខ្លួន ដោយសារបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។ ការចោទប្រកាន់ចាប់ឃាត់ខ្លួន ឬឃុំខ្លួនអាចធ្វើបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវដាក់ជូនកិច្ចប្រជុំសភាដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។