លោក កឹម សុខា ស្នើ​បក្ស​ដៃគូ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ

0:00 / 0:00

លោក កឹម សុខា ផ្ញើ​សារ​នយោបាយ​ទៅ​គណបក្ស​ដែល​ជា​គូប្រកួត​របស់​ខ្លួន​ឲ្យ​ប្រកួតប្រជែង​ដោយ​ថ្លៃថ្នូរ និង​មិន​ត្រូវ​យក​អំណាច​រដ្ឋ ឬ​ស្ថាប័ន​រដ្ឋ មក​គាប​សង្កត់​គណបក្ស​នយោបាយ​ផ្សេង​ទៀត។ ទោះ​លោក​ថ្លែង​មិន​ចេញ​ឈ្មោះ​គណបក្ស​ក្តី ប៉ុន្តែ​មន្ត្រី​​គណបក្ស​កាន់​អំណាច​ថា លោក កឹម សុខា កំពុង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​កាន់​អំណាច​ថា ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ពេល​នេះ ជា​ការ​បំពុល​បរិយាកាស ព្រោះ​ការ​ថ្លែង​ខុស​ពី​ការ​ពិត។ ប៉ុន្តែ​សង្គម​ស៊ីវិល​ថា ខ្លួន​មាន​របាយការណ៍​ទាក់ទង​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​របស់​គណបក្ស​កាន់​អំណាច។

លោក កឹម សុខា លើក​ឡើង​ថា គេ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត ដូច្នេះ​គេ​នឹង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដោយ​ងាយៗ​ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ការ​អត់ធ្មត់​របស់​ខ្លួន​កាន់​តែ​ខ្លាំង នោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ក៏​កាន់​តែ​ខ្លាំង​ដែរ៖ « ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​យក​គោលការណ៍​អហិង្សា មិន​យក​ខ្មែរ​ណា​មួយ​ជា​សត្រូវ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ដៃគូ​ប្រកួត​នយោបាយ​ទាំងឡាយ សូម​ប្រកួត​ដោយ​ស្មើ​ភាព ថ្លៃថ្នូរ និង​ការ​យក​អំណាច​រដ្ឋ​គាប​សង្កត់​ដៃគូ​ប្រកួត​ប្រជែង»។

​លោក កឹម សុខា លើក​ឡើង​បែប​នេះ ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រមាណ ១.៥០០​នាក់​ចូល​រួម។

ដំណាល​គ្នា​នឹង​លោក កឹម សុខា កំពុង​ថ្លែង​នៅ​ក្នុង​វេទិកា យុវជន​ជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​ស្រលាញ់​យុត្តិធម៌​សង្គម និង​ចង់​ការពិត​ខ្សែ​សំឡេង បន្ត​ទាមទារ​ឲ្យ​លោក កឹម សុខា បក​ស្រាយ​ខ្សែអាត់​សំឡេង។ ប៉ុន្តែ​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​យុវជន ស្រី ចំរើន ត្រូវ​សមត្ថកិច្ច​បំបែក​ឲ្យ​ចេញ​ពី​កន្លែង​នោះ ខណៈ​មាន​ការ​រុញច្រាន​គ្នា​រវាង​ក្រុម​យុវជន​នោះ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​លើក​ឡើង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើ​ទៅ​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ដោយ​ថ្លៃថ្នូរ​បែប​នេះ បន្ទាប់​ពី​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ប្រកាន់​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ បង្ហោះ​យ៉ាង​ព្រោងព្រាត​តាម​សារព័ត៌មាន និង​បណ្ដាញ​សង្គម។ ជាង​នេះ​ទៅ​ទៀត មាន​ស្ថាប័ន​របស់​ជាតិ​ពីរ គឺ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លូកដៃ​ចូល​រឿង​នេះ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា អ្វី​ដែល​លោក កឹម សុខា លើក​ឡើង​នេះ គឺ​សំដៅ​មក​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បដិសេធ​ថា កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រព្រឹត្ត​ដូច​ការ​ទម្លាក់​កំហុស​របស់​លោក កឹម សុខា ទេ៖ « គាត់​ចង់​ចោទ​ទៅ​គណបក្ស​ប្រជាជន​ហើយ ប៉ុន្តែ​គាត់​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​សួរ​ថា កន្លង​ទៅ​គណបក្ស​ប្រជាជន បាន​ប្រើ​អំណាច​អ្វី​ខ្លះ​គាប​សង្កត់​គណបក្ស​គូ​ប្រកួត

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​រក​ឃើញ​ថា គណបក្ស​ប្រជាជន ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​រក​ឃើញ​ថា ការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​អគារ​រដ្ឋ មន្ត្រី​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មក​បម្រើ​ការងារ​គណបក្ស​របស់​ខ្លួន។ លោក​បន្ត​ថា ទង្វើ​បែប​នេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​សកម្មភាព​ខុស​ច្បាប់ និង​ជា​ការ​គាបសង្កត់​ទៅ​គណបក្ស​នយោបាយ​ផ្សេង​ទៀត៖ «កង​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស ទាហាន មន្ត្រី​តុលាការ គាត់​ជា​អ្នក​រក្សា​បរិយាកាស​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ប៉ុន្តែ​សព្វថ្ងៃ​នេះ ស្ថាប័ន​ទាំង​នោះ​ក្លាយ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អស់​ហើយ»។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ គេ​ឃើញ​គណបក្ស​កាន់​អំណាច​កំពុង​ពង្រឹង​ប្រជាប្រិយភាព​របស់​ខ្លួន ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី មាន​ទោស​មិន​អាច​ចូល​ស្រុក​បាន ចំណែក​លោក កឹម សុខា កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទាក់ទង​រឿង​ខ្សែអាត់​សំឡេង។

សន្និបាត​ក្រុមប្រឹក្សា​ជាតិ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា

សន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ទូទាំង​ប្រទេស និង​តំណាង​មក​ពី​ក្រៅ​ប្រទេស​ប្រមាណ ១.៥០០​នាក់​ចូលរួម​នោះ ពួកគេ​នៅ​តែ​គាំទ្រ​ការ​ដឹក​នាំ​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ របស់​ខ្លួន​នៅ​ថ្ងៃ​នេះ សម្រេច​ទិសដៅ និង​គោលដៅ​នយោបាយ​ចំនួន ១២​ចំណុច។ ក្នុង​នោះ​រួម​មាន ការ​គាំទ្រ​គោលដៅ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី បន្ត​វប្បធម៌​សន្ទនា ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ប្រើប្រាស់​យន្តការ​របស់​ខ្លួន​ដែល​ស្រាប់ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ គាំទ្រ​ការ​បង្កើត​ក្រុម​សមាជិក​សភា និង​វិធាន​ផ្ទៃក្នុង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្ដល់​ឱកាស​ទៅ​យុវជន​ជំនាន់​ក្រោយ​ជា​បញ្ញវន្ត ជនជាតិដើម​ភាគតិច និង​ខ្មែរ​ឥស្លាម​ជាដើម ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។