លោក កឹម សុខា អះអាងជាថ្មីទៀតថា លោកតែងតែងគិតពីសុខទុក្ខពលរដ្ឋ និងមិនធ្វើអ្វីឱ្យប៉ះពាល់ដល់ប្រទេសជាតិនោះឡើយ។ លោកគូសបញ្ជាក់ថា ទោះជាលោកមិនមានសិទ្ធិធ្វើនយោបាយក្តី ក៏លោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯង ហើយស្វែងរកបុណ្យស័ក្តិលាភសក្ការៈនោះដែរ។ ជាពិសេសលោកប្រកាសថា លោកមិនក្បត់ឆន្ទៈរាស្ត្រ និងមិនបង្កជម្លោះនោះឡើយ។
លោក កឹម សុខា បញ្ចេញសារបែបនេះក្នុងទំព័រហ្វេសប៊ុក (Facebook) នៅព្រឹកថ្ងៃទី១២ ខែឧសភា បន្ទាប់ពីលោកយកជំនួយមនុស្សធម៌ដែលបានមកពីសប្បុរសជនខ្មែរក្នុង និងក្រៅប្រទេស ទៅចែកជូនពលរដ្ឋចំនួន ១០០ គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក កឹម សុខា ថ្លែងទៀតថា លោកធ្វើអ្វីៗដើម្បីខ្មែរ ទាំងការងារការទូត ការទាក់ទងជាមួយមេដឹកនាំខ្មែរនៅក្នុងស្រុក និងការចុះសួរសុខទុក្ខពលរដ្ឋ។ មេបក្សប្រឆាំងដែលត្រូវរបបលោក ហ៊ុន សែន បិទសិទ្ធិធ្វើនយោបាយរូបនេះមានជំនឿថា បើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ ហើយបើមានបញ្ហា ក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរ និងខ្មែរដែរ ទោះបីជាកន្លងទៅ សហគមន៍អន្តរជាតិធ្លាប់ជួយដោះស្រាយក៏ដោយ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១២ ខែឧសភា។ ប៉ុន្តែលោកបានប្រាប់អាស៊ីសេរីនៅពេលថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជាមិនអាចជជែកជាមួយលោក កឹម សុខា បានទេ ព្រោះលោកកំពុងជាប់ក្តីក្តាំនៅតុលាការ។ លោក សុខ ឥសាន បន្ថែមថា ទាល់តែសំណុំរឿងដំណើរការចប់សព្វគ្រប់សិន ទើបអាចនិយាយគ្នាបាន។
ទោះជាយ៉ាងណា តុលាការក្រុងភ្នំពេញបានផ្អាកសវនាការសំណុំរឿងលោក កឹម សុខា រយៈពេលជាងមួយឆ្នាំមកហើយ ទោះជាក្រុមមេធាវីលោក កឹម សុខា បានស្នើសុំជាផ្លូវការជាច្រើនលើក ឱ្យតុលាការបន្តរឿងក្តីនេះយ៉ាងណាក្តី។ តុលាការបានលើកហេតុផលថា សំណុំរឿងនេះ មិនមែនជារឿងក្តីអាទិភាពនោះទេ ព្រោះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំ។ ការដែលតុលាការផ្អឹបទុកសំណុំរឿងនេះ គឺស្របទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចប្រជុំបិទទ្វារគណៈរដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ២០២០ថា លោកចង់ឱ្យសំណុំរឿងនេះដំណើរការនៅក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សាស្ត្រចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សាររបស់លោក កឹម សុខា គ្រាន់តែបញ្ជាក់ពីភាពស្អាតស្អំរបស់គាត់ទៅកាន់អ្នកគាំទ្របក្សប្រឆាំងប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានឥទ្ធិពលអ្វីដល់ការចរចា ឬរឿងក្តីរបស់គាត់នោះឡើយ។ លោកបន្តថា ស្ថានភាពបច្ចុប្បន្ន គណបក្សកាន់អំណាចមានកម្លាំងនយោបាយខ្លាំងជាង ដូច្នេះគេនឹងមិនព្រមចរចានោះទេ ដរាបណាមិនមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិ៖ « ទស្សនៈដែលគាត់លើកឡើងថា ខ្មែរនិងខ្មែរជជែកគ្នា វាជាការពិតហើយ។ ធាតុផ្សំវាត្រូវមានចាំបាច់ហើយ ខ្មែរ និងខ្មែរជជែកគ្នា ប៉ុន្តែបើអត់មានការចូលរួម ការរុញច្រាន និងរួមចំណែកពីអន្តរជាតិទេ អ្នកនយោបាយកម្ពុជាហ្នឹងមិនអាចដោះស្រាយគ្នាបានទេ » ។
ទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណារ៉ា គូសបញ្ជាក់ថា មានសកម្មភាពជាច្រើនដែលលោក កឹម សុខា នៅតែអាចធ្វើបាន ដោយមិនល្មើសនឹងបម្រាមនយោបាយ។ សកម្មភាពទាំងនោះ មានដូចជា ការងារមនុស្សធម៌ ការចេញសារ ឬលិខិតសួរសុខទុក្ខពលរដ្ឋ ការពង្រឹងសាមគ្គីផ្ទៃក្នុងបក្ស និងស្វះស្វែងរកការគាំទ្រពីតំណាងទូតបរទេសជាដើម។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទមេបក្សប្រឆាំងរូបនេះពេញៗមាត់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ ក៏ប៉ុន្តែរយៈពេលជាង ៣ ឆ្នាំមកនេះ ទាំងលោក ហ៊ុន សែន និងតុលាការរបស់លោក មិនបានបង្ហាញភស្តុតាងរឹងមាំដែលគាំទ្រដល់ការចោទប្រកាន់លោក កឹម សុខា នោះឡើយ។ អាជ្ញាធរប្រើតែវីដេអូឃ្លីបមួយដែលលោក កឹម សុខា បានថ្លែងអំពីការតស៊ូរបស់លោកដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់បន្ទុកលោកតែប៉ុណ្ណោះ។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ដើម្បីឱ្យលោកអាចចាប់ផ្តើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។