អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ទៅក្រុមមេធាវីការពារក្ដី លោក កឹម សុខា ថា បើចង់ជួបកូនក្ដីឱ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរិះគន់ថា អ្វីដែលមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើង មិនត្រឹមត្រូវតាមច្បាប់ទេ ព្រោះមេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានប្រឹងស្រែកបន្ទរតាមសមត្ថកិច្ចដែរថា បើមេធាវីលោក កឹម សុខា ចង់ជួបកូនក្ដី ឱ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ប៉ុន្តែ អ្នកអនុវត្តច្បាប់រូបនេះ មិនបានលើកយកច្បាប់ណាមួយអំណះអំណាងឡើយ ។ ការបកស្រាយដោយមាត់ទទេ របស់រដ្ឋលេខាធិការ និងជាអ្នកជានាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពេលនេះក្រោយពេលសមត្ថកិច្ច នៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលដាក់ឃ្លាំមើលនៅវិញផ្ទះលោក កឹម សុខា រារាំងមិនឱ្យមេធាវីការពារក្ដីលោក កឹម សុខា ចូលជួបលោក កឹម សុខា។
លោក ជិន ម៉ាលីន សរសេរលើទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី១៥ ខែមីនាថា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះជាលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ។ លោកបន្តទៀតថាប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត ទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបកូនក្ដី។
លោកថា សូម្បីតែចូលជួបកូនក្ដីក្នុងពន្ធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ លោក ជិន ម៉ាលីន លើកឡើងទៀតថា ប្រសិនបើក្រុមមេធាវីលោក កឹម សុខា មានចេតនាជួបជាមួយកូនក្ដីពិតប្រាកដមែន គ្រាន់តែស្នើសុំព្រះរាជអាជ្ញា ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីមេធាវីការពារក្ដីលោក កឹម សុខា បានទេ នៅថ្ងៃទី១៥ ខែមីនា។
ទោះយ៉ាងនេះក្ដី សហមេធាវីមួយរួបក្នុងចំណោមមេធាវី ៤រួប ការពារក្ដីឱ្យលោក កឹម សុខា គឺលោក មេធាវី អាង ឧត្ដម ធ្លាប់មានប្រសាសន៍ថា សហមេធាវីមិនសុំការអនុញ្ញាតពីព្រះរាជអាជ្ញាឡើយ ពីព្រោះថា មេធាវីមានសិទ្ធិជួបក្ដីរបស់ខ្លួន ដោយមិនចាំបាច់សុំការអនុញ្ញាតពីព្រះរាជអាជ្ញានោះទេ។
ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីយប់ទី១៤ ខែមីនា ស្ដីពីការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា។ ក្រុមមេធាវីឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ពួកគាត់បានទៅផ្ទះលោក កឹម សុខា ជាកន្លែងឃុំខ្លួនលោក កឹម សុខា ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះលោក កឹម សុខា រារាំង និង ណែនាំឱ្យសហមេធាវីត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។ ក្រុមមេធាវីលោក កឹម សុខា ចាត់ទុកវិធានការរបស់សមត្ថកិច្ចបែបនេះ ផ្ទុយនឹងច្បាប់ និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវី។ ក្រុមមេធាវីថា ចាប់ពីពេលនេះតទៅ ពួកគាត់មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវ ចំពោះលោក កឹម សុខា តទៅទៀតបានឡើយ ហើយសិទ្ធិទទួលបានជំនួយមេធាវីដែលមានចែងក្នុងច្បាប់ ដែលលោក កឹម សុខា ត្រូវទទួលបាន ក៏ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេលវេលា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា បើផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងវិជ្ជាជីវៈមេធាវី គឺមេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងជួបកូនក្ដីរបស់ខ្លួនទោះនៅពន្ធនាគារ ឬនៅទីណាក្ដី។ លោកយល់ថា ការរារាំងរបស់សមត្ថកិច្ចមិនឱ្យមេធាវីលោក កឹម សុខា ជួបនឹងកូនក្ដីរបស់ខ្លួនពេលនេះ ជាការរំលោភច្បាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិលោក កឹម សុខា។ មន្ត្រីសិទ្ធិមនុស្ស លោក អំ សំអាត លើកឡើងទៀតថា បើទោះជាករណី លោក កឹម សុខា មានបម្រាមមួយចំនួនពីតុលាការក្ដី ប៉ុន្តែ បម្រាមទាំងនោះ គឺតូចជាងច្បាប់ទេ។
លោក អំ សំអាត៖«អ្វីដែលត្រូវគឺតុលាការឬព្រះរាជអាជ្ញាត្រូវតែចេញលិខិតមួយទៅសមត្ថកិច្ច គឺអនុញ្ញាតឱ្យមេធាវីបានជួបជាមួយកូនក្ដីទោះបីនៅកន្លែងដែលខ្លួនយាមកាមក៏ដោយ ហើយបើសិនជាតាមគាត់ថា ជួបម្ដងត្រូវសុំម្ដង ប៉ះពាល់ដល់ដំណើរការនីតិវិធី ប៉ះពាល់សិទ្ធិមេធាវីក្នុងការជួបកូនក្ដីរបស់គេ»។
ទាក់ទងការអនុវត្តការងាររបស់សមត្ថកិច្ចនៅពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៥ ខែមីនា។
គិតមកដល់ពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅសល់រយៈពេលតែជាង ២សប្ដាហ៍ទៀតទេ ដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលផ្ដន្ទាទោសលោក ២៧ឆ្នាំ។ សាលក្រមផ្ដន្ទាទោសលោក កឹមសុខា កាលពីថ្ងៃទី៣ ខែមីនា តុលាការក៏ដកសិទ្ធិនយោបាយ និងហាមលោក កឹម សុខា ជួបឬមានទំនាក់ទំនងដោយផ្ទាល់ ឬតាមប្រពន្ធទំនាក់ទំនងជាមួយជនណាមួយក្រៅពីសាច់ញាតិលោកឡើយ។ តុលាការទុករយៈពេល ១ខែ ឱ្យលោក កឹម សុខា ប្ដឹងសារទុក្ខទៅតុលាការជាន់ខ្ពស់ ប៉ុន្តែពេលនេះសមត្ថកិច្ចរារាំងមេធាវីការពារឱ្យជួបលោក កឹម សុខា។
ចំណែក កូនស្រីច្បងលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែលកំពុងរស់នៅក្រៅប្រទេស លើកឡើងតាមទំព័រហ្វេសប៊ុកថា កញ្ញាបានពិភាក្សាជាមួយគណៈកម្មការការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក អំពីជំហានបន្ទាប់របស់អាមេរិកត្រូវធ្វើក្នុងការតបតនឹងករណីក្ដីលោក កឹម សុខា ក៏ដូចជាការបំបិទលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ចាប់តាំងពីថ្ងៃចាប់ខ្លួន ថ្ងៃផ្ដន្ទាទោស និងការឃុំខ្លួនលោក កឹម សុខា មានចរិតនយោបាយ។ លោក កឹម សុខា បន្តទៀតថា សហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប ទំនងនឹងការរឹតត្បិតទំនាក់ទំនងការទូត និងដាក់ទណ្ឌកម្ម សេដ្ឋកិច្ច លើរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក គឹម សុខ៖«មានន័យថា ការពារតាមផ្លូវច្បាប់លែងមានន័យទៀតហើយ ដោយសារតែលោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យជួបមេធាវី ក្នុងការពារតាមផ្លូវច្បាប់អ្វីៗ ស្ថិតនៅលើចំណាត់ការតាមផ្លូវអាជ្ញាអំណាចរបស់ភាគីម្ខាងទៀតដែលជាដើមបណ្ដឹង»។
ទាក់ទងការលើកឡើងរបស់អ្នកវិភាគនេះដែរ នាថ្ងៃទី១៦ ខែមីនាខាងមុខនេះ សភាសហភាពអឺរ៉ុបនឹងអនុម័តលើសេចក្ដីសម្រេចមួយស្ដីពីកម្ពុជាករណីដែលតុលាការកម្ពុជា ផ្ដន្ទាទោសលោក កឹម សុខា។ ប្រទេសមហាអំណាចនៃលោកសេរី និងអង្គការសហប្រជាជាតិបានចេញបញ្ចេញប្រតិកម្មជាបន្តបន្ទាប់រិះគន់ និងថ្កោលទោសសាលក្រមកាត់ទោសមេបក្សប្រឆាំង លោក កឹម សុខា។ ពួកគេព្រមានថា ការកាត់ទោសនេះជះឥទ្ធិពល និងរារាំងដល់សកម្មភាពនយោបាយ និងសេរីភាពនៃការបញ្ចេញមតិនៅមុនពេលបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។