មេធាវីលោក កឹម សុខា បង្ហោះសារលើបណ្ដាញសង្គម ផ្តាំទៅអ្នកនយោបាយថា ការបង្កើតបក្សថ្មីមិនមែនដំណើរប្រជាធិបតេយ្យទេ បើសិនគ្មានដំណោះស្រាយនយោបាយរួមនោះ។ អ្នកវិភាគថា ការលើកឡើងរបស់មេធាវីបែបនេះ ទំនងជាការជួយបញ្ជូនសារនយោបាយជំនួសឱ្យកូនក្ដីរបស់ខ្លួនគឺលោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការ មិនឲ្យធ្វើនយោបាយ។
ការលើកឡើងបែបនេះ របស់មេធាវីលោក កឹម សុខា ខណៈអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានបើកបក្សថ្មីៗកំពុងចុះមូលដ្ឋានរកសំឡេងគាំទ្រ។ លោកមេធាវី ផែង ហេង សរសេរលើហ្វេសប៊ុកលោកថ្ងៃទី០២ កក្កដា ថា៖ «បើគ្មានដំណោះស្រាយនយោបាយជាតិរួមទេ ទោះមានបក្សច្រើន បក្សល្អៗយ៉ាងណា ក៏មិនមានន័យសម្រាប់ដំណើរការប្រជាធិបតេយ្យដែរ»។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា រូបនេះក៏ស្នើជាថ្មីម្ដងទៀតទៅអ្នកនយោបាយបើកបក្សថ្មី ហាមយកឈ្មោះលោក កឹម សុខា ទៅប្រើ។ ជាមួយគ្នានេះ លោកក៏ប្រាប់ទៅអ្នកនយោបាយមួយក្រុមទៀតដែលលោកហៅថា អ្នកដេកចាំ សូមកុំវាយប្រហារអ្នកដើរចេញ ព្រោះទង្វើនេះមិនចំណេញនោះអ្វីទេ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីលោក ផែង ហេង បានទេនៅថ្ងៃទី០២ ខែកក្កដា។
ប្រតិកម្មរបស់មេធាវីលោក កឹម សុខា ដូច្នេះខណៈអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតលោក កឹម សុខា ដូចជា លោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ និងលោក អ៊ូ ច័ន្ទរ័ត្ន ជាដើមបានចាកចេញពីលោក កឹម សុខា ទៅសុំសិទ្ធិធ្វើនយោបាយ និងបើកបក្សថ្មីជាហូរហែ។
អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រួមមាន៖ លោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ និងលោក អ៊ូ ច័ន្ទរ័ត្ន បានទេនៅថ្ងៃទី០២ កក្កដា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ យល់ថា អ្វីដែលមេធាវីលោក កឹម សុខា លើកឡើងគ្រាន់តែជាទស្សនៈបុគ្គល។ លោកយល់ថា ក្នុងសង្គមប្រជាធិបតេយ្យការបង្កើតបក្សតិច ឬច្រើនគឺជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់គឺការបង្កើតនោះត្រូវគោរពតាមច្បាប់។ «»
ទោះយ៉ាងណាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា អ្វីដែលមេធាវីលោក កឹម សុខា លើកឡើងពេលនេះអាចជាការជួយនាំសារលោក កឹម សុខា កំពុងជាប់បម្រាមតុលាការដែលពិបាកក្នុងការថ្លែងពាក់ព័ន្ធរឿងនយោបាយ។ លោកបន្តថា អ្វីដែលលោក កឹម សុខា ចង់បានគឺចង់ឱ្យអ្នកគាំទ្រខ្លួនដឹងថា ការបង្កើតបក្សថ្មីនៃអតីតមន្ត្រីបក្សប្រឆាំងមិនមែនជាដំណោះស្រាយនយោបាយ និងមិនមែនជាគំនិតរបស់លោក កឹម សុខា ទេ។ «»
លោក កឹម សុខា ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ តុលាការបានចោទប្រកាន់លោកពីបទ ត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបានឃុំខ្លួនលោកជាង ១ឆ្នាំ និងបន្តឃុំខ្លួនក្នុងផ្ទះរបស់លោកមួយឆ្នាំទៀត។ ក្រោយពីមានសម្ពាធ និងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិជាបន្តបន្ទាប់នោះ តុលាការក្រុងភ្នំពេញ បានអនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជាឡើយ ហើយក៏មិនឲ្យលោកធ្វើសកម្មភាពនយោបាយដែរ។
នៅពេលលោក កឹម សុខា កំពុងរកការចោទប្រកាន់បែបនេះអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង២០នាក់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រីទាំង១១៨នាក់ដែលជាប់បម្រាមបើទោះតុលាការមិនទាន់រកឃើញថា លោក កឹម សុខា មានទោសឬគ្មានទោសក្ដី។ បក្សថ្មីទាំងនោះរួមមាន៖ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សបេះដូងជាតិ និងគណបក្សខ្មែរអភិរក្សនិយម ជាដើម។ ចំណែកស្លាកសញ្ញាទៀតសោតក៏ប្រហាក់ប្រហែលនិងរូបសញ្ញាគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។