មេធាវីការពារក្តីលោក កឹម សុខា គឺលោក ចាន់ ចេន បានសរសេរលើហ្វេសប៊ុក ចោទសួរទៅអ្នករិះគន់លោក កឹម សុខា ថា ពួកគេធ្វើអ្វីមិនបានមួយចំណិតលោក កឹម សុខា នោះទេ ទោះបីខ្លួនមានសេរីភាពជាងលោក កឹម សុខា ក្ដី។ លោកបានចោទប្រកាន់ថា អ្នកនយោបាយទុច្ចរិត ៣ក្រុម កំពុងព្យាយាមទម្លាក់ប្រជាប្រិយភាពលោក កឹម សុខា។ លោកមេធាវី ចាន់ ចេន រៀបរាប់ថា ក្រុមទី១តាមដានលោក កឹម សុខា ស្ទើរតែគ្រប់ជំហាននិងគំរាមថា ប្រយត្ន័ហួសបន្ទាត់ក្រហម ដែលជាប់បម្រាមតុលាការ។ ក្រុមទី២ស្រែកពីក្រៅថា លោក កឹម សុខា នៅសម្ងំស្ងៀមមិនព្រមចេញមកធ្វើសកម្មភាពជួយសកម្មជនដែលកំពុងជាប់ពន្ធនាគារ និង ក្រុមទី៣ចោទលោក កឹម សុខា ថាមិនគិតធ្វើអីទៀត សម្ងំដេកសង្ឃឹមសហគមន៍អន្តរជាតិ គ្មានសកម្មភាព មិនចាត់តាំងអ្នកនេះអ្នកនោះឱ្យទៅបង្កើតគណបក្សថ្មី មិនរៀបចំបណ្តាញឱ្យទាន់ការបោះឆ្នោតឆ្នាំ២០២២-ឆ្នាំ២០២៣។
ទាក់ទងការលើកឡើងរបស់មេធាវីលោក កឹម សុខា បែបនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក ចាន់ ចេន ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី១៩ ខែមីនា។
ទោះយ៉ាងណា មន្រ្តីជំនិតលោក កឹម សុខា ម្នាក់គឺលោក មាជ សុវណ្ណារ៉ា ប្រាប់អាស៊ីសេរីថា នេះជាទស្សនៈមេធាវីប៉ុណ្ណោះ ដែលមិនមែនជាការឆ្លុះបញ្ចាំងពីគំនិតលោក កឹម សុខា ឡើយ។ លោកអះអាងទៀតថា ត្បិតលោក កឹម សុខា ត្រូវបាត់បង់សេរីភាពផ្នែកនយោបាយក្ដី ប៉ុន្តែលោកកំពុងព្យាយាមរកដំណោះស្រាយនយោបាយបែបត្រជាក់ជាមួយគណបក្សកាន់អំណាចដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។ លោកស្នើទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឱ្យមានការអត់ធ្មត់ ដោយលោកយល់ថា ដំណោះស្រាយបែបនេះត្រូវការពេលវេលាយូរបន្តិចហើយ៖ «អ្វីដែលយើងចង់បានធ្វើថ្ងៃនេះថ្ងៃស្អែកយើងអត់អាចគិតឃើញចឹងទេ សរុបមកវិញការធ្វើការនយោបាយលោក កឹម សុខា ត្រជាក់ប៉ុន្តែមានពេលវេលាយូរអង្វែងសម្រាប់រកដំណោះស្រាយមួយដែលអាចថា ចប់ទៅមានការជឿជាក់គ្នា » ។
លោក មាជ សុវណ្ណារ៉ា ឱ្យដឹងទៀតថា មួយរយៈនេះលោក កឹម សុខា មិនសូវបានជួបផ្ទាល់ជាមួយបណ្តាអង្គទូតព្រោះតែវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែលោក កឹម សុខា នៅជួបជជែកជាមួយអ្នកទាំងនោះតាមបណ្ដាញទំនាក់ទងសង្គមដដែលទេ។
លោក កឹម សុខា ដែលត្រូវតុលាការចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែមកដល់ពេលនេះតុលាការមិនទាន់បញ្ចាប់ការជំនុំជម្រះក្ដីនៅឡើយទេ។ តុលាការបានហាមឃាត់លោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ និងធ្វើដំណើរចេញក្រៅប្រទេសបានឡើយ។
អ្នកវិភាគ ជំរុញទៅប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា គួរធ្វើសកម្មភាពបន្ថែមដើម្បីឱ្យមានដំណោះស្រាយនយោបាយ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា សង្កេតឃើញថា សកម្មភាពលោក កឹម សុខា ហាក់បីដូចស្ងាត់ស្ងៀមបើធៀបនឹងនយោបាយការបរទេសលោក សម រង្ស៊ី ហើយលោក សម រង្ស៊ី ក៏កំពុងទទួលបានផលខ្លះៗហើយដែរ។ សភាអឺរ៉ុបដែលពីសប្តាហ៍មុនបានធ្វើសេចក្តីសម្រេចទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលសាលក្រមផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោលប្រកាន់មេបក្សប្រឆាំង និងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
ជុំវិញការលើកឡើងរបស់មេធាវីលោក កឹម សុខា នេះដែរ លោក ឯម សុវណ្ណរ៉ា យល់ថា ការលើកឡើងនេះអាចជាគំនិតមួយរបស់លោក កឹម សុខា ចង់រក្សាកម្លាំងនិងកិត្តិនាមកុំឱ្យបែកបាក់៖ «ការលើកឡើងនេះគ្រាន់តែជាការលើកឡើងឱ្យមានការគិតទេឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រគាត់ ( លោក កឹម សុខា ) ពីមុនមកក៏មិនសូវទាក់ទាញអីដែរណាមួយសកម្មភាពស្ងាត់អត់ដូចលោក សម រង្ស៊ី គាត់ធ្វើសកម្មភាពរហូត » ។
នេះជាលើកទី២ហើយដែលមេធាវីលោក កឹម សុខា បញ្ចេញប្រតិកម្មការពារប្រជាប្រិយភាពលោក កឹម សុខា។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមមេធាវីបានរួមគ្នាចេញលិខិតមួយប្រាប់អ្នកទៅអ្នកនយោបាយដែលចេញទៅបង្កើតបក្សថ្មីថាកុំយកឈ្មោះលោក កឹម សុខា ទៅជាប់ពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។