មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក អាង ឧត្ដម ឱ្យដឹងថា សវនាការឧទ្ធរណ៍របស់លោក កឹម សុខា នឹងចប់នៅខែឧសភា ឆ្នាំ២០២៤។ មន្ត្រីសិទ្ធិមនុស្សអង្កេតឃើញថា សំណុំរឿង ដែលមានលក្ខណៈនយោបាយ សាលាឧទ្ធរណ៍កម្រកែសេចក្ដីសម្រេចរបស់សាលាដំបូងណាស់។
សាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ មករា បានបើកសវនាការបណ្ដឹងជំទាស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ និងត្រូវជាប់ឃុំក្នុងផ្ទះ រយៈពេល ២៧ឆ្នាំ បាត់បង់អស់សិទ្ធិសេរីភាព រួមទាំងសិទ្ធិធ្វើនយោបាយ។
សវនាការឧទ្ធរណ៍នៅថ្ងៃនេះ ចូលរួមសង្កេតដោយមន្ត្រីអង្គការសហប្រជាជាតិ (UN) ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតអាមេរិក អូស្ត្រាលី អាល្លីម៉ង់ និងអង្គការលីកាដូ។ ប៉ុន្តែ អាជ្ញាធរបានបិទផ្លូវគ្រប់ច្រក ជុំវិញសាលាឧទ្ធរណ៍ ហើយមិនឱ្យនរណាចូលក្នុងបរិវេណសាលាឧទ្ធរណ៍ និងចូលស្ដាប់សវនាការឡើយ បើគ្មានការអនុញ្ញាត និងប័ណ្ណសម្គាល់ ទោះបីជាការជំនុំជម្រះក្ដីនេះ ជាសវនាការសាធារណៈក៏ដោយ។
ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់បញ្ចប់សវនាការលើកទី១ ដែលសួរថា តើលោកមេធាវីមានយុទ្ធសាស្ត្រយ៉ាងណា ក្នុងការជួយតវ៉ាក្ដីឱ្យលោក កឹម សុខា គឺលោក អាង ឧត្ដម និយាយថា លោកតវ៉ាជំទាស់សាលក្រមរបស់សាលាដំបូង។
លោក អាង ឧត្ដម៖ «តវ៉ា គឺយើងប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងហ្នឹងឯង ដែលសម្រេចក្ដីមិនត្រឹមត្រូវ ផ្អែកលើអង្គហេតុ អង្គច្បាប់ មិនត្រឹមត្រូវប៉ុណ្ណឹង»។
យោងតាមលោក អាង ឧត្ដម សវនាការសំណុំរឿងលោក កឹម សុខា ដែលធ្លាប់ធ្វើចំនួន ៦៦លើក កាលនៅសាលាដំបូងរាជធានីភ្នំពេញនោះ ពេលនេះ បង្រួញមកនៅត្រឹមតែ ៩លើកវិញ នៅសាលាឧទ្ធរណ៍ ដោយ ១ខែធ្វើសវនាការ ២ដង។ ដូច្នេះ សវនាការឧទ្ធរណ៍នេះ នឹងចប់នៅខែឧសភា ឆ្នាំ២០២៤នេះ។
លោក អាងឧត្ដម៖«តុលាការបានកំណត់ហើយ បញ្ជាក់ច្បាស់លាស់ហើយថា សវនាការធ្វើតែ ៩លើកទេ ហើយធ្វើតែមួយព្រឹកៗ ទេ ពីម៉ោង ៨កន្លះដល់ម៉ោង ១១កន្លះ ហើយលើកក្រោយធ្វើថ្ងៃទី៨ ខែកុម្ភៈ ហើយបន្ទាប់មកទៀត ធ្វើ (ថ្ងៃទី) ២២ ខែកុម្ភៈ ហើយតៗ ទៀត មួយខែធ្វើតែ ២ដង គឺជារៀងរាល់ថ្ងៃព្រហស្បតិ៍»។
ក្រៅពីការកំណត់កាលវិភាគចំនួនសវនាការជាបន្តបន្ទាប់ សវនាការសាលាឧទ្ធរណ៍ លើកទី១នេះ លោក មេធាវី អាង ឧត្ដម លើកឡើងថា មានសាច់រឿង ២ទៀត គឺការអានរបាយការណ៍សំណុំរឿងដោយចៅក្រម និងបណ្ដឹងអញ្ញាត្រកម្មផ្ទាល់ មាត់ ទាក់ទងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញត្រង់ចំណុច ៣.១ ដែលហាមមិនឱ្យលោក កឹម សុខា ចេញក្រៅ លុះត្រាតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូង ហើយនិង ចំណុច ៣.២។
លោក អាង ឧត្តម៖ «ទាក់ទងមិនឱ្យឯកឧត្ដម កឹម សុខា ជួបបុគ្គលណា ទោះមានសញ្ជាតិខ្មែរក្ដី បរទេសក្ដី ដោយផ្ទាល់ក៏ដោយ ដោយប្រយោលក៏ដោយ យើងតវ៉ាប្រការហ្នឹង វាប៉ះពាល់ដល់វិជ្ជាជីវៈមេធាវី មេធាវីមិនអាចទទួលយកបានទេ សូមឱ្យតុលាការកែប្រែ បើមិនឱ្យជួបអ្នកដទៃ លើកលែងតែមេធាវី អ៊ីចឹងតុលាការ ចេញទៅសម្រេច ច្រានចោលបណ្ដឹងយើង អត់ទទួលយកទេ ព្រោះគេថា បណ្ដឹងហ្នឹង បណ្ដឹងអង្គសេចក្ដី»។
លោកមេធាវី អាង ឧត្តម ថា លោក កឹម សុខា បានស្នើទៅតុលាការបន្ធូរបន្ថយ កុំឱ្យរឹតត្បិតការឃុំខ្លួនលោកពេក ដែលមិនត្រឹមតែប៉ះពាល់ដល់គាត់ទេ ប៉ុន្តែ ប៉ះពាល់ដល់គ្រួសារ និងអ្នកដែលធ្លាប់នៅជាមួយរាប់ឆ្នាំ ដូចសាច់ញាតិទៅហើយ មិនឱ្យជួយកិច្ចការងារ និងសុខទុក្ខលោកដូចមុនទៀត។ ប៉ុន្តែ ចៅក្រមសាលាឧទ្ធរណ៍លើកឡើងថា មិនអាចកែប្រែសាលក្រមរបស់ សាលាដំបូង បានទេ។
បន្ថែមលើនេះ តុលាការគ្រាន់តែអានសម្ដីរបស់សាក្សី ២រូបទៀត គឺលោក គង់ គាំ និងលោក ឈឹម ផលវរុណ ខណៈអ្នកផ្សេងទៀត គ្រាន់តែលើកឈ្មោះ ប៉ុន្តែ មិនបានអានសម្ដីអ្នកទាំងនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ជុំវិញសំណុំរឿងរបស់លោក កឹម សុខា បានទេនៅថ្ងៃទី៣០ មករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចាប់តាំងពីពេលត្រូវឃុំខ្លួនក្នុងផ្ទះ ព្រោះទោស«ក្បត់ជាតិ» ជាប់ឃុំ ២៧ឆ្នាំតាម សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ មិនាឆ្នាំ២០២៣ មកដល់ ថ្ងៃនេះ មានរយៈ ១១ខែហើយ ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានឱកាសស្គាល់បរិយាកាសខាងក្រៅរបងផ្ទះ រយៈពេលខ្លី ដែលសមត្ថកិច្ចយករថយន្តទៅដឹកលោកដល់ផ្ទះឱ្យទៅចូលរួមសវនាការសាលាឧទ្ធរណ៍ ហើយ លោកបានឮពាក្យស្វាគមន៍ពីអ្នកគាំទ្ររបស់លោក ប្រមាណ ១០០នាក់ នៅខាងក្រៅរបងតុលាការសាលាឧទ្ធរណ៍។
ក្រុមអ្នកគាំទ្រលោក កឹម សុខា ដែលនាំគ្នាប្រមូលផ្ដុំក្បែរសាលាឧទ្ធរណ៍ភ្នំពេញ បានអំពាវនាវឱ្យតុលាការ និង រដ្ឋាភិបាលផ្ដល់សេរីភាពឱ្យលោក កឹម សុខា បើមិនដូច្នោះទេ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ស្រុតខ្លាំង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា តាមការអង្កេតរបស់លោក សំណុំរឿង ដែលមានលក្ខណៈនយោបាយ ជាជាងការអនុវត្តច្បាប់ គឺពិបាកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងសម្រេចខុសពីសាលាដំបូងណាស់ បើមិនមានការសម្របសម្រួលនយោបាយ។
លោក អំ សំអាត៖«ខ្ញុំតែងសង្កេតឃើញទោះបីជាអ្នកនយោបាយក្ដី សកម្មជនសិទ្ធិមនុស្សក្ដី សកម្មជនបរិស្ថានក្ដី បើសាលាដំបូងសម្រេចយ៉ាងណាហើយ សាលាឧទ្ធរណ៍ ឬក៏តុលាការកំពូលកម្រមានការផ្លាស់ប្ដូរណាស់ លើកលែងតែមានបរិបទនយោបាយមួយ ដែលអ្នកនយោបាយ អាចមានការចរចាគ្នា អាចមានការយោគយល់គ្នា អាហ្នឹងអាចមានការដោះលែងឱ្យនៅក្រៅឃុំ ឬការលើកលែងចោទ ឬក៏ការលើកលែងទោសអីជាដើម»។
លោក អំ សំអាត ដែលបានចូលរួមតាមដានសវនាការដែរ លើកឡើងថា ស្ថានការណ៍បែបនេះ អាចមានច្រកចេញតាមផ្លូវនយោបាយ ហើយទៅរួចបាន កាលណាអ្នកនយោបាយទាំងអស់ គិត អំពី ឧត្ដមជាតិ ឯកភាពជាតិ សាមគ្គីជាតិ និងឧត្ដមប្រយោជន៍ពលរដ្ឋជាធំ ហើយជជែករកមធ្យោបាយផ្សះផ្សាគ្នា ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។