លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តជួបជាមួយអង្គទូតប្រទេសប្រជាធិបតេយ្យជាហូរហែ ទោះជារដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ផ្ដល់សិទ្ធិនយោបាយដល់រូបលោកវិញក៏ដោយ។
លោក កឹម សុខា ឱ្យដឹងលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៧ មករាថា លោកបានជួបជាមួយឯកអគ្គរាជទូតន័រវេសន៍ប្រចាំប្រទេសថៃ និងកម្ពុជា (Norwegian Ambassador to Thailand and Cambodia) អ្នកស្រី ជើស្ទី អដ៍ស្មែន (Kjersti Rødsmoen) នៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ មករា។ ជំនួបនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការបានបើកសវនាការសំណុំរឿងរបស់លោកឡើងវិញ ក្រោយផ្អឹបទុកជិត ២ឆ្នាំ។ លោកបញ្ជាក់ដោយខ្លីថា ក្នុងជំនួបនោះ ឯកអគ្គរាជទូតន័រវេសន៍បានសាកសួរអំពីដំណើរការសវនាការសំណុំរឿងរបស់លោក។ លោក កឹម សុខា ថ្លែងទៀតថា លោកសូមអរគុណដល់អង្គទូតបរទេស ក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសហការីរបស់លោក ដែលបានតាមដានសង្កេតការណ៍ដោយផ្ទាល់ ឬដោយប្រយោលចំពោះសវនាការសំណុំរឿងរបស់លោកនាពេលកន្លងទៅ និងនៅពេលថ្មីៗ នេះ ទោះបីជាលោកមិនទាន់ទទួលបានយុត្តិធម៌សម្រាប់ខ្លួនឯងក៏ដោយ។
តុលាការក្រុងភ្នំពេញបានលើកយកសំណុំរឿងលោក កឹម សុខា ទាក់ទងនឹងបទក្បត់ជាតិ មកជំនុំជម្រះឡើងវិញចំនួនពីរលើករួចមកហើយ កាលពីថ្ងៃទី១៩ និងទី២៥ មករាថ្មីៗ នេះ។ សវនាការពីរលើកចុងក្រោយនេះបានលេចឡើងនូវចំណុចចម្រូងចម្រាសមួយ គឺតំណាងអយ្យការបានជំរុញឱ្យលោក កឹម សុខា សារភាពទោសកំហុស ដើម្បីឱ្យសំណុំរឿងនេះឆាប់ចប់។ ក្រុមមេធាវីការពារក្ដីចាត់ទុកការលើកឡើងដែលមានចរិតបង្ខំបែបនេះថា ជាការរំលោភសិទ្ធិមនុស្ស ព្រមទាំងរំលោភច្បាប់ជាតិ និងអន្តរជាតិ ព្រោះលោក កឹម សុខា មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ តុលាការគ្រោងបន្តសវនាការរឿងក្ដីនេះនៅថ្ងៃទី២ កុម្ភៈ សប្ដាហ៍ក្រោយទៀត។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផង នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេបន្តទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះ ដើម្បីឱ្យលោកអាចចាប់ផ្ដើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។