សហគមន៍ខ្មែរនៅអូស្រ្តាលី​គ្រោង​ប្រារព្ធ​ខួប​គម្រប់​ពីរ​ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី ថ្ងៃ​ទី៧ ខែ​កក្កដា

0:00 / 0:00

សហគមន៍ខ្មែរនៅអូស្ត្រាលី​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ខួបគំរប់​ពីរឆ្នាំ​​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ក្នុង​ទីធ្លា​វត្ត​ពុទ្ធរង្ស៊ី ​ក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្រ្តាលី។ សហគមន៍​ខ្មែរ​នៅ​អូស្រ្តាលី អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​ពិធី​បុណ្យ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិន​បាន​ភ្លេច​បណ្ឌិត កែម ឡី នោះ​ទេ។

អភិបាលក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា (Victoria) លោក ជា យូហន ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ម្នាក់​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ខួប​ពីរ​ឆ្នាំ​នេះ ឲ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ពិធី​បុណ្យ​នេះ ប្រារព្ធ​តាម​បែប​សាសនា ដោយ​មាន​ពិធី​បង្សុកូល ដើម្បី​ឧទ្ធិកុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។ លោក​ថា ក្រោយ​ចប់​ពិធី​សាសនា គឺ​ជា​ការ​ថ្លែង​សន្ទរកថា របស់​តំណាង​រាស្រ្ត ចៅហ្វាយ​ក្រុង និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ មួយ​ចំនួន​ទៀត។

លោក ជា យូហន ឲ្យ​ដឹង​ទៀត​ថា ភរិយា​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា នឹង​ចាត់ចែង​ថវិកា​មួយ​ភាគ​ធំ​នៃ​ពិធី​នេះ ផ្តល់​ជូន​ដល់​អ្នក​ធ្វើការងារ​ទាក់ទង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នេះ​ជា​បំណង​របស់​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត៖ «យើង​បាន​រួម​មតិ​គ្នា​ថា នឹង​ធ្វើ​បុណ្យ​ខួប​ឆ្នាំ​ទី២ នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី ខ្ញុំ​សម្រាប់​ថា ថវិកា​ដែល​ពី​បុណ្យ​នេះ ក្មួយ ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី គាត់​នឹង​ចែក​មួយ​ភាគ​ធំ​សម្រាប់​បង​ប្អូន ដែល​ធ្វើការ​ទាក់ទង​លទ្ធិ​ប្រជាធិបតេយ្យ តាម​គោល​គំនិត​លោក​បណ្ឌិត កែម ឡី ដែល​អ្នក​ខ្លះ​នៅ​ថៃ អ្នក​ខ្លះ​នៅ​ប្រទេស​កម្ពុជា »

ការប្រារព្វខួបពីរឆ្នាំនៃការបាត់បង់ជីវិត​បណ្ឌិត កែម ឡី ដែល​នឹង​រៀបចំ​ឡើង​នៅ​លើ​ទឹក​ដី​អូស្រ្តាលី​ ជា​ទី​ជម្រក​ថ្មី​របស់​កូន និង​ភរិយា​លោក កែម ឡី ផ្តួចផ្តើម​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ-អូស្រ្តាលី មាន​លោក ហុង លីម ធ្វើ​ជា​ប្រធាន មន្រ្តី​អ្នក​មុខ​អ្នកការ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មាន​ដើម​កំណើត​ខ្មែរ និង​គ្រួសារ​បណ្ឌិត កែម ឡី។

តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិធី​បុណ្យ​នេះ គឺ​ជា​សារ​មួយ​ប្រាប់​របប​លោក ហ៊ុន សែន ពលរដ្ឋ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ថា ពលរដ្ឋ​ខ្មែរ​មិន​បាន​បំភ្លេច​លោក កែម ឡី ដែល​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូមតិ​នោះ​ទេ។ លោក ហុង លីម ក៏​អំពាវ​ឲ្យ​ពលរដ្ឋ​ដែល​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ចូលរួម​ពិធី​បុណ្យ​ឲ្យ​បាន​ច្រើន​កុះករ៖ «ខួប​ឆ្នាំ​ទី២ នេះ គឺ​រឿង​សំខាន់ ដែល​ខ្មែរ​ត្រូវ​ចងចាំ​ក្នុង​បេះដូង និង​ជួយ​ចែក​រំលែក​ក្នុង​ឳកាស​នោះ ដើម្បី​គាំទ្រ​គ្រួសារ​លោក​បណ្ឌិត កែម ឡី ដែល​ពួក​យើង​ទាំង​អស់​គ្នា​បាន​សង់​ទីលំនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ឡើង​វិញ»

អ្នកវិភាគនយោយដ៏ល្បីឈ្មោះ បណ្ឌិត កែម ឡី ត្រូវ​ឃាត​ករបាញ់​សម្លាប់​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កើត​ឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក​បាន​វិភាគ​របាយការណ៍​របស់​អង្គការ Global Witness ស្តីពី​អាណាចក្រ​ជំនួញ​ត្រកូល "ហ៊ុន"។ សុំណុំ​រឿង​នេះ ស្ថិត​ក្នុង​ភាព​អាថ៍កំបាំង​នៅ​ឡើយ បើ​ទោះ​ជា​តុលាការ​ដែល​លម្អៀង​ទៅ​បក្ស​កាន់​អំណាច បាន​កាត់​ទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយ​ក្តី ក៏​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ចំណុច​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ ធ្វើ​អោយ​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។

គម្រោងប្រារព្វបុណ្យខួប​នៅ​ថ្ងៃ​ទី៧ ខែកក្កដា ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ធ្វើ​នេះ គឺ​លើក​ទី២ ហើយ។ ចំណែក​សាច់​ញាតិ​លោក កែម ឡី រួម​មាន ប្អូន​ប្រុស និង​ម្ដាយ​បង្កើត​លោក​បណ្ឌិត កែម ឡី ក៏​មាន​គម្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​រម្លឹក​ខួប ២​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ទីតាំង​តម្កល់​សព ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨ ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។