អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរស្រុកកណ្ដាលស្ទឹងកោះហៅជំទប់ទី២របស់គណបក្សភ្លើងទៀនចំនួន៩នាក់ បង្ខំឲ្យពួកគាត់ផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិលថា ព្រះមហាក្សត្រ មិនអាចឲ្យបុគ្គលណាម្នាក់ប្រមាថព្រះអង្គបានទេ តាមច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរាជការក៏មិនអាចបង្ខំបុគ្គលម្នាក់ទៅថ្កោលទោសបុគ្គលម្នាក់ទៀតដែរ។
អភិបាលរងខេត្តកណ្ដាលលោក ប្រាក់ សារ៉ាត់ និងមន្ត្រីសាលាស្រុកកណ្ដាលស្ទឹង បានកោះហៅជំទប់ទី២ទាំងអស់៩នាក់នៃស្រុកកណ្ដាលស្ទឹង មកពីគណបក្សភ្លើងទៀន មកដាក់សម្ពាធឲ្យពួកគាត់ផ្ដិតមេដៃលើញត្តិ ដែលមានខ្លឹមសារថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ។ ទោះជាយ៉ាងណាជំទប់ទី២ គណបក្សភ្លើងទៀន ប្ដេជ្ញាមិនផ្ដិតមេដៃលើញត្តិថ្កោលទោសនោះទេ ដោយពួកគាត់ លើកហេតុផលថា បានគាំទ្រលើលិខិតដែលចេញដោយគណបក្សភ្លើងទៀនរួចហើយ។
ជំទប់ទី២ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកពីគណបក្សភ្លើងទៀន អ្នកស្រី អឿង សារី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា អ្នកស្រីមានសិទ្ធិធ្វើតាមបំណងរបស់ខ្លួន ហើយមិនអាចឲ្យគេមកបង្ខំឲ្យផ្ដិតមេដៃ ឬក៏ចុះហត្ថលេខាលើញត្តិថ្កោលទោសបុគ្គលណានោះទេ។ អ្នកស្រីបន្តថា ពេលដែលមន្ត្រីថ្នាក់លើដាក់គំនាបមកលើអ្នកស្រីឲ្យធ្វើនូវរឿងដែលអ្នកស្រីមិនចង់ធ្វើ គឺជាការរំលោភសិទ្ធិរបស់អ្នកស្រី ហើយបំពានមកលើសិទ្ធិពលរដ្ឋទៀត ព្រោះពលរដ្ឋបោះឆ្នោតប្រគល់សិទ្ធិឲ្យអ្នកស្រីរួចហើយ។ អ្នកស្រីបន្ថែមថា បើសូម្បីតែសិទ្ធិរបស់អ្នកស្រីការពារមិនបានផង តើអ្នកស្រីទៅការពារសិទ្ធិរបស់ពលរដ្ឋម្ដេចបាន។
អ្នកស្រី អឿង សារី៖«ក្នុងនាមយើងតំណាងពលរដ្ឋដែលបោះឆ្នោតឲ្យ បើគ្រាន់តែសិទ្ធិខ្លួនឯងការពារប៉ុណ្ណឹង(មិនបាន)តើយើងទៅការពារអីជំនួសប្រជាពលរដ្ឋបាន។ អ៊ីចឹងហើយសារនេះខ្ញុំសូមចេញ ខ្ញុំសូមចែករំលែកទៅដល់ប្រជាពលរដ្ឋ និងជូនទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតថា ការថ្កោលទោសបុគ្គលណាក៏ដោយ គឺគេមានច្បាប់កំណត់រួចហើយ គេមានច្បាប់ចែងរួចហើយ អ្នកណាថ្កោលទោសអ្នកណាចង់ធ្វើអីជេរប្រមាថអី គឺគេមានច្បាប់កំណត់ហើយ គ្រាន់តែដាក់ទៅតុលាការទៅ តុលាការគេចាត់ចែងទៅលើបុគ្គលហ្នឹងទៅហើយហើយ!មិនបាច់ដាក់បន្ទុកមកក្រុមប្រឹក្សាជំទប់»។
ស្រដៀងគ្នានេះដែរ អនុប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល មកពីគណបក្សភ្លើងទៀន លោក លី ម៉េងឃាង ឲ្យដឹងថា លោកអភិបាលរងខេត្តកណ្ដាលលោក ប្រាក់ សារ៉ាត់ បានគំរាមកំហែងជំទប់ទី២ទាំងអស់របស់គណបក្សភ្លើងទៀននៅស្រុកកណ្ដាលស្ទឹង ឲ្យផ្ដិតមេដៃលើញត្តិថ្កោលទោស។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនបានចេញសេចក្ដីប្រកាសថ្កោលទោសបុគ្គលដែលបានប្រមាថព្រះមហាក្សត្រតាមច្បាប់កម្ពុជារួចហើយ មិនចាំបាច់ប្រមូលជំទប់គ្រប់ឃុំមកផ្ដិតមេដៃលើញត្តិនោះទៀតទេ។ លោកថា សាលាស្រុកកណ្ដាលស្ទឹង ធ្វើបែបនេះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរលើសិទ្ធិរបស់ពួកគាត់ ផ្ទុយពីគោលការណ៍ច្បាប់។
លោក លី ម៉េងឃាង៖«ច្បាប់រដ្ឋធម្មនុញ្ញបានចែងថា សិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ មិនអាចអ្នកណារំលោភបាន ហើយមកដល់ថ្ងៃនេះមានទាំងអភិបាលរងខេត្តចុះមកនិយាយ ពិតមែនមិនគំរាមកំហែងចំតួ សម្ដីផ្អែមប៉ុន្តែដូចមានន័យថា បើមានម៉េចៗទៅនោះ លើៗរួចខ្លួនអស់ ហើយអ្នកក្រោមជាប់អស់ហើយ ច្បាស់ជាជាប់អ៊ីចឹងទៅ ចុះនេះមិនគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទេ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលរងខេត្តកណ្ដាល លោក ប្រាក់ សារ៉ាត់ បានទេ នៅថ្ងៃទី២៩ ខែតុលា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន លើកឡើងថា គណបក្សកាន់អំណាចមិនដែលគាបសង្កត់ពលរដ្ឋឲ្យថ្កោលទោសបុគ្គលណាមួយនោះទេ ប៉ុន្តែពលរដ្ឋដែលរស់នៅក្រោមដំបូលកម្ពុជាតែមួយ ត្រូវតែចេញមុខការពារព្រះមហាក្សត្ររបស់ខ្លួន ដែលត្រូវគេប្រមាថ។
លោក សុខ ឥសាន៖«អត់មានយើងបង្គាប់បញ្ជា ឬបង្ខិតបង្ខំទេ យើងដឹងហើយថាព្រះមហាក្សត្រជាតំណាងឲ្យជាតិទាំងមូល អ៊ីចឹងទេរាល់ការប្រមាថកាតទាន ការមើលងាយដល់អង្គព្រះមហាក្សត្រ គឺជាការប្រមាថដល់ជាតិ ម៉ាក់ងើយដល់ជាតិ ហើយយើងទាំងអស់គ្នាហ្នឹងសុទ្ធតែអ្នកក្រោមជាតិហើយ នៅក្នុងជាតិហើយ។ អ៊ីចឹងបើប្រមាថដល់ព្រះមហាក្សត្រមានន័យថាប្រមាថដល់ជាតិ បើប្រមាថដល់ជាតិហើយ គឺប្រមាថចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូល»។
ជុំវិញរឿងនេះដែរ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជាមូលដ្ឋានរបស់ខ្លួន មិនអាចឲ្យគេមកបង្ខំធ្វើរឿងដែលពួកគាត់មិនចង់ធ្វើនោះទេ ជាពិសេសការដែលដាក់គំនាបឲ្យពលរដ្ឋថ្កោលទោសជនណាមួយ ជាការរំលោភលើសិទ្ធិពលរដ្ឋ។ លោកបន្តថា ជម្លោះរវាងថ្នាក់ដឹកនាំកំពូល ហើយទាញព្រះមហាក្សត្រឲ្យពាក់ព័ន្ធនឹងជម្លោះនោះដែរ អ្នកដែលរងគ្រោះពិតប្រាកដគឺជាប្រជាពលរដ្ឋ ហើយធ្វើឲ្យសង្គមកម្ពុជាកាន់តែដុនដាប។
លោក កើត សារ៉ាយ៖«ហើយបើយើងលេងទៅហៅឲ្យផ្ដិតមេដៃ ឲ្យធ្វើបែបនេះបែបនោះ នេះជាការគំរាមកំហែងមួយសុទ្ធសាធ ហើយវាមិនដែលទេក្នុងផ្ទះគេ ហើយយើងចូលទៅផ្ទះគេ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះគេ។ យើងកុំថាឡើយទៅបង្ខំគេឲ្យផ្ដិតមេដៃ ឬក៏ទៅគំរាមកំហែងហៅគេឲ្យផ្ដិតមេដៃ សូម្បីតែចូលទៅរបងផ្ទះគេហ្នឹងត្រូវសុំអនុញ្ញាតពីម្ចាស់ផ្ទះគេដែរ»។
នេះជាថ្ងៃទី៣ហើយ ដែលអភិបាលរងខេត្តកណ្ដាល និងសាលាស្រុកកណ្ដាលស្ទឹង បានហៅជំទប់ទី២ បក្សភ្លើងទៀនចំនួន ៩នាក់ ដោយបង្ខំឲ្យពួកគាត់ផ្ដិតមេដៃលើញត្តិថ្កោលទោសលោក សម រង្ស៊ី។ ក្នុងពេលប្រជុំនោះ ពួកគាត់ បានបដិសេធផ្ដិតមេដៃ ហើយនាំគ្នាដើរចេញពីទីប្រជុំ ហើយពួកគាត់ខកបំណងដែលលោកអភិបាលរង និងសាលាស្រុកយកពេលវេលា ដែលត្រូវបម្រើពលរដ្ឋមកបង្ខំពួកគាត់រឿងផ្ដិតមេដៃទៅវិញ។
គណបក្សភ្លើងទៀន ឱ្យដឹងថា ពេលនេះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សនេះទូទាំងប្រទេស កំពុងរងការគំរាមកំហែង និងការបង្ខិតបង្ខំពីក្រុមអាជ្ញាធរមូលដ្ឋាន បង្គាប់បញ្ជាឱ្យពួកគេចុះហត្ថលេខាលើញត្តិ ថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ ដែលសកម្មភាពនេះ ផ្ទុយពីឆន្ទៈរបស់ក្រុមប្រឹក្សាគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន ដែលមានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ជាងពីរពាន់អាសនៈនៅទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែតុលា បានចេញលិខិតអំពាវនាវទៅក្រុមអាជ្ញាធរឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងការបង្ខិតបង្ខំនេះ ព្រោះជាទង្វើប្រាសចាកពីរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។