មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កណ្ដាល​ថា ការ​លុប​ឈ្មោះ​ខ្លួន​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ជា​រឿង​នយោបាយ

ដោយ យ៉ង ចាន់តារា
2023.04.30
មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កណ្ដាល​ថា ការ​លុប​ឈ្មោះ​ខ្លួន​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ជា​រឿង​នយោបាយ លេខា​បក្ស​ភ្លើងទៀន​ខេត្ត​កណ្ដាល​លោក ផុន សុភា (កាន់មេក្រូ​ថ្លែងសារ)។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អភិបាលខេត្ត​កណ្ដាល​បាន​លុបឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល។ មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​បាន​លុបឈ្មោះ​ពី​ក្របខ័ណ្ឌ​អះអាង​ថា លោក​មិន​បាន​ដឹងខ្លួន​មុន​ទាល់​តែ​សោះ ស្រាប់តែ​សុខៗ ត្រូវ​បាន​គេ​ហៅ​ឱ្យ​ទៅ​យក​លិខិត​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ទាំង​មិន​បាន​ធ្វើ​ខុស​ពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​ឡើយ។

លេខា​បក្ស​ភ្លើងទៀន​ខេត្ត​កណ្ដាល​លោក ផុន សុភា ចាត់ទុក​ការ​លុបឈ្មោះ​របស់​លោក​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ពី​សំណាក់​អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ថា ជា​រឿង​នយោបាយ និង​ជា​ការ​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​គ្មាន​ច្បាប់​ទម្លាប់ ខណៈ​នីតិវិធី​គ្រប់គ្រង​មន្ត្រីរាជការ មុន​ការ​លុប​ឈ្មោះ​មន្ត្រី​ណាមួយ​ចេញពី​ក្របខ័ណ្ឌ ត្រូវ​ឆ្លងកាត់​ការ​ហៅ​ទៅ​សួរនាំ​ដើម្បី​ព្រមាន​ផ្ទាល់​មាត់​ជាមុន ហើយ​ប្រសិន​បើ​មិន​កែប្រែ ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​ចុងក្រោយ ត្រូវ​បង្កើត​គណៈកម្មការ​វិន័យ​ដើម្បី​សួរដេញដោល។

ប៉ុន្តែ​លោក ផុន សុភា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ មេសា​ថា លោក​ត្រូវ​បាន​អភិបាលខេត្ត​កណ្ដាល​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ស្ងាត់ៗ ទាំង​ដែល​លោក​មិន​បាន​ធ្វើ​ខុស និង​មិន​បាន​ឆ្លងកាត់​ការ​ហៅ​ទៅ​សួរនាំ​ផ្ទាល់មាត់ ឬ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​អ្វី​ឡើយ​។ លោក​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​សុក្រ ទី២៨ មេសា លោក​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ទៅ​យក​លិខិត​លុបឈ្មោះ​ចេញ ហើយ​មន្ត្រី​សាលាខេត្ត​កណ្ដាល មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ថា ធ្វើ​ឡើង​តាម​បញ្ជា​ពី​ថ្នាក់លើ។

លោក ផុន សុភា៖ «ហើយ​នេះ​អត់​មានអី​សោះ ខ្ញុំ​ធ្វើ​ការ​សុខៗ ស្រាប់​តែ​មាន​ដីកា​បណ្ដេញ​ចេញ​តែម្ដង គឺ​វា​ខុស​នីតិវិធី​ទាំងស្រុង ខុស​ទាំង​ច្បាប់​ទៀត។ ឧទាហរណ៍ ឧបមា​ថា ខ្ញុំ​មាន​កំហុស​ទៅ​ចុះ ក៏​ត្រូវ​មាន​នីតិវិធី​ធ្វើ​ចំពោះ​ខ្ញុំ​ដែរ តែ​នេះ ខ្ញុំ​មិន​ខុស​ហើយ ធ្វើ​ខុស​នីតិវិធី​ទៀត គឺ​នៅ​សុខៗ ដីកា​ចេញ​មក​តែម្ដង គឺ​វា​មិនដឹង​យក​ស្អី​មក​និយាយ យក​អី​មក​ធ្វើ»

លិខិត​លុបឈ្មោះ​មន្ត្រីរាជការ​ស៊ីវិល​ដោយ​អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ចុះ​ថ្ងៃទី​២០​មេសា​បញ្ជាក់​ថា ការ​លុបឈ្មោះ​លោក ផុន សុភា មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​កណ្ដាល ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយសារ​មូលហេតុ​សាមីខ្លួន​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​មាត្រា​ទី​៣៧ នៃ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

ទោះជា​យ៉ាងណាក៏ដោយ លោក ផុន សុភា លើកឡើង​ថា កន្លង​មក មន្ត្រី​សាលាខេត្ត​កណ្ដាល តែង​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ចូល​រួម​ជាមួយ​គណបក្ស​កាន់អំណាច ព្រោះ​អាច​ទទួល​បាន​លាភសក្ការៈ និង​ឡើងបុណ្យស័ក្ដិ ហើយ​បាន​ព្រមាន​ថា ប្រសិនបើ​នៅ​បន្ត​គាំទ្រ​បក្ស​ប្រឆាំង មាន​តែ​ជួប​ផល​លំបាក​ប៉ុណ្ណោះ​។ លោក​បន្ត​ថា លោក​នឹង​មិន​ផ្លាស់ប្ដូរ​គោលជំហរ ដើម្បី​ទទួល​បាន​ក្របខ័ណ្ឌ ឬ​លាភសក្ការៈ​អ្វី​ឡើយ ព្រោះ​លោក​មិន​ចង់​វិល​ទៅ​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​អសីលធម៌ គ្មាន​ឧត្ដមគតិ និង​ប្រើ​អំណាច​ផ្ដាច់ការ​ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក​ថា លោក​ស្ម័គ្រចិត្ត​បំពេញការងារ​ណា​ដែល​ស្របតាម​ឧត្ដមគតិ​របស់​ខ្លួន និង​ខំប្រឹង​ធ្វើ​ការងារ​នោះ​អស់​លទ្ធភាព និង​សមត្ថភាព សម្រាប់​ប្រយោជន៍​ជាតិ និង​ប្រជាជន។

លោក ផុន សុភា៖ «ចំពោះ​ក្របខ័ណ្ឌ ចំពោះ​អ្វី​ដែល​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ពាក់កណ្ដាល​ជីវិត បាន​សញ្ញាប័ត្រ ខិតខំ​ប្រឡង​អី​មក ខ្ញុំ​ចាត់ទុក​ថា ជា​មេរៀន​បទពិសោធន៍​របស់​ខ្ញុំ​ទៅ​ចុះ​។ ប៉ុន្តែ​អ្វី​សំខាន់​គ្រោះថ្នាក់​សម្រាប់​ជាតិ គឺ​ភាព​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ផ្សេងទៀត​។ មិនដឹង​ថា ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ផ្សេងទៀត ទទួលរង​គ្រោះ ដោយ​ភាព​អយុត្តិធម៌​ប៉ុន្មាន​ទៀត​ទេ​។ អ៊ីចឹង​ហើយ​! ខ្ញុំ​មានតែ​ខិតខំ​ប្រឹងប្រែង​នូវ​ឧត្ដមគតិ​របស់ខ្ញុំ ដើម្បី​ធ្វើ​យ៉ាងណា កែប្រែ​អា​ភាព​អយុត្តិធម៌​នៅក្នុង​សង្គម​ឱ្យ​បាន»

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ អភិបាលរង​ខេត្ត​កណ្ដាល លោក ហាក់ សុខមករា និង​ប្រធាន​រដ្ឋបាល​សាលាខេត្ត​កណ្ដាល​លោក ជី ស៊ីវត្ថា បាន​ទេ។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន លើកឡើង​ថា រដ្ឋាភិបាល​មិន​បាន​ដាក់​សម្ពាធ​ឱ្យ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ រើសអើង​មន្ត្រីរាជការ​ដែល​មាន​និន្នាការ​ផ្សេង​ឡើយ។

លោក សុខ ឥសាន៖ «តាំង​ពី​ដើម​មក គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ទេវតា មិនដែល​ប្រកាន់ ឬ​រើសអើង​ទៅលើ​មន្ត្រីរាជការ​ណា​ទេ លើកលែងតែ​មន្ត្រី​រាជការ​នោះ មាន​កំហុស​តាមផ្លូវ​ច្បាប់​។ អាហ្នឹង​! បើ​មាន​បញ្ហា​អ៊ីចឹង គេ​ត្រូវ​ដាក់​វិន័យ ហើយ​វិន័យ វា​មាន​កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់»

ទោះ​មានការ​បកស្រាយ​ពី​មន្ត្រី​គណបក្ស​កាន់អំណាច​បែប​នេះ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​និង​ជាតិ​មើលឃើញ​ថា កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​ក្រុម​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ដូច​ជា​ការ​ចាប់ចង​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​ការ​លួច​វាយដំ​ដោយ​ដំបង និង​បំពង់​ដែក​ពី​សំណាក់​ក្រុម​ជន​មិន​ស្គាល់​មុខ ស្រប​ពេល​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា កាន់តែ​កៀក​មក​ដល់។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គឹមអេង លើកឡើង​ថា ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ហាមឃាត់​ដាច់ខាត​មន្ត្រីរាជការ​ទៅ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ប៉ុន្តែ​ច្បាប់​រៀបចំ​ការបោះឆ្នោត អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​នៅ​ក្រៅ​ម៉ោង​ធ្វើការ​។ លោក​បន្ត​ថា ប្រសិនបើ​មានការ​អនុវត្ត​ច្បាប់​លើ​បុគ្គល និង​ក្រុម​ណាមួយ ដោយ​មិនបាន​អនុវត្ត​ជាទូទៅ នោះ​វា​ជា​ការ​រើសអើង​ដោយសារ​រឿង​នយោបាយ។

លោក យង់ គឹមអេង៖ «បើ​មាន​ការ​អនុវត្ត​ច្បាប់​ចំពោះតែ​មន្ត្រី​ណា​ម្នាក់ មិន​បាន​អនុវត្ត​ច្បាប់​ហ្នឹង​ជាទូទៅ អាហ្នឹង អាច​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង ឬក៏​ការចោទប្រកាន់​ពី​ការរើសអើង​ខាង​នយោបាយ»

លោក ផុន សុភា បាន​ចូល​ធ្វើជា​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ប្រឡង​ជាប់​ក្របខ័ណ្ឌ​នៅ​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ និង​ក្រោយពី​រៀន​ចប់​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក​ក៏បាន​ជ្រើសរើស​ទៅ​ធ្វើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​សាលាខេត្ត​កំពង់ធំ ហើយ​នៅ​ឆ្នាំ​២០១៦ លោក​ក៏បាន​ផ្លាស់​មក​បម្រើ​ការងារ​នៅក្នុង​សាលាខេត្ត​កណ្ដាល​។ លោក សុភា បញ្ជាក់​ថា លោក​បាន​ក្លាយជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យូរ​ឆ្នាំ​មក​ហើយ រួមមាន​ការចូលរួម​តវ៉ា ការ​ធ្វើជា​អ្នក​ស្ម័គ្រ​ឃ្លាំមើល​មិន​ឱ្យ​ជនបរទេស​ចូល​បោះឆ្នោត និង​ការ​ជួយ​ការងារ​គណបក្ស​ជាច្រើន​ទៀត រហូត​លោក​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​រចនាសម្ព័ន្ធ​គណបក្ស និង​ធ្លាប់​បាន​ជាប់ឆ្នោត​ជា​មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​តាខ្មៅ​ក្នុង​ឆ្នាំ​២០១៧។

កាល​អំឡុង​ឆ្នាំ​២០២២ ក៏​មាន​មន្ត្រី​គណបក្ស​ភ្លើងទៀន​យ៉ាងហោចណាស់​ក៏​៣​នាក់ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ដែរ ក្នុង​នោះ មាន​លោក កែវ សុមុនី មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន នៃ​ក្រសួង​សុខាភិបាល លោក អេង ស្រួយ គ្រូបង្រៀន​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​លោក ខឹម មុនីកុសល មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍៖ អតីត​មនុស្ស​ជំនិត​សម្ដេច​ក្រុមព្រះ​ថា លោក ហ៊ុន សែន ជ្រៀតជ្រែក​ព្រះមហាក្សត្រ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។