មេធាវី​លោក កឹម សុខា ថា ការ​បង្កើត​បក្ស​ថ្មី​មិនមែន​ជា​មធ្យោបាយ​ល្អ​ឡើយ​បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​រួម

ដោយ ម៉ៅ សុធានី
2021-07-02
Share
មេធាវី​លោក កឹម សុខា ថា ការ​បង្កើត​បក្ស​ថ្មី​មិនមែន​ជា​មធ្យោបាយ​ល្អ​ឡើយ​បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​រួម លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
RFA

មេធាវី​លោក កឹម សុខា បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ផ្តាំ​ទៅ​អ្នក​នយោបាយ​ថា ការបង្កើត​បក្ស​ថ្មី​មិនមែន​ដំណើរ​ប្រជាធិបតេយ្យ​ទេ បើសិន​គ្មាន​ដំណោះស្រាយ​នយោបាយ​រួម​នោះ។ អ្នកវិភាគ​ថា ការ​លើក​ឡើង​របស់​មេធាវី​បែបនេះ ទំនងជា​ការ​ជួយ​បញ្ជូន​សារ​នយោបាយ​ជំនួស​ឱ្យ​កូនក្ដី​របស់​ខ្លួន​គឺ​លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​តុលាការ មិន​ឲ្យ​ធ្វើ​នយោបាយ។

ការ​លើក​ឡើង​បែបនេះ របស់​មេធាវី​លោក កឹម សុខា ខណៈ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បើក​បក្ស​ថ្មីៗ​កំពុង​ចុះ​មូលដ្ឋាន​រក​សំឡេងគាំទ្រ​។ លោក​មេធាវី ផែង ហេង សរសេរ​លើ​ហ្វេសប៊ុក​លោក​ថ្ងៃទី​០២ កក្កដា ថា៖ «បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ជាតិ​រួម​ទេ ទោះ​មាន​បក្ស​ច្រើន បក្ស​ល្អៗ​យ៉ាងណា ក៏​មិន​មានន័យ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​ដែរ»

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា រូប​នេះ​ក៏​ស្នើ​ជាថ្មី​ម្ដងទៀត​ទៅ​អ្នក​នយោបាយ​បើក​បក្ស​ថ្មី ហាម​យកឈ្មោះ​លោក កឹម សុខា ទៅ​ប្រើ​។ ជាមួយគ្នា​នេះ លោក​ក៏​ប្រាប់​ទៅ​អ្នកនយោបាយ​មួយ​ក្រុម​ទៀត​ដែល​លោក​ហៅថា អ្នក​ដេក​ចាំ សូមកុំ​វាយប្រហារ​អ្នក​ដើរចេញ ព្រោះ​ទង្វើ​នេះ​មិន​ចំណេញ​នោះ​អ្វី​ទេ។

អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ពី​លោក ផែង ហេង បាន​ទេ​នៅ​ថ្ងៃទី​០២ ខែកក្កដា​។​

ប្រតិកម្ម​របស់​មេធាវី​លោក កឹម សុខា ដូច្នេះ​ខណៈ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក កឹម សុខា ដូចជា លោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន ជាដើម​បាន​ចាក​ចេញពី​លោក កឹម សុខា ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បើក​បក្ស​ថ្មី​ជា​ហូរហែ​។​

អាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​៖ លោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន បានទេ​នៅ​ថ្ងៃទី​០២ កក្កដា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

រី​ឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ យល់ថា អ្វី​ដែល​មេធាវី​លោក កឹម សុខា លើកឡើង​គ្រាន់តែ​ជា​ទស្សនៈ​បុគ្គល។ លោក​យល់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការបង្កើត​បក្ស​តិច ឬ​ច្រើន​គឺជា​រឿង​ធម្មតា ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការបង្កើត​នោះ​ត្រូវ​គោរព​តាមច្បាប់។ «»

ទោះ​យ៉ាងណា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ថា អ្វី​ដែល​មេធាវី​លោក កឹម សុខា លើក​ឡើង​ពេល​នេះ​អាច​ជា​ការ​ជួយ​នាំសារ​លោក កឹម សុខា កំពុង​ជាប់​បម្រាម​តុលាការ​ដែល​ពិបាក​ក្នុង​ការ​ថ្លែង​ពាក់ព័ន្ធ​រឿង​នយោបាយ​។ លោក​បន្ត​ថា អ្វី​ដែល​លោក កឹម សុខា ចង់​បាន​គឺ​ចង់ឱ្យ​អ្នក​គាំទ្រ​ខ្លួន​ដឹង​ថា ការបង្កើត​បក្ស​ថ្មី​នៃ​អតីតមន្ត្រី​បក្ស​ប្រឆាំង​មិនមែន​ជា​ដំណោះស្រាយ​នយោបាយ និង​មិនមែន​ជា​គំនិត​របស់​លោក កឹម សុខា ទេ។ «»

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូលចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​ពេល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា​។ តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បាន​ឃុំខ្លួន​លោក​ជាង ១​ឆ្នាំ និង​បន្ត​ឃុំខ្លួន​ក្នុងផ្ទះ​របស់​លោក​មួយឆ្នាំ​ទៀត​។ ក្រោយ​ពី​មាន​សម្ពាធ និង​ការរិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់​នោះ តុលាការក្រុង​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញពី​កម្ពុជា​ឡើយ ហើយក៏​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដែរ។

នៅពេល​លោក កឹម សុខា កំពុង​រក​ការចោទប្រកាន់​បែបនេះ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​នាក់​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម​មន្ត្រី​ទាំង​១១៨​នាក់​ដែល​ជាប់​បម្រាម​បើ​ទោះ​តុលាការ​មិន​ទាន់​រក​ឃើញ​ថា លោក កឹម សុខា មាន​ទោស​ឬ​គ្មាន​ទោស​ក្ដី។ បក្ស​ថ្មី​ទាំងនោះ​រួមមាន​៖ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​ខ្មែរ​អភិរក្សនិយម ជាដើម​។ ចំណែក​ស្លាក​សញ្ញា​ទៀតសោត​ក៏​ប្រហាក់ប្រហែល​និង​រូប​សញ្ញា​គណបក្ស​សង្គ្រោះជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល